ភ្នំពេញ៖នៅ សុនិតា បានធ្វើពិធីជប់លៀងខួបស្នេហ៍(Anniversary) គម្រប់៦ឆ្នាំ លក្ខណៈខ្នាតតូចដោយមានតែអ្នកជិតស្និតបំផុតចូលរួម រៀបចំនៅផ្ទះវីឡាររបស់នាងនៅបុរីប៉េង ហួត(បឹងស្នោរ)កាលពីរាត្រីថ្ងៃទី១៧ មីនា ដែលតាមរយៈរូបភាពនោះបញ្ជាក់ថាសុនិតា និងលោកទិត ថាវរិទ្ធ ពិតជាវិលមករកស្នេហាផ្អែមល្ហែមដូចដើមមែន ។ថ្វីត្បិតតែពិធីនោះជាលក្ខណៈគ្រួសារមែន តែសុនិតា ថាកម្មវិធីនាងបន្ដរហូតដល់ម៉ោង២ទៀតភ្លឺ ខណៈនាងត្រូវក្រោកឡើងម៉ោង៥ភ្លឺ ពោលគឺគេងបានតែ៣ម៉ោងប៉ុណ្ណោះ។
នៅ សុនិតា បានចេញសារអរគុណដល់មិត្តអ្នកសិល្បៈដែលចូលរួមដែលក្នុងនោះគេឃើញមានអ្នកនាងឌុច លីដា , ឌួង ហ្សូរីម៉ា និងលោកគង់ សុធារិទ្ធ ជាដើម ។នាងថាកម្មវិធីនោះមិនបានព្រាងទុកទេ …។
ប្រភពបានឲ្យដឹងថាតាំងពីនៅ សុនិតា បានចាប់ដៃគ្នាមួយលោកទិត ថាវរិទ្ធ ៦ឆ្នាំមកនេះអ្នកទាំងពីត្រូវបានអ្នករួមអាជីពធ្វើពិធីAnniversary ឲ្យជារៀងរាល់ឆ្នាំតែម្ដង ដែលមានពេលខ្លះជប់លៀងនៅផ្ទះនិងជូនកាលធ្វើនៅហាង។ប៉ុន្ដែសម្រាប់ខួបស្នេហ៍ឆ្នាំនេះសុនិតា ក្រៅពីទទួលបានសារជូនពរពីអ្នកស្និតស្នាកឲ្យនាងមានសុភមង្គលជាមួយប្ដីកាន់តែខ្លាំងនោះក៍មានមិត្តភក្ដិនាងម្នាក់មានគណេនេយ្យហ្វេសបុកឈ្មោះChornchan Raksmey នោះក៍បានចូលទៅខមិនជូនពរឲ្យនាងនិងប្ដីទទួលបានកូនភ្លោះផងដែរ ខណៈសុនីតា តមវិញទាំងពេញចិត្តថា”សាធុៗ Love”។
គួររំលឹកថានៅ សុនិតា ធ្លាប់លេចឭថានាងបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានផ្ដើមស្នេហានៅថ្ងៃសង្រ្កាន្ដចូលឆ្នាំខ្មែរនៅសៀមរាបខែមេសា ឆ្នាំ២០១៨ ហើយនៅថ្ងៃទីទី២០ ខែកក្កដា ឆ្នាំ២០១៩ តែនិតា សម្រាលបានកូនប្រុសមួយ ។ការភ្ជាប់ស្នេហ៍ខុសវ័យនេះនាំឲ្យនិតា រយាលៗពីអាជីពសិល្បៈ ហើយនាងត្រូវបានគេហៅថាជំទាវៗ ទៀតផង ក្រោយពីលោកទឹត ថាវរិទ្ធ ឡើងជាឯកឧត្តមនិងកាន់តួនាទីជារដ្ឋលេខាធិការ ក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ កាលពីខែមេសា ឆ្នាំ២០២៣ ។ប៉ុន្ដែរំលងបានតែ៣ខែប៉ុណ្ណោះក៍មានព័តមាថាសុនិតា និងលោកថាវរិទ្ធ រស់នៅបែកផ្ទះគ្នា ខណៈតារាកូន១រូបនេះក៍បានវិលទៅរកអាជីពចាស់វិញហើយរស់នៅផ្ទះល្វែងធម្មតាម្ដុំស្ពានគីឡូលេខ៩ សង្កាត់ព្រែកលាភ ។យ៉ាងណារំលងតែ២ខែទៀត ពោលគឺនៅអំឡុងខែកញ្ញា ឆ្នាំ២០២៣ ក៍មានដំណឹងថាសុនិតា និងលោកថាវរិទ្ធ វិលមកត្រូវរ៉ូវគ្នាដូចដើម ហើយតាមរយៈការធ្វើខួបស្នេហ៍៦ឆ្នាំកាលពីពេលថ្មីៗនេះបញ្ជាក់ថាអ្នកទាំងពីរពិតជារស់នៅក្រោមដំបូលផ្ទះតែមួយជាថ្មីមែន ។ប្រភពបានឲ្យដឹងថាមូលហេតុដែលសុនិតា និងលោកថាវរិទ្ធ ចេះតែរកាំរកូសគ្នានាពេលកន្លងមកព្រោះតែនិតា ប្រចណ្ឌប្ដីដែលមានស្រីក្មេងៗចេះតែចង់ធ្វើជាសង្សារលោក បើទោះជាគ្រប់គ្នាដឹងថានាងជាប្រពន្ធនិងមានកូន១ជាមួយក្ដី ។ប៉ុន្ដែតាំងពីសុនិតា ទៅធ្វើជាដូនជីសមាធិរយៈពេល៣ថ្ងៃ ដើម្បីរំងាប់ចិត្តនៅវត្តពុទ្ធមណ្ឌុលវិប្សស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ នោះមកពេលនេះនាងលែងសូវមានចិត្តប្រចណ្ឌហួងហែងប្ដីដូចមុនទៀតហើយ ទើបធ្វើឲ្យចំណងស្នេហាវិលមករកភាពផ្អែមល្ហែមជាថ្មី។
ចំពោះខួបស្នេហ៍ឆ្នាំនេះនៅ សុនិតា ក្រៅពីចង់បានកូនភ្លោះតាមបំណងមិត្តភក្ដិជូនពរនោះនាងនៅមិនទាន់ហ៊ានប្រកាសជាសាធារណៈថាពេលណាទើបដឹកដៃស្វាមីចូលរោងការឡើយ បើទោះជាចំណងស្នេហាមួយនេះខាងភាគីក្រុមគ្រួសារលោកថាវរិទ្ធ មិនប្រឆាំងក្ដី តែរឿងរៀបការស្ងាត់ឈឹង។សុនិតា ធ្លាប់រងការរិះគន់ពីអ្នកលេងហ្វេសបុកថានាងជាតារាគំរូរមិនល្អ ព្រោះយកកូនមុនរៀបការតែពេលនេះគេសង្កេតឃើញថាមិនមែនតែរូបនាងទេ ដែលជ្រើសផ្លូវយកកូនមុនក្រាបផ្ទឹមនោះប៉ុន្ដែមានតារាជាច្រើនដួងផ្សេងទៀតក៍បានធ្វើដូចនាងដែរតែខ្លះបានចុះអេតាស៊ីវិលមុនរៀបការ។សម្រាប់សុនិតា វិញក្រៅពីវិលមករស់នៅផ្ទះវីឡារស្កឹមស្កៃនោះនាងក៍មានរថយន្ដជិះទំនើបៗផងដែរដូចជាRange Rover ,Alphard និងFord Raptor ជាដើម ។ប៉ុន្ដែគេឃើញនាងនៅតែបន្ដលក់អ៊ឺវ៉ាន់តាមOnline ជាធម្មតា។
ក្រៅពីនៅ សុនិតា តារានិងអតីតតារាឡើងងារជាជំទាវមានដូចជាអ្នកនាងស្រីតូច ចំណាន ,ឱក បូរី ,ពេជ្រ ច័ន្ទបរមី ,កែវ ពិសី ,លី យ៉ាណា ,ផាន់ ម៉ូនីកា និងសឹម សូលិកា ជាដើម ៕