Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ាស្រវឹង បងថ្លៃវ៉ៃ...ព...ក...ក្បាល ខឹងដេកដូចងាប់ គោះទ្វារហៅអត់ឮ

ឧកញ៉ាស្រវឹង បងថ្លៃវ៉ៃ…ព…ក…ក្បាល ខឹងដេកដូចងាប់ គោះទ្វារហៅអត់ឮ

ភ្នំពេញ ៖ យុវជនម្នាក់ បានធ្វើដំណើរឡើងមកពីស្រុក ដើម្បីរកការងារធ្វើនៅភ្នំពេញ ដោយមកស្នាក់នៅក្នុងបន្ទប់ជួល ជាមួយបងស្រីបង្កើតនិងប្តី (ត្រូវជាបងថ្លៃ) អស់រយៈពេលជាង ២០ថ្ងៃមកហើយ តែនៅពុំទាន់រកការងារបានធ្វើនៅឡើយ លុះក្រោយមកបានផឹកស៊ីស្រវឹង ធ្លាក់ភ្នែក ចូលដេកក្នុងបន្ទប់ បិទទ្វារដាក់គន្លឹះជាប់ លុះបងស្រីនិងបងថ្លៃត្រឡប់មកពីធ្វើការយប់ គោះទ្វារដាស់រាប់ម៉ោង ទើបក្រោក ជាហេតុធ្វើឱ្យបងថ្លៃខឹង ក៏ស្ទុះទៅវាយ ៤-៥ដៃ បណ្តាលឱ្យពកក្បាល។

ករណីអំពើហិង្សាក្នុងគ្រួសារ បងថ្លៃវាយប្អូនថ្លៃពកក្បាលនេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល តាមផ្លូវ២៧១ ម្តុំក្បែរផ្សារជីបម៉ុងម៉ល ស្ថិតក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ។

យុវជនរងគ្រោះដែលត្រូវបងថ្លៃវាយពកក្បាល មានឈ្មោះហង្ស ឧកញ៉ា អាយុ២៥ឆ្នាំ មុខរបរមិនទាន់មាន ស្នាក់នៅបណ្តោះអាសន្នជាមួយបងស្រី និងបងថ្លៃ ក្នុងបន្ទប់ជួល ទីតាំងកើតហេតុខាងលើ។

តាមសម្តីយុវជនឈ្មោះហង្ស ឧកញ៉ា ខាងលើ បានរៀបរាប់ប្រាប់ថា កន្លងមក ខ្លួនមានការងារជាកូនកាំបិត តែរយៈពេលប្រមាណ៥-៦ខែចុងក្រោយនេះ ក៏ឈប់ធ្វើការងារជាកូនកាំបិត រួចក៏ទៅសម្រាកនៅស្រុកកំណើតមួយរយៈ ទើបឡើងមករកការងារធ្វើនៅភ្នំពេញ ដោយមកស្នាក់នៅបន្ទប់ជួល ជាមួយបងស្រីបង្កើតនិងបងថ្លៃប្រុស គិតមកដល់ពេលនេះ មានរយៈពេលប្រមាណជាង២០ថ្ងៃទៅហើយ ប៉ុន្តែនៅមិនទាន់រកការងារបានធ្វើនៅឡើយ។

យុវជន ឧកញ៉ា បន្តថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ក្រោយពេលបងស្រី និងបងថ្លៃចេញ ទៅធ្វើការអស់ខ្លួនក៏បានផឹកស៊ីជាមួយអ្នកស្គាល់គ្នារហូតដល់ស្រវឹងជោក រួចចូលទៅដេកនៅក្នុងបន្ទប់ ដោយបានបិទទ្វារ និងដាក់គន្លឹះជាប់ ទៀតផង។ រហូតមកដល់វេលាទៀបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បងស្រី និងប្តី ត្រឡប់មកពីធ្វើការវិញ និងបានគោះទ្វារហៅខ្លួន ដែលនៅខាងក្នុងឱ្យបើកទ្វារ ដើម្បីពួកគាត់បានចូលបន្ទប់សម្រាក ប៉ុន្តែដោយសារតែរូបគេស្រវឹងខ្លាំងពេក ក៏ដេកលក់គ្មានដឹងខ្លួនអ្វីបន្តិចសោះ ទើបមិនឮសំឡេងបងស្រីនិងបងថ្លៃគោះទ្វារហៅនោះទេ។

យុវជនខាងលើ បញ្ជាក់ថា លុះក្រោយមក ពេលខ្លួនភ្ញាក់ដឹងខ្លួន ក៏បានបើកទ្វារឱ្យបងស្រី និងប្តីចូលបន្ទប់ ហើយពេលនោះ បងថ្លៃរបស់ខ្លួន មិនបានមាត់កអ្វីទេ គឺបានដើរចូលទៅងូតទឹកបាត់ទៅ ចំណែកបងស្រីរបស់ខ្លួនវិញ បានរអ៊ូរទាំរឿងដេកដូចងាប់ អត់ព្រមបើកទ្វារឱ្យពួកគាត់ ហើយពេលនោះ ខ្លួននៅមានជាតិស្រវឹងផង ងងុយដេកផង ក៏មួម៉ៅ និងលើករឿងដែលបងស្រីរអ៊ូរទាំកន្លងមក មកនិយាយ ជាហេតុធ្វើឱ្យបងថ្លៃចេញមកពីងូតទឹកវិញ មិនបានសួរនាំអ្វីច្រើនទេ ក៏ស្ទុះមកដាល់រូបគេ ៤-៥ថ្ងៃ ចូលផ្ទៃមុខ និងក្បាល បណ្តាលឱ្យប៉ោងមុខ ពកក្បាលតែម្តង។

ក្រោយពីត្រូវបងថ្លៃវាយ បណ្តាលឱ្យពកក្បាលរួចមក យុវជនខាងលើ កើតទុក្ខមិនសុខចិត្ត ក៏បានដើរចេញពីបន្ទប់ទាំងតូចចិត្ត និងអះអាងថា នឹងទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចកោះហៅបងថ្លៃទៅដោះស្រាយគ្នា។យ៉ាងណា ករណីនេះ ពុំមានការបកស្រាយបំភ្លឺពីភាគីបុរសជាបងថ្លៃ និងប្រពន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់យុវជនខាងលើនោះទេ៕

RELATED ARTICLES