ភ្នំពេញ៖លោកគួច ខេវិន បើទោះជាមិនបានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ មែន ប៉ុន្ដែក្នុងនាមជាបេក្ខភាពឈរឈ្មោះម្នាក់លោកបានសម្ដែងការសាទរទៅដល់លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ហៅស្រីតូច ចំណាន ដែលបានឈ្នះឆ្នោតដល់ទៅ៩៣% ក្លាយទៅជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីនិងត្រូវដឹកនាំរយៈពេល៥ឆ្នាំគឺពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ។ប៉ុន្ដែលោកខេវិន បានតាំងចិត្តថាលោកនឹងជួយជ្រោមជ្រែងសមាគមសិល្បករខ្មែរឲ្យកាន់តែមានការរីកចំរើនទៅមុខ តាមរយៈការយកចំណេះជំនាញនិងបទពិសោធន៍របស់លោកទាំងអស់មកបម្រើសមាគមួយនេះ។
លោកគួច ខេវិន ថ្លែងថា”ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២៤ ដែលជាលទ្ធផល ដូចអ្វីនៃការរំពឹងទុករបស់ខ្ញុំ ។ សិល្បករ សិល្បការនីទម្រង់សម័យមិនបានចូលរួមបោះឆ្នោតស្ទើរតែទាំងអស់ព្រោះតែការកាត់ចោលរយៈពេលចុះឈ្មោះពី១០មកត្រឹម៣ថ្ងៃ ឯបេក្ខភាពឈរឈ្មោះឲ្យគេបោះឆ្នោតក៏មានតិចព្រោះរៀបឯកសារមិនទាន់ តែយ៉ាងនេះក៏ដោយដំណើរការបានប្រព្រឹត្តទៅធម្មតា ។ ខ្ញុំសូមអបអរសាទរដោយសុទ្ធចិត្តចំពោះលោកជំទាវឧកញ៉ា ម៉ៅ ចំណាន(ស្រី តូចចំណាន)ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មីដែលជាជោគជ័យដ៏ត្រចះត្រចង់សម្រាប់សិល្បៈវប្បធ៌មជាតិនិងជាក្តីសង្ឃឹមសម្រាប់អ្នកសិល្បៈទាំងអស់ ប៉ុន្តែនេះក៏ជាអំរែកដ៏ធ្ងន់មួយសម្រាប់លោកជំទាវឧកញ៉ាដែលតាំងចិត្តធ្វើឲ្យមានវឌ្ព្យនភាពថ្មីក្នុងវិស័យសិល្បៈខ្មែរ ដូចអ្វីដែលសម្តេចពុកតេជោហ៊ុន សែន បានផ្តល់អនុសាសន៍ ចង្អុលបង្ហាញកន្លងមកនិងតាមប្រសាសន៍ណែនាំរបស់លោកជំទាវភឿង សកុណា រដ្នមន្ត្រីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ថ្មីៗក្រោយបញ្ចប់ការជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ។យ៉ាងណាក៏ដោយខ្ញុំនឹងយកចំណេះដឹងនិងបទពិសោធន៍ព្រមទាំងទេពកោសល្យរបស់ខ្ញុំជួយដល់កិច្ចការអភិវឌ្ព្យន៍សមាគមសិល្បករខ្មែរឲ្យមានការប្រែប្រួលរីកចម្រើនថ្មីប្រកបដោយសេចក្តីថ្លៃថ្នូរ “។
គួរបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសប្រធានសិល្បករខ្មែរអាណត្តិទី៦ រៀបចំនៅរាជបណ្ឌិតសភាកម្ពុជា (ផ្លូវសហព័ន្ធរុស្សី)នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានបេក្ខភាពតែ៣រូបប៉ុណ្ណោះឈរឈ្មោះឲ្យសិល្បករដែលមានសិទ្ធិបោះឆ្នោតពីសមាគមបានកំណត់ចំនួន៦០០នាក់ ជ្រើសរើសនោះគឺលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ហៅស្រីតូច ចំណាន ,លោកគួច ខេវិន និងលោកផាត់ តារារ័ត្ន ហើយជាលទ្ធផលគឺលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ទទួលសម្លេង៥២៧ សម្លេង ឬស្មី៩៣% ,លោកផាត់ តារារ័ត្ន ទទួលបាន២៩ សម្លេង ឬស្មើ៥% និងលោកគួច ខេវិន ទទួលបាន១១ សម្លេង ស្មី២% ។លោកគួច ខេវិន ថ្លែងថាលោកបានដឹងថាអ្នកណានឹងជាប់ជាប្រធានសិល្បករខ្មែរអាណត្តិថ្មីនេះតាំងពីមុនការប្រកាសលទ្ធផលទៅទៀត ប៉ុន្ដែមូលហេតុដែលលោកនៅតែឈរឈ្មោះព្រោះតែលោកចង់ចូលរួមធ្វើការជាមួយសមាគមមួយនេះក្នុងអាណត្តិថ្មីគឺដើម្បីជួយជ្រោមសិល្បករខ្មែរឲ្យមានការរីកចំរើន ទៅមុខថែមទៀត ហេតុនេះហើយលោកថាលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន គឺជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីនេះដ៍សាកសមបំផុត។ប៉ុន្ដែមុនការបោះឆ្នោតមកដល់លោកខេវិន ហាក់មិនអស់ចិត្តដែលសមាគមកាត់ចោលចំនួនថ្ងៃអ្នកដែលទៅចូលរួមចុះឈ្មោះបោះឆ្នោតពី១០មកត្រឹម៣ថ្ងៃ ធ្វើឲ្យសិល្បករទម្រង់សម័យជាច្រើនដួងគ្មានឈ្មោះដើម្បីទៅចូលរួមបោះឆ្នោតដែលសមាគមកំណត់យកត្រឹមតែចំនួន៦០០នាក់នោះ។តែយ៉ាងណាពេលនេះលោកខេវិន បង្ហាញការគាំទ្រនិងពេញចិត្តខ្លាំងចំពោះលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ក្លាយជាប្រធានសិល្បករខ្មែរអាណត្តិទី៦ ហើយគេរងចាំមើលថាតើលោកខេវិន នឹងមានតួនាទីអ្វីក្នុងរចនាសម្ព័ន្ធសមាគមសិល្បករខ្មែរអាណត្តិថ្មីនេះដើម្បីឲ្យលោកអាចយកបទពិសោធន៍ធ្វើការក្នុងវិស័យមួយនេះរយៈពេលជាង២០ឆ្នាំមកហើយមកបម្រើសិល្បករខ្មែរ ៕