ភ្នំពេញ ៖ បុរសវ័យចំណាស់ ម្នាក់បានបើករថយន្ត ១គ្រឿង ដឹកប្រពន្ធដែលមានជំងឺ ចេញពីមន្ទីរពេទ្យ បំណង ត្រឡប់ទៅផ្ទះវិញ លុះពេលធ្វើដំណើរតាមផ្លូវ ស្រាប់តែអាការជំងឺប្រពន្ធរើឡើងភ្លាមៗ ធ្វើឱ្យបុរសជាប្តីភ័យស្លន់ ភ្លេចគិតថាខ្លួនកំពុងបើករថយន្ត ស្រវាចាប់ទាញលើកប្រពន្ធ ធ្វើឱ្យរថយន្តរេចង្កូតទៅបុករះម៉ូតូ ១គ្រឿង និងរទេះលក់ប្រហិតចៀន ១គ្រឿង បណ្តាលឱ្យស្ត្រីជាអ្នកជិះម៉ូតូ រងរបួស បាក់ភ្លៅ ចំណែកបុរសជាអ្នកលក់ប្រហិត ត្រូវខ្លាញ់បំពងប្រហិត រលាកពេញខ្លួន រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣៥ នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បានបើករថ យន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2BE-2418 ធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ដឹកប្រពន្ធដែលមានជំងឺ ចេញពីមន្ទីរពេទ្យ គោលបំណងត្រឡប់ទៅផ្ទះ នៅក្នុងបុរីពិភពថ្មី ឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែអាការជំងឺប្រពន្ធរបស់គាត់បានធ្វើទុក្ខខ្លាំង ជាហេតុធ្វើឱ្យបុរសខាងលើ ភ័យស្លន់ខ្លាំងពេក ភ្លេចថាខ្លួនកំពុងតែបើកបររថយន្ត ក៏ស្រវាឈោងចាប់ទាញលើកប្រពន្ធ ជាហេតុធ្វើឱ្យរថយន្តរេចង្កូតទៅបុកស្ត្រីម្នាក់កំពុងជិះម៉ូតម៉ាកធូដេ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីអ្នកជិះម៉ូតូ រងរបួសធ្ងន់ បាក់ភ្លៅ។ ចំណែករថយន្ត នៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូសណ្តោងរទេះលក់ប្រហិតចៀន ភ្លៅមាន់ និងស្លាបមាន់បំពង ១គ្រឿងទៀត ដែលកំពុងចតលក់ នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យបុរសជាអ្នកលក់ រលាកខ្លាញ់ពេញខ្លួន រងរបួសធ្ងន់ថែមម្នាក់ទៀត។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកបុរសចំណាស់ជាអ្នកបើកបរ បានសុំការអនុញ្ញាតពីសមត្ថកិច្ច ដឹកបញ្ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យសិន និងសន្យាចូលខ្លួនធ្វើការដោះស្រាយជាមួយភាគីរងគ្រោះ នៅពេលក្រោយ៕