Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាយាយ៩នាក់ ព័ទ្ធវង់លេងបៀ ប៉ូលិសចាប់

តាយាយ៩នាក់ ព័ទ្ធវង់លេងបៀ ប៉ូលិសចាប់

ខេត្តបាត់ដំបង ៖ បុរសស្ត្រីវ័យចំណាស់ ១ក្រុមធំ កំពុងប្រមូលផ្តុំជុំជើងគ្នាសម្ងំលេងល្បែងស៊ីសង (បៀ) ត្រូវកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនបានសរុបចំនួន ៩នាក់ ។

សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរ បាលយុត្តិធម៌ រួមជាមួយក្រុមអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកនរិន្ទ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀ) ១លើក នៅចំណុចភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។

ប្រភពដដែល បន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៩នាក់ រួមមាន ទី១-ឈ្មោះសាំង រិត ភេទស្រី អាយុ៥៧ឆ្នាំ។ ទី២-ឈ្មោះជៀវ ស្រិល ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ (ជាប្តីប្រពន្ធម្ចាស់ទីតាំង)។ ៣-ឈ្មោះហ៊ុត វេត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ទី៤-ឈ្មោះសឿប ស័រ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ទី៥-ឈ្មោះឌី ចាន់ធី ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ទី៦-ឈ្មោះអត បូ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ទី៧-ឈ្មោះអុន យ៉េត ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ទី៨-ឈ្មោះជា គឿត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងទី៩-ឈ្មោះអ៊ុយ ឆយ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។

ចំណែកវត្ថុតាងដកហូតបាន រួមមាន សន្លឹកបៀ ចំនួន៥ហ៊ូ។ ប្រាក់ ចំនួន ២២០០០រៀល។ ឈើសម្រាប់កាវបៀ ចំនួន១០ដើម  និងកម្រាល ចំនួន២។

ក្រោយនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

RELATED ARTICLES