ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកសេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ លោកម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ ចុះត្រួតពិនិត្យទម្ងន់យានយន្តនៅក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង និងស្រុកវាល វែង ខេត្តពោធិ៍សាត់ សរុបបានចំនួន៥គ្រឿង ក្នុងនោះដោយមានរថយន្ត ៣គ្រឿង លើសទម្ងន់កម្រិតកំណត់។
ក្នុងចំណោមរថយន្តទាំង៣គ្រឿង មានរថយន្ត២គ្រឿង ត្រូវពិន័យនិងឃាត់ទុក១ឆ្នាំ ដែលឃាត់បាននៅស្រុកបាណន់ ខេត្តបាត់ដំបង និងរថយន្ត ១គ្រឿងទៀត ត្រូវបានពិន័យនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
រថយន្តល្មើសទាំង២គ្រឿងខាងលើ បានដឹកលើស ២០ភាគរយ នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុក រយៈពេល១ឆ្នាំ ដោយ អនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្តីជូនដំណឹង លេខ០៤៩ សជណ សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ទន្ទឹមនឹងនេះ ក្រសួង សូមស្នើដោយទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ។
ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្ត ធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្តីជូនដំណឹងខាង លើ យ៉ាងតឹងបំផុត ដោយគ្មានការលើកលែងឡើយ៕