ភ្នំពេញ៖តារាចម្រៀងឆាយ វីរៈយុទ្ធ បានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលដែលជិតទទួលបានសមាជិកថ្មីម្នាក់ទៀតនោះគឺភរិយាជាទីស្រលាញ់របស់លោកអ្នកនាងសែ ចាន់ឌី នឹងសម្រាលកូនទី២ នៅចុងខែមេសា ដ៍ឆាប់ៗខាងមុខនេះហើយ។លោកចាន់ឆោម ហៅវីរៈយុទ្ធ ថាការយកកូនថែមនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែជាផែនការណ៍ច្បាស់លាស់ដែលលោកនិងភរិយាបានគិតទុករួចជាស្រេច ហេតុនេះក្នុងនាមជាស្វាមីនិងឪពុករបស់គេលោកពិតជារំភើបដែលជិតទទួលបានកូនម្នាក់ទៀត។
លោកឆាយ វីរៈយុទ្ធ បានប្រាប់តាមទូរស័ព្ទកាលពីរល្ងាចថ្ងៃទី២១ ខែមេសា ថាភរិយារបស់លោកនឹងសម្រាលកូននៅចុងខែមេសា នេះហើយ តែលោកមិនទាន់អាចប្រាប់បានទេថានឹងបានកូនប្រុស ឬស្រីគឺចាំដល់ពេលសម្រាលនឹងប្រាប់តែម្ដង។តារាចម្រៀងសាន់ដេរូបនេះបន្ថែមថាពេលនេះកូនស្រីទី១របស់លោកមានអាយុជាង៤ឆ្នាំហើយចូលសាលារៀនហើយ ហេតុនេះការយកកូនទី២នៅឆ្នាំរោង នេះគឺជាគម្លាតល្អរវាងអាយុកូនច្បងនិងកូនទី២ ហើយទាំងរូបលោកនិងប្រពន្ធចង់បានកូននៅឆ្នាំនេះដូចគ្នា។លោកវីរៈយុទ្ធ បន្ថែមទៀតថាលោកនិងភរិយាយកកូនតាមគម្រោងច្បាស់លាស់ ពោលគឺមិនមែដោយចៃដន្យនោះទេ ។
ឆាយ វីរៈយុទ្ធ បានរៀបការកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ជាមួយអ្នកនាងសែ ចាន់ឌី ជាកូនអ្នកជំនួញល្បីឈ្មោះលោកហាក់ សែ នៅក្រុងកំពង់ចាម ហើយភរិយាលោកបានសម្រាលកូនទី១ជាកូនស្រីកាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា”វីរៈយុទ្ធ អភិជាតាទេវី ហៅអាតារ៉ា (Atara) “។លោកវីរៈយុទ្ធ ដែលបានប្រាប់អ្នកកាសែតនៅថ្ងៃរៀបការថាលោកចង់បានកូន៣នាក់ក្នុងគ្រួសារនោះថាលោកនៅតែរក្សារជំហរនេះដដែល ប៉ុន្ដែទាល់តែគម្លាតពីកូនទី២ច្រើនឆ្នាំតិចទើបលោកនិងភរិយាគិតគួររឿងយកកូនទី៣នាពេលខាងមុខ ។
គួរបញ្ជាក់ថាឆាយ វីរៈយុទ្ធ ស្ថិតក្នុងចំណោមតារាប្រុសលំដាប់ជូរមុខរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលអ្នកជំនាញសិល្បៈលើកឡើងថាចំណុចខ្លាំងរបស់លោកចាន់ឆោម ហៅវីរៈយុទ្ធ គឺលោកអាចច្រៀងបទដែលប្រើសម្លេងខ្ពស់បំផុតក៍បាន ច្រៀងសម្លេងទម្លាក់ទាបក៍បានដែលទិកនិកនេះតារាផ្សេងៗទៀតពិបាកធ្វើតាម។ប្រភពបានឲ្យដឹងថាក្រោយលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដើរចេញពីហង្សមាសព្រមគ្នាដើម្បីចូលជ្រកនៅGalaxy នោះគឺត្រូវបានគេមើលឃើញថាអ្នកដែលអាចទៅជំនួសតំណែងលោកសុវត្ថិ និងសិរីមន្ដ បានគឺមានតែលោកឆាយ វីរៈយុទ្ធ ទេដែលមានសម្ថភាពនិងភាគរយខ្ពស់ជាងគេ។ប៉ុន្ដែពេលនេះលោកវីរៈយុទ្ធ នៅតែជាតារាសាន់ដេនិងមានក្ដីសុខជាមួយផលិតកម្មមួយនេះ ខណៈដែលថៅកែហង្សមាសអ្នកឧកញ៉ាអ៊ឹង ឆៃងួន ក៍មិនទាន់ទិញតារាជើងថ្មីណាមកជំនួសតារាសំខាន់ទាំងពីរដួងរបស់លោកដែរ ព្រោះតែផលិតកម្មមួយនេះជ្រើសរើសបានតារាថ្មីៗរបស់ខ្លួនចេញពីការប្រលងចម្រៀងឡើងគរជើងគ្នាទៅហើយ ។ចំណែកថៅកែសាន់ដែលោកឡាយ សុខចំរើន ក៍មិនចង់បាត់បង់តារាស្នូលរបស់ខ្លួនដែលពេលនេះឆាយ វីរៈយុទ្ធ គឺជាតួឯកប្រចាំផលិតកម្មនោះដែរ បន្ទាប់ពីផលិតកម្មនេះបានថ្លោះធ្លោយរបូតតារាសំខាន់ៗធ្លាក់ទៅផលិតកម្មគូប្រជែងមានដូចជាមាស សុខសោភា ,ឱក សុគន្ធកញ្ញា និងខេមរៈ សិរីមន្ដ ជាដើម ។
អតីតតារាហង្សមាសលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទឆាយ វីរៈយុទ្ធ គឺជាតារាម្នាក់មានសម្ថភាពម្នាក់និងច្រៀងច្បាស់ៗ ហើយមានអ្នកគាំទ្រច្រើន។ប៉ុន្ដែរឿងថាហេតុអីហង្សមាសមិនទាន់ទិញឆាយ វីរៈយុទ្ធ ទៅជំនួសព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះលោកថាហង្សមាសសល់តារាក្មេងៗចេញការជ្រើសបានពីការប្រលងចម្រៀងច្រើនអីចឹងគេអាចប្រើប្រាស់តារាដែលគេមានស្រាប់។
សូមបញ្ជាក់ថាក្រៅពីអាចរកចំណូលបានជាច្រើនម៉ឺនដុល្លារពីការចេញច្រៀងសម្ដែងConcerts ធំៗនៅរដូវក្តៅក្នុង១ឆ្នាំៗនោះឆាយ វីរៈយុទ្ធ ក៍មានមុខរបរខាងក្រៅសិល្បៈដែរនោះគឺលោកបានចេញរកស៊ីផ្នែកអចលនទ្រព្យជាច្រើនឆ្នាំ និងមានហាងលក់អង្ករជាច្រើនសាខារួមទាំងមានភាគហ៊ុននៅមន្ទីព្យាបាលកុមារ ដំរី ផងដែរ។លោកវីរៈយុទ្ធ ថាទោះជារយៈពេលចុងក្រោយនេះវិស័យអចលនវត្ថុហាក់មិនសូវមានសន្ទុះខ្លាំងដូចមុនមែន តែលោកនៅតែបន្ដធ្វើជំនួញផ្នែកនេះ តែរយៈពេលចុងក្រោយនេះលោកមមាញឹកខាងសិល្បៈច្រើនជាពិសេសគឺនៅឆ្នាំ២០២៤ នេះលោកបានចេញច្រៀងសម្ដែងច្រើនជាងឆ្នាំមុនៗ ខណៈដែលមន្ទីព្យាបាលកុមារដំរី មានអតិថិជនគាំទ្រកាន់តែច្រើន ទើបលោកបានពង្រីគបន្ទប់ថែមទៀតនៅជាប់អគារចាស់ (សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ) ។
ក្រៅពីភរិយាឆាយ វីរៈយុទ្ធ ដែលត្រៀមសម្រាលកូននៅចងខែមេសា នេះតារាដែលយកកូននៅឆ្នាំរោង ឬឆ្នាំ២០២៤ នេះមានដូចជាឱក សុគន្ធកញ្ញា និងស៊ឹម សូលិកា ជាដើម ខណៈដែលនាងហ៊ិន ច័ន្ទនីរ័ត្ន ដែលទើបការប្ដីកាលពីចុងខែធ្នូ ឆ្នាំ២០២៤ នោះក៍ចង់បានកូនទី១នៅឆ្នាំនេះយ៉ាងអន្ទះសារផងដែរ ៕