Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចដោះគ្រឿងអេស្កាវ៉ាទ័រ ដឹកទៅលក់ ជាប់ខ្នោះ៣

លួចដោះគ្រឿងអេស្កាវ៉ាទ័រ ដឹកទៅលក់ ជាប់ខ្នោះ៣

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ចំនួន៣នាក់ បានធ្វើសកម្មភាពលួចដោះយកគ្រឿងអេស្ការវ៉ាទ័រ ដឹកតាមរ៉ឺម៉កសណ្តោង បម្រុងយកទៅលក់អេតចាយ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនបានភ្លាមៗ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវមន្ត្រីអាវុធហត្ថ ចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផល វិចិត្រ អាយុ៣៥ឆ្នាំ ទី២-ឈ្មោះឈីវ ភិរ័ត្ន អាយុ៣៥ឆ្នាំ និងទី៣-ឈ្មោះថន ស៊ីវហេង អាយុ១៧ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ ប្រកបរបរដើរប្រព្រឹត្តអំពើរចោរកម្ម។

តាមប្រភពមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់ខាងលើ បានធ្វើសកម្មភាពលួចដោះយកគ្រឿងមួយចំនួន ចេញពីគ្រឿងចក្រ (អេស្ការវ៉ាទ័រ) ដែលម្ចាស់ទុកនៅចំណុចខាងលើ ដើម្បីជួសជុល។ ហេតុការណ៍នេះ បានកើតឡើង មុនពេលកម្លាំងជំនាញចុះឃាត់ខ្លួន ប្រហែលមួយម៉ោង ក្រោយទទូលបានសេចក្តីរាយការណ៍ពីម្ចាស់គ្រឿងចក្រ ដោយពេលចុះឃាត់ខ្លួននោះ ក្រុមជនសង្ស័យ កំពុងរៀបចំដឹកវត្ថុតាងដែលពួកគេលួចបាន ចេញពីកន្លែងកើតហេតុ យកទៅលក់នៅកន្លែងទិញអេតចាយ។

វត្ថុតាងដែលត្រូវបានដកហូត រួមមាន ម៉ូតូ ១គ្រឿង មានសណ្តោងរ៉ឺម៉ក អាគុយ ចំនួន២គ្រាប់កម្លាំង១៥០អំពែ ស្នប់បាញ់ខ្លាញ់គោ ចំនួន១ ច្រវាក់ ១ខ្សែ កន្ត្រៃកាត់ដែក ចំនួន២ ធ្មេញអេស្ការទ័រ ចំនួន៤គ្រាប់ ទុយោអេស្ការទ័រ ចំនួន១ខ្សែ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

សមត្ថកិច្ច បានឱ្យដឹងថា តាមចម្លើយសារភាព ក្រុមនេះមានប្រវត្តិប្រព្រឹត្តអំពើចោរកម្មច្រើនលើកណាស់ ពោលគឺពួកគេដើរជួបអ្វីលួចហ្នឹង ឱ្យតែលក់បានលុយ គឺលួចទាំងអស់។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES