Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះកង់បី ដើរលួចម៉ូតូ ជាប់ខ្នោះ២

ជិះកង់បី ដើរលួចម៉ូតូ ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ បានជិះម៉ូតូកង់បី ១គ្រឿង ដឹកគ្នាដើរធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចគេចខ្លួនបាន២ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ២នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ D01 ផ្លូវបេតុង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ រហូតមកដល់វេលាម៉ោង ៦ព្រលប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ចំណែកបក្សពួកម្នាក់ទៀតបានគេចខ្លួនបាត់។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះផេង សុខជួង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានលំនៅ កន្លែងកើតហេតុ។ ចំណែកជនសង្ស័យ មានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះធួន ប៊ុនទី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ជាអ្នកបើកកង់បី (ឃាត់ខ្លួន)។ ទី២-ឈ្មោះហៃ ស្រីនាង ហៅស្រីពេជ្រ ភេទស្រី មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានសារធាតុញៀន (ឃាត់ខ្លួន) និងទី៣-ឈ្មោះឡាយ ភេទប្រុស អាយុប្រហែល២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ជាជនដៃដល់ (គេចខ្លួនបាត់)។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចតម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរី ឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-1242 នៅចំហៀងផ្ទះ ចំណែកជនសង្ស័យទាំង៣នាក់ បានជិះម៉ូតូកង់បី ១គ្រឿង ក្នុងគោលបំណង ចេញលួចម៉ូតូ ពេលមកដល់កន្លែងកើត ហេតុឃើញម៉ូតូជនរងគ្រោះចតនៅចំហៀងផ្ទះ ក៏ចុះពីលើម៉ូតូកង់បី មកធ្វើសកម្មភាពកាច់ក លួចយកទៅបាត់តែម្តង។ ក្រោយ មកជនរងគ្រោះមកដាក់ពាក្យបណ្តឹងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតដល់ម៉ោង ៦ព្រលប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមនិងមធ្យោបាយ យកមកប៉ុស្តិ៍ដើម្បីសាកសួរ។

សម្ភារៈដកហូត រួមមាន ១-ម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-0562 (ជាមធ្យោបាយធ្វើសកម្មភាព)។ ២-ដាវ ចំនួន១ដើម។ ៣-ដំបងឆក់ ចំនួន១ដើម។ ៤-ដំបងរលាស់ ចំនួន១ដើម។ ៥-ដែកលួសកែច្នៃចុងស្រួច មួយកំណាត់ សម្រាប់ឆ្កឹះសោ។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងបន្តស្វែងរកបក្ខពួកនៅសេសសល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES