ភ្នំពេញ៖ឱក សុគន្ធកញ្ញា ក្រោយរៀបការរួចកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នាងចង់បានកូនស្រី ប៉ុន្ដែក្រោយដឹងថាខ្លួនមានកូនប្រុសទើបនាងនិយាយថាកូនស្រីក៍បាន ប្រុសក៍បាន ពោលគឺឲ្យតែកូនស្រលាញ់ដូចគ្នា។កញ្ញា ក៍ថាកូនប្រុសជាជម្ទល់គ្រួសារជាដើម ហើយក្នុងនាមនាងជាកូនច្បងក្នុងគ្រួសារដែលរស់នៅបែកឪពុកតាំងពីតូច បំពេញតួនាទីជាកូនប្រុសផងស្រីផង នាងបានដឹងថាកូនប្រុសសំខាន់ណាស់ក្នុងគ្រួសារ…។សុគន្ធកញ្ញា ក៍បានសម្រាលកូនប្រុទី១កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie ដែលពេលនេះមានអាយុជាង៤ឆ្នាំហើយ ។ដោយឡែកសម្រាប់ការយកកូនទី២នេះវិញកាលពីចុងឆ្នាំ២០២៣ នៅពេលដែលដឹងថាខ្លួនមានផ្ទៃពោះកញ្ញា បានឲ្យកូនប្រុសទាយកូនក្នុងផ្ទៃថាជាកូនប្រុស ឬស្រី ហើយពេលនោះCharlie ទាយថាជាកូនស្រីខណៈនាងនិងស្វាមីក៍រីករាយដែរពោលគឺមិនប្រកែក ឬប្រាប់ចម្លើយទៅកូនឡើយ បើទោះជាផ្ទៃពោះកូនរបស់នាងពេលនោះបានដឹងលទ្ធផលរួចជាស្រេចថាជាកូនប្រុសឬស្រីទៅហើយក្ដី តែនាងនិប្ដីហាក់ស្របជាមួយការទាយរបស់កូន។ប៉ុន្ដែនៅថ្ងៃសម្រាលកូនទី២នៅពេទ្យថៃ កាលពីថ្ងៃ៤ ខែមីនា ឆ្នាំ២០២៤ សុគន្ធកញ្ញា ទទួលបានកូនប្រុស១ទៀតដោយនាងដាក់ឈ្មោះថាPresley ខណៈដែលសា្វមីនាងលោកសុខលី បានហៅថាជាកូនមាស ។
ប្រភពបានឲ្យដឹងថាឱក សុគន្ធកញ្ញា ពិតជាចង់បានកូនស្រីមែន ពោលគឺតាំងពីយកកូនទី១ម្លេះ ប៉ុន្ដែនាងក៍មិន ខុសពីឪពុកម្ដាយទូទៅដែរ ពោលគឺឲ្យតែកូនពេលទទួលបានហើយស្រលាញ់ដូចគ្នា។ជាមួយគ្នានេះដែរអំឡុង ពេលដែលកញ្ញា សម្រាលកូននៅពេទ្យថៃ នោះគេក៍ឃើញតារាចម្រៀងនិងពិធីករមួយចំនួននៅហង្សមាសក៍បានទៅសួរសុខទុក្ខនាងដល់មន្ទីសម្ភពនោះផ្ទាល់ផងដែរ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរនៅពេលដែលសុគន្ធកញ្ញា កំពុងបំបៅទឹកដោះដល់កូននោះលោកសុខលី បានថ្លែងសារថា”ទឹកដោះម្ដាយថ្លៃ ថ្លៃលើសអ្វីៗ” I Love You Mommy “ ។
ឱក សុគន្ធកញ្ញា នឹងវិលត្រឡប់ពីពេទ្យថៃ មកសម្រាកនៅផ្ទះក្នុងពេលឆាប់ៗនេះវិញ ប៉ុន្ដែនាងនៅមិនទាន់កំណត់ពីពេលវេលាទទួលធ្វើការងារសិល្បៈជាថ្មីឡើយ តែសម្រាប់Concerts នារដូវក្ដៅ២០២៣-២០២៤ នេះគឺនាងអាកខានការច្រៀងសម្ដែងគ្រប់កម្មវិធីតាំងពីចុងឆ្នាំ២០២៣ ម្លេះ។គេជឿរថាដោយសារតែចិត្តចង់បានកូន ស្រីហេតុនេះការមានកូនប្រុស២នាក់នៅមិនទាន់គ្រប់គ្រាន់សម្រាប់សុភមង្គលក្នុងគ្រួសារនាងឡើយ ពោលគឺនាងនឹងតាមយកកូនទី៣ជាស្រីនាពេលខាងមុខនេះជាមិនខាន។ចំណែកអ្នកដឹកនាំសម្ដែងរឿងនៅហង្សមាសលោកកៅ សីហា ដែលសង្ស័យថាឱក សុគន្ធកញ្ញា នឹងសម្រាលកូនទី២ជាកូនភ្លោះនោះពេលនេះបានតែ១ទេ មិនមែនកើតម្ដងបាន២ដូចលោកម៉ៃឡើយ ។
ប្រភពបានឲ្យដឹងថាក្រុមអ្នកនិពន្ធនៅហង្សមាសដែលសរសេរបទចម្រៀងឲ្យឱក សុគន្ធកញ្ញា ច្រៀងពេលនេះពួកគេអាចនឹងបង្វឹលការប្ដូរទិសដៅលែងបុកបទនាងលើយុវវ័យសុទ្ធដូចមុនទៀតហើយក្រោយកញ្ញា មានកូន២នេះ ព្រោះបើច្រៀងតែស្នេហាឈឺចាប់ ខូចចិត្តលែងសូវត្រូវដូចមុនទៀត ហេតុនេះគេអាចនឹងធ្វើបទបែបវ័យកណ្ដាលវិញ ។ដោយឡែកសម្រាប់ការគ្រោងថតភាពយន្ដជាលើកដំបូងរបស់សុគន្ធកញ្ញា ក្នុងតំណែងជាតួឯក ក្រោយអាកខានរឿងទី១”ខ្ញុំមានញាណលើស “ជំនួសដោយសុខ ស្រីនាង នោះពេលនេះកញ្ញា អាចនឹងអាកខានបន្ដទៀត ព្រោះតែពេលមានកូន២ហើយពិបាកធ្វើតួឯក ប៉ុន្ដែបើឲ្យធ្វើជាតួរងឬតួម្ដាយ ក៍អ្នកដឹកនាំមិនហ៊ាន ហេតុនេះឱកាសថតរឿងលែងច្បាស់លាស់។
មជ្ឈដ្ឋានមហាជនចាំមើលថាតើឱក សុគន្ធកញ្ញា ដែលមានកូន២នាក់ទៅហើយ នៅតែអាចធ្វើព្យុះភ្លៀងនៅហង្សមាសបានតទៅទៀតដែរ ឬទេ ព្រោះថាមានតារាជាច្រើនដួងហើយ ដែលក្រោយមានប្ដីនិងកូនទីផ្សារសិល្បៈក្រឡាប់ចាក់។ប៉ុន្ដែលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងថាសុគន្ធកញ្ញា មានសម្ថភាពល្អ ហេតុនេះកុំថាឡើយកូន២ ទោះជាកូន៤ទៅ៥នាក់ក៍នៅតែល្បីបានដែរ។អតីតតារាចម្រៀងហង្សមាសរូបនេះសង្កត់ថាតារាល្បីបានយូឬឆាប់ ក្រៅពីមានសម្ថភាពហើយនោះនៅលើកត្តាសំខាន់២គឺទី១៖សុខភាព និងទី២៖ផលិតកម្ម គេឡង់សេយើង ឬអត់?ចំណែកអត្តចឬកចំពោះមហាជនក៍ជារឿងសំខាន់ផងដែរ ៕