Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន៦នាក់ ជួញថ្នាំញៀនជិត១តោន តុលាការពន្យារពេលប្រកាសសាលក្រម

ចិន៦នាក់ ជួញថ្នាំញៀនជិត១តោន តុលាការពន្យារពេលប្រកាសសាលក្រម

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានលើកយកសំណុំរឿងជនជាតិចិន តៃវ៉ាន់ ៦នាក់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រមាណ៧៨០គីឡូក្រាម ប៉ុន្តែតុលាការបានលើកពេលប្រកាស សាលក្រម ទៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដើម្បីផ្តន្ទាទោសលើជនជាប់ចោទ។

សវនាការខាងលើនេះ បានធ្វើឡើងជាធារណៈ ដែលដឹកនាំដោយលោក ស សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងចំពោះមុខជនត្រូវចោទ ព្រមទាំងមេធាវីការពារក្តី ដោយមានការសួរដេញដោលគ្រប់គ្រាន់តាមនីតិវិធី។

ជនត្រូវចោទទាំង៦នាក់ រួមមាន ទី១-ឈ្មោះ CHEN CHI HSIANG ភេទប្រុស អាយុ៣៨ឆ្នាំ ជាមេខ្លោង។ ទី២-ឈ្មោះ AN CHI WEI ភេទប្រុស អាយុ៣២ ឆ្នាំ។ ទី៣-ឈ្មោះ TUAN ZHONG YUE ភេទប្រុស អាយុ៤៧ឆ្នាំ។ ទី៤-ឈ្មោះ CHAN I YANG ភេទប្រុស អាយុ៣៥ឆ្នាំ។ ទី៥-ឈ្មោះ LIAO SHI BO ភេទប្រុស អាយុ២៧ឆ្នាំ។ និងទី៦-ឈ្មោះ TSAI YU CHING ភេទប្រុស អាយុ៣៦ឆ្នាំ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហា ផ្ទៃ បានបង្ហាញមុខជនសង្ស័យ៦នាក់ និងសារធាតុញៀន ប្រមាណ៧៨០គីឡូក្រាម ដែលទើបបង្ក្រាប។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា សមត្ថកិច្ចនគរ បាលជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀន ឆ្លងដែន ជាង៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ដែលឆ្លងកាត់ពី ប្រទេសឡាវ ចូលមកកម្ពុជា និងបម្រុងបន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហសមុទ្រ។

នេះជាការបង្ក្រាបទ្រុងទ្រាយធំ លើកទី១ ដែលលោកបានឡើងកាន់តំណែងជានាយកមន្ទីរ ប៉ុន្តែកន្លងមក មន្ទីរប្រឆាំងបទល្មើសគ្រឿង បានបង្ក្រាបករណីធំៗ ជាច្រើនករណីមកហើយដែរ ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ ឧត្តមសេនីឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី (DEA) កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើប អង្កេត រយៈពេលជាង៤ខែ ដើម្បីស្រាវជ្រាវច្បាមមុខសញ្ញាឧក្រិដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិនតៃវ៉ាន់ ១ក្រុម បានធ្វើសកម្មភាពចរាចរណ៍គ្រឿង ញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១ និងក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ដោយបែងចែកកម្លាំងជា ២ក្រុម។

ក្រុមទី១ នៅវេលាម៉ោង ២និង៣០យប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាលទ្ធផល ឃាត់ជនសង្ស័យ ២នាក់ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ១-ឈ្មោះ AN CHI WEI កើតឆ្នាំ១៩៩២។ ២-ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទកេតាមីន ចំនួន៧៨៥ដុំ ស្មើទម្ងន់ ៧៨៩,៧៨១ក្រាម។ រថយន្ត ១គ្រឿង និងទូរស័ព្ទ ២គ្រឿង។

ក្រុមទី២ នៅវេលាម៉ោង ៧និង៣នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ០៩ និងលេខ១១ ផ្លូវលេខ០៣ គម្រោងទី៧ បុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាលទ្ធផល ឃាត់ជនសង្ស័យ៤នាក់ ភេទប្រុស ជនជាតិចិនតៃវ៉ាន់។ ១-ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ១៩៨៦ ជាមេខ្លោង។ ២-ឈ្មោះ CHAN I YANG កើតឆ្នាំ១៩៨៩។ ៣-ឈ្មោះ LIAO SHI BO កើតឆ្នាំ១៩៩៧ និង៤-ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។ ចាប់យកវត្ថុតាង រថយន្ត ៣គ្រឿង ម៉ូតូ ២គ្រឿង ទូរស័ព្ទ ០៥គ្រឿង។ គណនីធនាគារ ៨គណនី។

សរុបលទ្ធផល  ឃាត់ខ្លួនជនសង្ស័យទាំងអស់៦នាក់ ជាជនជាតិចិនតៃវ៉ាន់ ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់៧៨៩,៧៨១ក្រាម រថយន្ត៤គ្រឿង ម៉ូតូ ២គ្រឿង ទូរស័ព្ទ ៧គ្រឿង និងគណនីធនាគារ ៨គណនី។

ជនសង្ស័យទាំង៦នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

RELATED ARTICLES