ភ្នំពេញ ៖ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ខណៈចុះជួបថ្នាក់ដឹកនាំ មូលដ្ឋាននៃគណបក្សសង្គ្រោះជាតិ លោកបាន អំពាវនាវថា លោកចង់បានឯកភាពជាតិ ចង់ ឱ្យខ្មែរជានានឹងគ្នា ប៉ុន្តែសូមកុំប្រើល្បិច ទុច្ចរិត ព្រោះល្បិចកិច្ចកល នេះមិនអាចទាញយកទឹក ចិត្តប្រជាពលរដ្ឋខ្មែរ ឱ្យគាំទ្រខ្លួនបានឡើយ។
លោកកឹម សុខា បានសរសេរក្នុងទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ខ្ញុំសូមឱ្យ ថ្នាក់ដឹកនាំយើង កុំគិតត្រឹមតែយកចាញ់-ឈ្នះ ក្នុងគណបក្សខ្លួនឯង ឬខ្មែរគ្នាឯង សូមឱ្យគិត មើលឱ្យឆ្ងាយ ឱ្យខ្ពស់ជាងនេះ។
យើងធ្វើការតស៊ូ លះបង់ប្រឈមនឹង ឧបសគ្គយ៉ាងច្រើន មានទាំងទទួលរងការជេរ ប្រមាថ ការមួលបង្កាច់ ការធ្វើទុក្ខបុកម្នេញ ការចាប់ដាក់គុកច្រវាក់ ការគំរាមកំហែង រហូត ដល់អាយុជីវិតនេះ គឺ “ដើម្បីសង្គ្រោះជាតិ”។ សង្គ្រោះជាតិ គឺសង្គ្រោះប្រទេសកម្ពុជា និង ប្រជាពលរដ្ឋខ្មែរ កុំឱ្យហិនហោចខ្លោចផ្សា កាប់ សម្លាប់គ្នា រងទុក្ខវេទនាតទៅទៀត។
យើងចង់បានឯកភាពជាតិ ចង់ឱ្យខ្មែរជានា នឹងគ្នា។ ក៏ប៉ុន្តែសូមកុំប្រើល្បិចទុច្ចរិត ព្រោះ ល្បិចកិច្ចកលនេះ មិនអាចទាញយកទឹកចិត្តពី ប្រជាពលរដ្ឋខ្មែរ ឱ្យគាំទ្រខ្លួនបានឡើយ។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ ខេត្ត សៀមរាប”។
ដោយឡែក កាលពីរសៀលថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០១៧ លោកកឹម សុខា បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ៖
-អតីតកាល ជាការពិសោធន៍
-បច្ចុប្បន្នកាល ជាការអនុវត្ត
-អនាគតកាល ជាការផ្លាស់ប្តូរ។
ដូច្នេះខ្ញុំសូមឱ្យថ្នាក់ដឹកនាំយើង ដឹកនាំ ជាប្រព័ន្ធ កុំតាំងខ្លួនជាតួឯក ព្រោះគ្មានអ្វីជា អមតៈ និងមិនប្រែប្រួលនោះទេ។ តាមការកត់ សម្គាល់របស់ខ្ញុំ ការដឹកនាំជាប្រព័ន្ធដឹកនាំ ដោយ យន្តការស្ថាប័ន មិនសូវជាមានបញ្ហា មានជម្លោះ ដោះស្រាយមិនបាននោះទេ។ ផ្ទុយទៅវិញ ការ ដឹកនាំដោយតាំងខ្លួនជាតួឯក មានតែអញ វា នឹងនាំមកនូវបញ្ហាជម្លោះ និងការឈឺចាប់មិន ចេះចប់។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់- ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ ខេត្ត ព្រះវិហារ…។
ចំណែកនៅព្រឹកថ្ងៃដដែលនោះ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកដែរថា “ខ្ញុំសូមជម្រាបជូន ថ្នាក់ដឹកនាំមូលដ្ឋានជ្រាបថា គោលបំណងក្នុង ការជ្រើសរើសបេក្ខជន ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ ឃុំ-សង្កាត់ ពេលនេះ ត្រូវពិនិត្យ វាយតម្លៃ ៖
១-ដើម្បីឈ្នះ គឺ ៖ សកម្មភាព ប្រជាប្រិយភាព និងលទ្ធភាព
២-ដើម្បីដឹកនាំ គឺ ៖ សមត្ថភាព គុណធម៌ និងទេពកោសល្យ។
ចំពោះការធ្វើសេចក្តីសម្រេចចិត្តក្នុងការ ជ្រើសរើសបេក្ខជននេះ ថ្នាក់ដឹកនាំខេត្ត និង ស្រុក ត្រូវរៀបចំទៅតាមយន្តការ បទបញ្ញត្តិ គណបក្ស និងត្រូវធ្វើការសម្រេចចិត្តដោយមាន ការពិភាក្សាគ្នាជាក្រុម ចៀសវាងការសម្រេច ដោយបុគ្គលអត្តនោម័តិ។ ជាពិសេសក្នុងនាម ជាអ្នកដឹកនាំ ក្នុងការដោះស្រាយបញ្ហា ត្រូវ តាំងចិត្តជាកណ្តាល (ឧបេក្ខា)។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ៕