Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំទៅដេកផ្ទះមិត្តភក្តិ បាត់ខ្លួន ម៉ែប្តឹងប៉ូលិស

កូនក្រមុំទៅដេកផ្ទះមិត្តភក្តិ បាត់ខ្លួន ម៉ែប្តឹងប៉ូលិស

ខេត្តសៀមរាប ៖ យុវតីម្នាក់ បានទូរស័ព្ទប្រាប់ក្រុមគ្រួសារថា “សុំដេកនៅផ្ទះមិត្តភក្តិ ១យប់” លុះរំលងបាន២-៣ថ្ងៃ នៅតែទាក់ទងទៅម្តាយជាធម្មតា តែមិនទាន់ត្រឡប់ទៅផ្ទះវិញ ស្រាប់តែក្រោយមក បាត់ដំណឹងឈឹង ទូរស័ព្ទក៏មិនចូល តាមទៅរកដល់ផ្ទះមិត្តភក្តិ ក៏មិនឃើញ ទើបធ្វើឱ្យក្រុមគ្រួសារភ័យ ប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច។

យុវតីដែលបាត់ខ្លួន មានឈ្មោះអៀង ចំណាន អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី 12E នៃវិទ្យាល័យអង្គរ មានលំនៅ ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមប្រភពក្រុមគ្រួសារយុវតីខាងលើ បានឱ្យដឹងថា  នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ យុវតីខាងលើ បានឆាតតាមហ្វេសប៊ុកដោយប្រាប់ថា “សុំទៅគេងនៅផ្ទះមិត្តភក្តិ”។ ហើយក្រុមគ្រួសារក៏យល់ព្រម ព្រោះកន្លងមក នាងក៏ធ្លាប់សុំទៅគេងផ្ទះមិត្តភក្តិបែបនេះដែរ។ លុះ២ថ្ងៃបន្ទាប់ នាងនៅទាក់ទងមកម្តាយជាធម្មតាទេ គ្រាន់តែមិនទាន់ត្រឡប់មកផ្ទះវិញទេ។ រហូតមកដល់ យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ស្រាប់តែគ្រួសារទាក់ទងនាងលែងបាន ទើបកើតមានការភ្ញាក់ផ្អើលនាំគ្នាតាមស្វែងរកដល់ផ្ទះមិត្តភក្តិ តែគេប្រាប់ថា មិនបានឃើញនាងទេ។

ប្រភពដដែល បន្តថា បន្ទាប់មក ក្រុមគ្រួសារ បានតាមរកកូនស្រី ដល់ក្នុងសាលា ដោយបានសាកសួរទាំង នាយកសាលា គ្រូបង្រៀន រួមទាំងមិត្តរួមថ្នាក់នាងទៀត តែមិនមានអ្នកណាម្នាក់បានដឹងពីដំណឹងរបស់នាងឡើយ ដោយគ្រាន់តែប្រាប់ថា មិនបានឃើញនាងមករៀនចំនួន ៣ថ្ងៃមកហើយ ហើយនាងក៏មិនបានទាក់ទងឱ្យដំណឹងអ្វីដែរ ជាហេតុធ្វើឱ្យក្រុមគ្រួសារ ពិសេសម្តាយ កំពុងមានការព្រួយបារម្ភពីសុខទុក្ខ និងសុវត្ថិភាពកូន ស្រីយ៉ាងខ្លាំង និងបានប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចផងដែរ។

ជាមួយនេះ ក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ 096 445 5551 ៕

RELATED ARTICLES