ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានចេញលិខិតចំហបកស្រាយ ពីគោលនយោបាយបរទេសរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីមានការចុះផ្សាយ រិះគន់គោលនយោបាយការបរទេសសម្តេច នាយករដ្ឋមន្ត្រីមានគោលនយោបាយចិនតែមួយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពេល សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រគោលនយោបាយ ចិនតែមួយ និងមិនអនុញ្ញាតឱ្យលើកទង់ជាតិ តៃវ៉ាន់នៅកម្ពុជា។
លោកផៃ ស៊ីផាន បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “គោរពជម្រាបជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្ត FBFs
លិខិតចំហ
គោរពជម្រាបជូនជនរួមជាតិ !
តាមរយៈវិទ្យុវិទ្ធង្សនាបរទេសមួយ ដែល ផ្សាយជាខេមរភាសា បានលើកយកមតិរបស់ ជនឧបករណ៍ ដែលគេឱ្យងារបំភ័ន្តថា ជាអ្នកវិភាគនោះ បាននិយាយតាមអារម្មណ៍ និងនិន្នាការរបស់ខ្លួន ដោយចោទប្រកាន់នយោបាយ បរទេសរបស់សម្តេចតេជោ អំពីគោលនយោបាយចិនតែមួយ គឺប៉ះពាល់ដល់សីលធម៌នយោបាយ ដែលសង្កត់ធ្ងន់លើវិស័យសិទ្ធិមនុស្សយុត្តិធម៌សង្គម ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី មិនអនុញ្ញាតចំពោះការលើកទង់ជាតិតៃវ៉ាន់ នៅកម្ពុជា។
ការលើកឡើងរបស់បុគ្គលរូបនេះ គឺមាន ភាពពិការស្មារតី និងបញ្ញាញាណ ពិសេសទាំង ផ្លូវច្បាប់ និងបទពិសោធន៍របស់កម្ពុជា របស់ ខ្លួនពីអតីតកាល។
រដ្ឋធម្មនុញ្ញកម្ពុជា មានខ្លឹមសារថា អព្យា– ក្រឹត មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រជាជាតិដទៃ ក៏ដូចជាក្រមរបស់អាស៊ាន ផងដែរ។
នយោបាយរបស់រាជរដ្ឋាភិបាលសម្តេច តេជោ គឺមានសារធាតុច្បាស់លាស់ ក្នុងតម្លៃ សន្តិភាព និងការអភិវឌ្ឍ។ កម្ពុជា ទទួលបាន សន្តិភាពនៅក្នុងបរិបទសេរីពហុបក្ស ចាប់តាំង ពីឆ្នាំ១៩៩៨ មក។ ហើយរាជរដ្ឋាភិបាលសម្តេច តេជោនេះ គឺជារាជរដ្ឋាភិបាលសេដ្ឋកិច្ច មាន សមត្ថភាពរក្សាបាននូវការរីកចម្រើនទូទាំង ប្រទេស ក្នុងរយៈកន្លងមក។ ជិតម្ភៃឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ៧ភាគរយ នៃផលិតផលសរុបក្នុងស្រុករបស់ ខ្លួន ហើយទទួលបានចំណាត់ថ្នាក់លេខ៣ លើ ពិភពលោក នៅក្នុងកំណើននេះ ជាមួយនឹងការ កាត់បន្ថយភាពក្រីក្រ មកនៅកម្រិតជាងដប់ ភាគរយ។
នយោបាយការបរទេសរបស់សម្តេចតេជោ គឺទទួលបានជោគជ័យ ដែលអន្តរជាតិទទួលស្គាល់នៅក្នុងតំបន់ ក៏ដូចជាពិភពលោក ក្នុងទិសដៅសន្តិភាព និងការអភិវឌ្ឍ ដូចជាសហគមន៍ ប្រជាជាតិនិយមប្រជាធិបតេយ្យ (ICAP) ជា ដើម។
ឯករាជ្យនិងអព្យាក្រឹត ដែលជាក្រឹត្យក្រម នយោបាយបរទេសរបស់រាជរដ្ឋាភិបាលសម្តេច តេជោ ជាជំហរដាច់ខាត មិនដាក់កម្ពុជា ឱ្យឋិត នៅឬពាក់ព័ន្ធនឹងជំហរភូមិសាស្ត្រនយោបាយ របស់មហាអំណាចណាមួយនោះទេ គឺយើងរក្សា នយោបាយភូមិសាស្ត្រ សេដ្ឋកិច្ច ដើម្បីផលប្រយោជន៍កម្ពុជា។
សម័យកាលនេះ កម្ពុជា បានដើរហួសពី នយោបាយតុល្យភាពហើយ ហើយសហរដ្ឋ អាមេរិក ក៏ស្វែងរកដៃគូសេដ្ឋកិច្ចផងដែរ ជាមួយរុស្ស៊ី គឺមិនដូចទសវត្សរ៍១៩៧០ នោះទេ ដែលកាលនោះកម្ពុជា ជ្រើសរើសយកនយោបាយភូមិសាស្ត្រ ជំពាក់បំណុលសហរដ្ឋអាមេរិក ដែលបំណុលនេះជាឈាមនិងជីវិតខ្មែររាប់លាននាក់”។
បន្ថែមលើសំណេរខាងលើនេះ លោកផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “បាទ! ចង់ជម្រាប ជូនថា យើងបាននិយាយតាំងពីអាណត្តិទី១ ចុងអាណត្តិទី២ ចាប់ផ្តើមនិយាយពីរដ្ឋាភិបាល សេដ្ឋកិច្ច។ ម៉្លោះហើយ ដើម្បីធ្វើសេដ្ឋកិច្ចគឺយើង ត្រូវការសន្តិភាព ហើយយើងក៏បានធ្វើគោលការណ៍នយោបាយមួយ មិនមែនតុល្យភាពដូច ជំនាន់មុនទេ តែកាលណាតុល្យភាព យើងយក អាធំៗឈ្លោះគ្នា ក៏ប៉ុន្តែយើងនិយាយច្បាស់ណាស់ តែកាលណាយើងនិយាយពីតុល្យភាពយើងត្រូវ រក្សាជំហររបស់យើងមួយ គឺស្ថិតនៅក្នុងភូមិ សាស្ត្រនយោបាយ ក៏ប៉ុន្តែកម្ពុជា អត់មានជំហរ នៅក្នុងភូមិសាស្ត្រនយោបាយទេ ក៏ប៉ុន្តែស្ថិត នៅក្នុងភូមិសាស្ត្រសេដ្ឋកិច្ច។ ភូមិសាស្ត្រសេដ្ឋកិច្ចហ្នឹង និយាយថាម៉េច សូម្បីតែសហរដ្ឋអាមេរិក ងាកទៅភូមិសាស្ត្រសេដ្ឋកិច្ច ជាជាងភូមិ សាស្ត្រនយោបាយ បញ្ចោញកងទ័ព មកឈ្លាន ពាន ឬក៏វ៉ៃដណ្តើមទីផ្សារតទៅទៀតទេ គឺអត់ មានទេ។ ដូច្នេះគេដើរចំទិសដៅ ហើយអ្វីដែល ជាទិសដៅច្បាស់នោះ ក្នុងរយៈកាល២០ឆ្នាំចុង ក្រោយនេះ យើងរក្សាបាននូវកំណើននៃផលិត– ផលសរុបនៅក្នុងស្រុកហ្នឹង ៦ឬ៧ភាគរយ ដែល យើងបានទទួលចំណាត់ថ្នាក់ពីធនាគារពិភពលោកថា យើងឈរជួរលេខ៣ នៃចំណោម ប្រទេសដែលមានចំណូលផលិតផលក្នុងស្រុក ហ្នឹងបានជាប់ប្រៀបធៀបហ្នឹងឯង អាហ្នឹងជា សារសំខាន់ណាស់។ ដូច្នេះយើងយកសន្តិភាព ជាធំ គ្មានអ្នកណាមួយជាសត្រូវជាមួយកម្ពុជា ទេ។ អ្នកដែលយកគេជា សត្រូវនោះ គឺយើង បានធ្វើហើយ នៅក្នុងឆ្នាំ១៩៧០ ដែលយើងអនុ– វត្តគោលការណ៍នយោបាយភូមិសាស្ត្រនេះ ឯង ហើយការសម្រេចចិត្តចូលទៅជាសហរដ្ឋអាមេរិក ឬពួកខាងលិច ដើម្បីប្រឆាំងជាមួយខាង កើតដល់ទីបំផុត អាមេរិករត់ចោលយើងៗ ជំពាក់ លុយគេ៥រយលានដុល្លារ នៅពេលបច្ចុប្បន្ន នេះ អាហ្នឹងហើយ យើងរៀនសូត្រច្បាស់ណាស់ ដែលអ្នកទាំងអស់នោះមិនបានរៀនសូត្រ ហើយ សហរដ្ឋអាមេរិកខ្លួនឯងក៏បាននិយាយលើកទឹក ចិត្តដល់កម្ពុជា ថាល្អ កម្ពុជាមិនបាច់អ្នកណាជា សត្រូវជាមួយនឹងអ្នកណាទេ គេចង់ឃើញកម្ពុជា ស្ថិតនៅក្នុងលក្ខណៈរបៀបហ្នឹង។ ដូច្នេះក្រុមឬ ពួកដែលយកអាមេរិក ជាចៅហ្វាយ ដែលជា ក្រុមរបស់អាមេរិកហ្នឹងតែងតែប្រកូកប្រកាស ផ្សាយអំពីខ្មែរ ត្រូវតែដើរតាមសហរដ្ឋអាមេរិក មិនមែនបានតែដើរតាមទេ ខ្មែរខ្ញុំអាមេរិក ដែល គេចង់បាន។ ខ្មែរអត់អ៊ីចឹងទេ ខ្មែរយើងគឺ ឈរទៅលើភាពឯករាជ្យ និងអព្យាក្រឹត ដែល ចែងនៅក្នុងរដ្ឋធម្មនុញ្ញ រួចស្រេចទៅហើយ។ ដូច្នេះយើងបានធ្វើត្រឹមត្រូវគោលការណ៍នយោបាយ យើងមិនត្រឹមធ្វើឱ្យមានតុល្យភាពទេ គឺ យើងឈរទៅលើសម្របសម្រួលសាជាថ្មី ឆ្លើយតបស្របបច្ចុប្បន្នភាពដែលយើងឈរទៅលើ ភូមិសាស្ត្រសេដ្ឋកិច្ច។ សូម្បីខាងបារាំង ខាង សហគមន៍អឺរ៉ុប ក៏ដូចជាខាងសហរដ្ឋអាមេរិក ការវាយតម្លៃខ្ពស់ស្ថានភាពសេដ្ឋកិច្ចភូមិសាស្ត្រ ហ្នឹងដែរ ហើយគោលការណ៍ចិនតែមួយ នៅ ក្នុងពិភពលោកភាគច្រើន គេគោរពដែរ”។
គួររំលឹកថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្នុងឱកាសអញ្ជើញចូលរួមពីធីពិសា បាយសាមគ្គីជាមួយបងប្អូនសមាគមខ្មែរ–ចិន ប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្តេចហ៊ុន សែន បាន ថ្លែងបញ្ជាក់ជាថ្មីនូវគោលជំហរគាំទ្រគោលនយោបាយចិនតែមួយ ហើយសម្តេចមិនអនុញ្ញាតឱ្យមានការលើកទង់ជាតិតៃវ៉ាន់នៅកម្ពុជាទេ៕ កុលបុត្រ