Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឧបករណ៍ឆក់ត្រី៣២គ្រឿង វ៉ៃខ្នោះអ្នកលក់

ចាប់ឧបករណ៍ឆក់ត្រី៣២គ្រឿង វ៉ៃខ្នោះអ្នកលក់

ខេត្តក្រចេះ ៖ សមត្ថកិច្ចជំនាញខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់ត្រី មួយកន្លែង ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបនេះ បានធ្វើឡើង កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល។ម្ចាស់ទីតាំងផលិតនិងលក់ឧបករណ៍ឆក់ត្រីខុសច្បាប់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសៀង សៀក ត្រាយ ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា លទ្ធផលនៃការចុះបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការរឹបអូសបាននូវវត្ថុតាង រួមមាន អាំងវែរទ័រ ឆក់ត្រីប្រភេទស្រូប និងក្តៅ នាំចូលពីប្រទេសចិន ចំនួន២២គ្រឿង អាំងវែរទ័រកែច្នៃ (ឆក់ក្តៅ) ចំនួន១៥គ្រឿង ប្រអប់ឈើសម្រាប់កែច្នៃអាំងវែរទ័រឆក់ត្រី ចំនួន២៨០ប្រអប់។

ក្រៅពីរឹបអូសវត្ថុតាងទាំងអស់ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងលក់ឧបករណ៍ឆក់ខុសច្បាប់ ដើម្បីកសាងសំណុំឯកសារបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថា ការបង្ក្រាបនេះធ្វើឡើង ដោយសមត្ថកិច្ចជំនាញអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយនគរបាលខេត្ត ដឹកនាំសម្របសម្រួលដោយលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងដោយមានការចូលរួមពីលោកសាម ណាល់ អភិបាល ស្រុកស្នួល នគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ៕

RELATED ARTICLES