ភ្នំពេញ៖នៅឆ្នាំ២០២៤ នេះតារាដែលដឹកដៃគូស្នេហ៍ចូលរោងការទើបតែមាន២ដួងទេ គឺទី១៖ អ្នកនាងលី ម៉ារីណា រៀបការជាមួយលោកទៀង ច័ន្ទសារ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ និងទី២៖សុវត្ថិឌី ធារិកា រៀបការជាមួយលោកពូ សុផានិត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ចំណែកតារា៥ដួងទៀតដែលមានព័តមានថានឹងដឹកដៃម្ចាស់ស្នេហាចូលរោងការនៅឆ្នាំ២០២៤ នេះដែរ ឥឡូវមានការប្រែប្រួលទៅហើយ ។
១៖យុគ ចិន្ដាៈអ្នកនាងយុគ ចិន្ដា បានលុបចោលមង្គលការចំនួន២លើកមកហើយជាមួយមន្រ្ដីសុរិយាដីម្នាក់គឺលើកទី១កាលពីឆ្នាំ២០២០-២០២១ ដោយសារតែពេលនោះថាកូវីដផ្ទុះពេក ធ្វើកម្មវិធីសប្បាយៗមិនកើត និងលើកទី២ ឆ្នាំ២០២២-២០២៣ ហេតុផលគឺនាងកាន់ទុក្ខម្ដាយលោកស្រីខឹម ផល្លី ដែលទទួលមរណភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ប៉ុន្ដែនៅឆ្នាំ២០២៤ នេះអ្នកនាងចិន្ដា និងគូស្នេហ៍នៅតែគ្មានដំណឹងចូលរោងការច្បាស់លាស់ដដែល ។
២៖មាស សុខសោភាៈតារាCamtrax រូបនេះបានរៀបការ២លើកមកហើយគឺនៅឆ្នាំ២០០៨ ការបែបគ្រីស្ទាន នៅព្រះវិហារមួយនៅកាណាដា ជាមួយលោកអ៊ឹត រ៉ាដា និងលើកទី២ នៅឆ្នាំ២០០៩ រៀបការស្រដៀងសែនព្រេនធ្វើនៅខ្មែរ ហើយនៅឆ្នាំ២០២១ មានដំណឹងថាសោភា ចង់រៀបការជាលើកទី៣នៅខ្មែរដោយបើកចំហ តែពេលនេះស្ងាត់ឈឹងទៅវិញ។ប្រភពបានឲ្យដឹងថាសុខសោភា បារម្ភខ្លាចការប្ដីជាសាធារណៈទៅនាំឲ្យនាងធ្លាក់ហៅលែងឭទើបនាងមិនហ៊ានប្រថុយឡើយ ។
៣៖ពេជ្រ សោភាៈតារាវ័យ៤១ឆ្នាំពេជ្រ សោភា បានប្រើជីវិតជាស្រីមេម៉ាយអស់រយៈពេល៦ឆ្នាំ ទើបនាងប្រកាសភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នឹងថាដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ។ប៉ុន្ដែពួកគេបានប្ដូរចិត្តវិញព្រោះខ្វែងគំនិតគ្នាហើយនៅពេលសាកសួរពីរឿងរៀបការកាលពីពេលថ្មីៗនេះសោភា ថាគ្មានគម្រោងរៀបការនៅឆ្នាំ២០២៤ នេះទេ ។ចំណែកលោកសក្កដា កាលពីពេលថ្មីៗនេះបានព្រមានធ្វើអត្តឃាត ដោយសារថាទោះមានជីវិតរស់នៅក៍គ្មានន័យ តែសោភា ថានាងមិនដឹងរឿងគូដណ្ដឹងចង់សម្លាប់ខ្លួននោះព្រោះរឿងអ្វីឡើយ ។
៤៖ប៉ាច គីមមួយៈអ្នកមេម៉ាយរូបស្អាតនេះបានភ្ជាប់ពាក្យជាមួយប្រុសក្មេងសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ហើយពួកគេមានគម្រោងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៤ ។ប៉ុន្ដែថ្មីៗនេះលោករតនៈ បានប្រាប់ថាសម្រាប់ឆ្នាំនេះលោកនិងអូនគីមមួយ មិនអាចរៀបចំពិធីនោះទាន់ទេ ព្រោះតែថាមិនទាន់ដល់ពេលវេលាដែលបានត្រៀមខ្លួនរួចនៅឡើយ ។លោករតនៈ បញ្ជាក់ថាការពន្យាពេលរៀបការនេះមិនមែនលលោកនិងអនាគតភរិយាខ្លាចក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ទៅនាំឲ្យប៉ះពាល់ដល់អាជីពសិល្បៈទេ ព្រោះថាបច្ចុប្បន្នរូបលោកនិងគូដណ្ដឹងចិត្ត១ ថ្លើម១គ្នាទៅហើយ ។
៥៖អ៊ីវ៉ា ៖ តារាចម្រៀងសាន់ដេឃីន ស្រីនាថ ហៅអ៊ីវ៉ា បានលាក់ស្នេហ៍លោកលី សេងហួរ អស់រយៈពេល៧ឆ្នាំ ពោលគឺទើបតែនៅពាក់កណ្ដាលឆ្នាំ២០២៣ អ្នកទាំងពីរព្រមបើកស្នេហ៍ចំហ ព្រោះឪពុកអ៊ីវ៉ា លោកអ៊ូ វ៉ាវ ចង់ឃើញកូនស្រីរៀបការនៅឆ្នាំ២០២៤ ខណៈដែលលោកសេងហួរ ជាម្ចាស់ក្លិបបាល់ទាត់សៀមរាបយូណាធីត លែងចង់សាងស្នេហ៍ដោយលាក់លៀមតទៅទៀតទើបធ្វើឲ្យស្រីនាថ ទាល់ច្រក ។យ៉ាងណាគិតមកដល់ខែ៤ នេះអ៊ីវ៉ា នៅមិនទាន់កំណត់ថ្ងៃរៀបការដដែល ដោយតាមព័តមានថានាងនៅតែស្ទាក់ស្ទើចិត្តព្រោះខ្លាចការប្ដីទៅលែងមានទីផ្សារសិល្បៈ។ប៉ុន្ដែលោកវ៉ាវ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកមិនខ្លាចកូនស្រីរៀបការទៅអាជីពសិល្បៈធ្លាក់ហៅលែងឭនោះទេ ព្រោះលោកយល់ថាអាជីពចម្រៀងទស្សនិកជនគាំទ្រឬលែងគាំទ្រនៅលើសម្ថភាពតារា ។
ក្រៅពីតារាទាំង៥ដួងខាងលើដែលមិនច្បាស់ថ្ងៃរៀបការនៅឆ្នាំ២០២៤ នោះនៅមានតារាមួយចំនួនទៀតដូចជាម៉ានីកា ,ម៉ង់ ច័ន្ទកញ្ញា ,ឈិន មុនីនាថ និងសន ច័ន្ទធីតា ជាដើម ដែលសុទ្ធតែមានម្ចាស់ស្នេហ៍រៀងៗខ្លួន នោះក៍មិនទាន់កំណត់ថ្ងៃដឹកដៃអនាគតស្វាមីក្រាបផ្ទឹមដូចគ្នា ៕