Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម តុលាការកាត់ទោសដាក់គុក២ឆ្នាំកន្លះ រត់គេច២ឆ្នាំ ទើបប៉េអឹមចាប់បាន

 តុលាការកាត់ទោសដាក់គុក២ឆ្នាំកន្លះ រត់គេច២ឆ្នាំ ទើបប៉េអឹមចាប់បាន

ខេត្តបាត់ដំបង ៖  ស្ត្រីម្នាក់ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាត់ក្តីកំបាំងមុខ សម្រេចផ្តន្ទាទោស រយៈពេល២ឆ្នាំកន្លះ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន តែស្ត្រីជាប់ចោទ បានព្យាយាមរត់គេចខ្លួន អស់រយៈពេល២ឆ្នាំ ទើបលបវិញត្រឡប់ចូលស្រុកវិញ ក៏ត្រូវកម្លាំងជំនាញអាវុធហត្ថ ចាប់វាយខ្នោះ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ស្ត្រីម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ ខ្លួន កាលពីព្រឹកថ្ងៃទី០៤ មីនា នៅភូមិបឹងរាំង ឃុំដូង ស្រុកកំរៀង តាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន របស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្ត ដែលបានកាត់ក្តីកំបាំងមុខ សម្រេចផ្តន្ទាទោសពិរុទ្ធជនរូបនេះ រយៈពេល២ឆ្នាំ និង៦ខែ ពីបទជូញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ពិរុទ្ធជនដែលត្រូវបានចាប់ខ្លួន មានឈ្មោះសួង អូន ភេទស្រី អាយុ៤៦ឆ្នាំ មានលំនៅ ភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង។ ជននេះត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន ពីបទជូញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលត្រូវចៅក្រមជំនុំជម្រះកំបាំងមុខ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល២ឆ្នាំ និង៦ខែ គិតចាប់ពីថ្ងៃចាប់ខ្លួនបាន។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន លេខ៥៥៤ តព្រ ចុះថ្ងៃទី០៦ កញ្ញា ឆ្នាំ២០២២ របស់លោកគឹម ហេង ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ពិរុទ្ធជនឈ្មោះសួង អូន ត្រូវបានអយ្យការអមសាលាដំបូងខេត្ត ចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង។

សមត្ថកិច្ចបានរំលឹកថា សមត្ថកិច្ចបានចុះបង្ក្រាបក្រុមបក្ខពួកស្ត្រីរូបនេះ ពេលកំពុងប្រព្រឹត្តបទល្មើសគ្រឿង ញៀន តែស្ត្រីឈ្មោះសួង អូន នេះ បានរត់គេចខ្លួនរហូតមកដល់ពេលនេះ។ ស្ត្រីរូបនេះ បង្ហាញមុខ ទើបត្រូវចាប់ខ្លួនតាមដីកាតុលាការ ដែលមានក្នុងដៃស្រាប់តែម្តង។ ស្ត្រីខាងលើ ត្រូវបានចៅក្រមជំនុំជម្រះ កាត់ក្តីកំបាំងមុខ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល២ឆ្នាំនិង៦ខែ គិតចាប់ពីថ្ងៃចាប់ខ្លួន។

ក្រោយឃាត់ខ្លួន មន្ត្រីជំនាញបាននាំខ្លួនពិរុទ្ធជននេះ ទៅប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES