ភ្នំពេញ៖ខេមរៈ សិរីមន្ដ បានកែប្រែស្ថានការណ៍ដោយចេញបទថ្មីរបស់ខ្លួន”មហាសង្រ្កាន្ដឆ្នាំថ្មី “ ដើម្បីទប់ទល់ការរិះគន់ដូចទឹកបាក់ទំនប់លើបទ”ឆ្នាំនឹងសប្បាយខ្លាំង” ប៉ុន្ដែជាមួយគ្នានេះដែរតារាវ័យ៣៩ឆ្នាំរូបនេះក៍បានឆ្លៀតស៊កសំដីដៀមដាមដាក់បណ្ឌិត និងអ្នកសារព័តមានមួយ ចំនួនផងដែរថាតាំងខ្លួនជាអ្នកស្រលាញ់បទបែបប្រពៃណីខ្មែរបុរាណនោះចែកចាយ(Share)បទថ្មីរបស់ខ្លួនមួយនេះផង។
ខេមរៈ សិរីមន្ដ ថ្លែងថា”ជូនតាមសំណូមពរហើយបទ”សង្រ្កាន្ដឆ្នាំថ្មី “ សូមបងៗបណ្ឌិត អ្នកព័តមាន Mmo ដូចជាបងប្អូនដែលអះអាង តាំងខ្លួនជាអ្នកស្រលាញ់បទប្រពៃណីបុរាណ ពេលនេះជួយផ្សព្វផ្សាយ វប្បធ័មខ្មែរ និងស៊ែឲ្យបានគ្រប់ៗគ្នា ឲ្យបាន1M ក្នុងមួយថ្ងៃឡើង ដើម្បីវប្បធ័មខ្មែរយើង” ។
ក្រោយមានការឌឺដងផង សំណូមពរផងពីខេមរៈ សិរីមន្ដ នូវបទថ្មីរបស់ខ្លួននេះនៅលើហ្វេសបុករបស់តារាកូន៣រូបនេះមានការខមិនផ្សេងៗគ្នាដោយខ្លះជាTop Fan របស់សិរីមន្ដ បានគាំទ្រនូវការលើកឡើងរបស់លោកថៃ ថាជារឿងត្រឹមត្រូវ ។ប៉ុន្ដែខ្លះទៀតក៍បានផ្លែផ្កាដាក់ទៅសិរីមន្ដ វិញភ្លាមៗដែរក្នុងនោះមានដូចជាហ្វេសបុកឈ្មោះClub Cambodia បានខមិនថា”ក្នុងនាមជាមនុស្សរបស់មហាជន មិនគួរប្រើពាក្យស៊កសៀត តបតទៅវិញបែបនេះទេ បច្ចុប្បន្នបើល្អគេនឹងគាំទ្រហើយ “។ហ្វេសបុកឈ្មោះសាន ប៊ុនសិញ ខមិនថា”ខ្ជិលចែករំលែក ព្រោះសម្ដីអស្ចារ្យពេក “។ហ្វេសបុកឈ្មោះOun Oun ខមិនថា”កាលនៅសាន់ដេនិងហង្សមាសដូចមិនអញ្ចឹងទេ ពេលទៅGalaxy ខុសគ្នា៨០ដឺក្រេ “។
យ៉ាងណាខេមរៈ សិរីមន្ដ មិនបានឆ្លើយតបទៅអ្នកចូលទៅខមិនមិនពេញចិត្តបទចម្រៀងរបស់ខ្លួន និងខ្លះឆ្ងល់ថាហេតុអីបានជាលោកសុំViews ពីទស្សនិកជននោះទេ ព្រោះថាបើបទនោះពិតជាល្អមែន ច្បាស់ជាមិនអាចអាចទប់ជាប់ឡើយ គឺគេនឹងទស្សនាដោយខ្លួនឯងមិនចាំបាច់សំពះ ឬស្នើរសុំបែបនេះឡើយ ព្រោះថាឧកញ៉ាទៅសុំការចូលមើលដើម្បីបានViews ពីអ្នកសាមញ្ញហាក់ដូចជាមិនសូវទំនង ព្រោះលោកគឹម សុខ អ្នកវិភាគសង្គមកំពុងភៀសខ្លួននៅបរទេសដើម្បីសុវត្ថិភាពបានលើកឡើងថាសម័យនេះយើងសុទ្ធតែជាអ្នកមានសំណាងហើយព្រោះមានឧកញ៉ាច្រៀងឲ្យស្ដាប់គ្រប់ៗគ្នា…។
គួររំលឹកថាខេមរៈ សិរីមន្ដ ក្រោយចេញបទ”ឆ្នាំនឹងសប្បាយខ្លាំង”ដោយMV មានការបង្ហាញពីការប្រើកំភ្លើងជ័វបាញ់ទឹកដាក់គ្នា និងជិះរថយន្ដលើកដៃជើងតាមដងផ្លូវ និងតែងខ្លួនប្លែកៗរួមទាំងម៉ូដសក់មិនធ្លាប់ឃើញពីមុននោះស្រាប់តែមានបណ្ឌិតដល់ទៅពីររូបបានចេញប្រតិកម្មព្រមគ្នានោះគឺលោកបណ្ឌិតយង់ ពៅ និងពេជ្រ ស្រស់ ដោយលើកឡើងស្រដៀងគ្នាថាមិនអាចទទួលយកបទមួយនេះបានទេ ព្រោះមើលទៅគ្មានចំណេញអ្វីដល់ជាតិ និងបង្ហាញពីពាលាអាវ៉ាសែជាដើម ។ចំណែកអតីតអ្នកដឹកនាំសាន់ដេលោកឌុន ចាន់ឌី បានថ្លែងសារថាតាំងពីខេមរៈ សិរីមន្ដ ចញពីសាន់ដេទៅបទចម្រៀងស្ដាប់មិនចូលត្រចៀក បានតែបទ”ស្ទឹងត្រែងបងអើយ “នៅហង្សមាសប៉ុណ្ណោះដែលគ្រាន់បើបន្ដិច ។លោកចាន់ឌី ថែមទាំងបានដាស់តឿនសិរីមន្ដថា “ដើរជាមួយបណ្ឌិតគឺបណ្ឌិត ដើរជាមួយមនុស្សពាលគឺពាលហើយ “។ដោយសារតែមានការមិនពេញចិត្តបទថ្មីរបស់ខ្លួនសឹងគ្រប់មជ្ឈដ្ឋានបែបនេះទើបខេមរៈ សិរីមន្ដ បានចេញបទថ្មីមួយទៀតជាបន្ទាន់ដើម្បីទប់ទល់ស្ថានការណ៍ ប៉ុន្ដែអ្វីដែលគួរឲ្យស្ដាយលោកប៊ុនថៃ បែជាឆ្លៀតដៀមដាមឲ្យបណ្ឌិត និងអ្នកសារព័តមានមួយចំនួនដែលលោកអះអាងថាជាអ្នកតាំងខ្លួនជាអ្នកស្រលាញ់បទប្រពៃណីនោះពេលនេះគួរតែចែកចាយបទថ្មីរបស់លោក”មហាសង្រ្កាន្ដឆ្នាំថ្មី”មួយនេះឲ្យបានគ្រប់ៗគ្នាផងទៅ ។
សូមបញ្ជាក់ថាខេមរៈ សិរីមន្ដ ច្រៀងឆ្នាំទី២ឲ្យGalaxy នេះលោកចាប់ផ្ដើមអុកឡុកទីផ្សារចម្រៀងកាន់តែប្លែកៗក្នុងនោះមានដូចជាការតែងខ្លួនជាម៉ូដសក់ខុសគេ និងពាក់គ្រឿងអលង្ការមាសពេជ្រជ្រែកខ្លួនជាដើម ខណៈដែលតារាផ្សេងៗទៀតរបស់ផលិតកម្មនេះហាក់នៅទ្រឹងក្នុងនោះមានទាំងលោកព្រាប សុវត្ថិ ផង ដែលសកម្មភាពរបស់លោកថៃ នេះត្រូវបានអ្នកតាមដានវិស័យចម្រៀងមើលឃើញថាលោកកំពុងតែចង់វ៉ាតារាទាំងអស់នៅGalaxy តែម្ដង ពោលគឺធ្វើជាតួឯក មិនមែនជាតួរងឡើយ ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងថាការតែងខ្លួនរបស់សិរីមន្ដ ចុងក្រោយនេះលោកក៍មើលមិនយល់ដែរ និងថាសិរីមន្ដ នៅតែមិនទាន់អាចវ៉ាព្រាប សុវត្ថិ បានទេគិតត្រឹមដើមឆ្នាំ២០២៤ តែពួកគេល្បីម្យាងៗម្នាក់ ប៉ុន្ដែតំណើរនេះកំពុងតែឈានទៅ”រលកក្រោយ ច្រានរលកមុន”ហើយ ៕