ភ្នំពេញ៖មាស សុខសោភា នៅរក្សារស្ទីលចាស់ជាថ្មីម្ដងទៀតនៅឆ្នាំ២០២៤ នេះនោះគឺការស្លៀកពាក់មិនខ្លាចក្នុងការបង្ហាញសាច់ដើមទ្រូង និងគល់ភ្លៅឡើយ បើទោះជាឆ្នាំនេះនាងមានអាយុជាង៤០ឆ្នាំទៅហើយក្ដី ។ការលេងស្ទីលថ្មីធ្វើឲ្យប្រុសៗជ្រួលជ្រើមម្ដងទៀតជាមួយរូបសម្រស់និងស្បែកសាច់ដ៍សខ្ចីរបស់សុខសោភា នាពេលនេះក្រោយពីនាងធ្លាប់រងនូវការរិះគន់ពីសំណាក់តារាចម្រៀងម៉ៃ សុគន្ធ ម្ដងរួចទៅហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ព្រោះតែនាងលេងស្ទីលពាក់អាវវែនតា ច្រៀងនៅPub មួយហើយមានអ្នកគាំទ្រនាងពាក់អាវវ៉ែនតាជិះម៉ូតូតាមផ្លូវ ធ្វើតាមនាង។ប៉ុន្ដែក្នុងជំនួបគ្នារវាងសុខសោភា និងលោកសុគន្ធ នោះអ្នកទាំងពីរនៅតែរាប់អានគ្នាជាធម្មតា បើទោះជាស្វាមីសោភា លោកអ៊ឹត រ៉ាដា ហាក់សម្ដែងការហួសចិត្តដែលលោកសុគន្ធ រិះគន់កំពូលស្នេហ៍លោករឿងស្លៀកពាក់នេះក្ដី ។រំលងបានតែជាង១ឆ្នាំសុខសោភា បានលេងស្ទីលចំហឡេវអាវនេះម្ដងទៀត បន្ទាប់ពីនាងទើបបានចេញបទបែបស្រើបស្រាល”2Am “កាលពីពេលថ្មីៗនេះ ។
អ្វីដែលសុខសោភា មានសំណាងជាងតារាស្រីផ្សេងទៀតនោះគឺការស្លៀកពាក់របស់នាងមានពេលខ្លះជាឈុតប៊ីគីនី ថតMV នោះប្ដីនាងលោករ៉ាដា មិនត្រឹមតែមិនប្រចណ្ឌហួងហែងនាងនោះទេ តែលោកថែមទាំងបានលើកទឹកចិត្តនិងគាំទ្រនាងក្នុងការលេងខ្លួនទៅតាមបែបតារាបច្ចឹមប្រទេសនោះទៀតផង។ប៉ុន្ដែអ្វីដែលគេសឹងតែមិនជឿរនោះលោករ៉ាដា បែជាពេលខ្លះឈរកាន់ទូរស័ព្ទថតសុខសោភា ត្រូវលោកឆន សុវណ្ណារាជ អោបថើបនាងនៅក្រៅឆាកឬតាមឆ្នេរទៅវិញ ដែលសកម្មភាពបែបនេះអាចនឹងមានតែស្វាមីសោភា ម្នាក់គត់ដែលធ្វើបាន។ចំណុចល្អរបស់ប្ដីបែបនេះហើយដែលជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃខួបអាពាហ៍ ពិពាហ៍ នៅថ្ងៃទី២៨ ខែធ្នូ សោភា តែងតែចេញសារសរសើរប្ដីថាជាបុរសម្នាក់ដែលហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាង។ប៉ុន្ដែរឿងដែលមហាជនឈឺក្បាលនោះសុខសោភា ដែលគេមិនធ្លាប់ឃើញនិងដឹងថានាងពពោះ ឬសម្រាលតាំងពីពេលណានោះបែជាពេលនេះនាងថាយុវជនម្នាក់ឈ្មោះBovee Hundley ជាកូនកំលោះរបស់នាងទៅវិញ។
គួរកត់សម្គាល់ថាមាស សុខសោភា ជាតារាស្រីលំដាប់ជូរមុខម្នាក់ដែលចូលចិត្តផ្លាស់ប្ដូរផលិតកម្មច្រៀងដូចប្ដូរខោអាវ តែចុងក្រោយនេះនាងបានសម្រេចចិត្ត ច្រៀងនៅផលិត កម្មផ្ទាល់ខ្លួនCamtraxMusic ដោយមិនអើពើចំពោះផលិតកម្មធំដល់ទៅ៣រងចាំត្រងទទួលយកនាងនោះគឺហង្សមាស ,ថោន និងGalaxy ។ការមិនព្រមទៅច្រៀងនៅផលិតកម្មគេនេះនាំឲ្យសុខសោភា លែងសូវមានបទល្បីដូចមុនទៀត ហើយនាងក៍គ្មានដៃគូណាដ៍សាកសមទៀតដែរ តែបើនាងព្រមទៅGalaxy នោះខេម ,ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ សុទ្ធតែក្លាយទៅជាដៃគូចម្រៀងរបស់នាងទាំងអស់ ។អ្នកជំនាញសិល្បៈបានលើកឡើងថាការក្រាញមិនព្រមទៅGalaxy របស់សុខសោភា ប្រៀបដូចជាការចង់បន្ធូដៃឲ្យនាងតន់ ច័ន្ទសីម៉ា បន្ដភាពលេចធ្លោនិងជាតួឯករបស់ផលិតកម្មនេះតទៅទៀត ព្រោះថាបើសោភា ព្រមទៅរួមទ្រនុំនោះទីផ្សារចម្រៀងរបស់ស្រីស្រស់តូចច្រឡឹងសីម៉ា នឹងមានការប្រែប្រួលភ្លាម ពោលគឺអាចជាប់នៅគាំង ឬនៅទ្រឹងមួយកន្លែងតែម្ដង ។ប៉ុន្ដែបើសោភា នៅបន្ដរត់គេចពីGalaxy តទៅទៀតនោះឱកាសនៃការចាប់ដៃច្រៀងជាមួយលោកព្រាប សុវត្ថិ ដែលមហាជនយល់ថាអ្នកទាំងពីរមានសម្ថភាពសាកសមគ្នាបំផុតនោះគឺនឹងមិនអាចសាងប្រវត្តិសាស្រ្ដថ្មីទីផ្សារចម្រៀងរវាងតារាល្បីទាំងពីរបានឡើយ ។
សូមបញ្ជាក់ថាក្រៅពីមាស សុខសោភា តារាចម្រៀងដែលមិនទាន់ទៅជ្រកនៅផលិតកម្មថ្មីនៅឆ្នាំ២០២៤ នេះមានដូចជានាងស៊ូ ស៊ីរីកា ,បេប៊ី ,ចាន់ឡៃ វរលក្ខណ៍,រ័ត្ន រចនា និងឈិត សុវណ្ណបញ្ញា ជាដើម ។ប្រភពបានឲ្យដឹងថាសុខសោភា ចង់ច្រៀងនៅផលិតកម្មថ្មីដែលគ្មានកុងត្រា ព្រោះនាងមិនចង់រងសម្ពាធពីផលិតកម្ម ប៉ុន្ដែថៅកែមិនព្រមទើបធ្វើឲ្យជាប់គាំង បើទោះជាការចាប់អាជីពជាង១០ឆ្នាំសោភា ក៍ធ្លាប់ចុះកុងត្រា រយៈពេលខ្លីជាមួយផលិតកម្មសាន់ដេ និងរាម ក្ដី ។ប្រភពបានឲ្យដឹងថាសោភា នឹងបន្ដកែច្នៃបទចម្រៀងល្បីចាស់ៗរបស់ខ្លួនទៀត នៅតាមឆាកតន្រ្ដីធំៗ ប្រសិនបើនាងនៅតែច្រៀងនៅផលិតកម្មខ្លួនឯងជាបន្ដទៀត ព្រោះការចេញចម្រៀងបែបរយាលៗហើយគ្មានបទផ្ទុះនោះនឹងនាំឲ្យសោភា គ្មានជម្រើសផ្សេងក្រៅពីយកបទនៅផលិតកម្មចាស់កែច្នៃភ្លេងថ្មីដូចលោកព្រាប សុវត្ថិ ឡើយ ព្រោះស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ដែលដឹកនាំCamtrax Music នោះមិនទាន់ធ្វើឲ្យសោភា អុកឡុកទីផ្សារចម្រៀងនៅផលិតកម្មផ្ទាល់ខ្លួននេះបានទេ ៕