ណូវែលសូឡង់៖ កងកម្លាំងការពារជាតិណូវែលសូឡង់ឲ្យដឹងកាលពីថ្ងៃពុធថាយោធារបស់ខ្លួនបានបញ្ជូនកងទ័ព៥៥នាក់និងយន្តហោះឈ្លបការណ៍ P-3K2 Orion មួយគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងពហុជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើប្លន់តាមដែនសមុទ្រក៏ដូចជាការជួញដូរគ្រឿងញៀនជាដើម ។
មេបញ្ជាការកងកម្លាំងរួមណូវែលសូឡង់លោកឧត្តមសេនីយ៍ទោ Tim Gall បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមកងកម្លាំងការពារជាតិណូវែលសូឡង់នឹងជួយល្បាតក្នុងផ្ទៃទឹកអន្តរជាតិ៨,២៩លានម៉ែត្រក្រឡាដើម្បីជួយគាំទ្រដល់កងទ័ពម៉ារីនពហុជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេល១២ខែក្រោយ ។
លោក Gall បានថ្លែងថាតាមរយៈបេសកកម្មនេះយើងនឹងជួយការពារដល់បណ្តាញផ្លូវពាណិជ្ជកម្មដ៏សំខាន់នៅក្នុងរង្វង់សមុទ្រអារ៉ាប់និងមហាសមុទ្រឥណ្ឌានិងបង្ហាញឲ្យឃើញជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តដែលមានជាយូរណាស់មកហើយរបស់រដ្ឋាភិបាលក្នុងការរក្សាសន្តិសុខពិភពលោក ។
គួររំលឹកផងដែរថាក្រុមកងកម្លាំងការពារជាតិណូវែលសូឡង់បានជួយដល់កងម៉ារីនរួមដែលដឹកនាំដោយសហរដ្ឋអាមេរិកស្រាវជ្រាវរកនិងស្កាត់ចាប់នាវាដែលប៉នប៉ងជួញដូរគ្រឿងញៀនក្នុងទំហំទឹកប្រាក់៣៦៥,៥៥លានដុល្លារ។