ខេត្តកំពតៈ រូបភាពពីដ្រូន (Drone) បានផ្តិតយកទិដ្ឋភាពដ៏កម្រ និងគួរឱ្យស្រឡាញ់ដែលមិនសូវបានឃើញ នៅក្នុងផ្ទៃទឹកនៃសហគមន៍នេសាទព្រែកត្នោត ដោយក្នុងនោះ ឃើញសត្វផ្សោតឃ្លៀច (Indo-Pacific Humpback Dolphins) មួយគូ កំពុងហែលក្បែរគ្នា និងយកចំពុះមកប៉ះគ្នាថ្នមៗ ដើម្បីបង្ហាញពីក្តីស្រឡាញ់និងភាពស្និទ្ធស្នាល។

កូនផ្សោតជំទង់មួយក្បាល កំពុងហែលក្រឡឹងជុំវិញឪពុកម្តាយ ដោយភាពសប្បាយរីករាយ និងពោរពេញដោយថាមពល។
ទិដ្ឋភាពនេះ សបញ្ជាក់ឱ្យឃើញពីចំណងដ៏ស្អិតល្មួត និងការរស់នៅដោយសុខសាន្ត របស់ពួកវា នៅក្នុងតំបន់អភិរក្ស ដែលត្រូវបានការពារយ៉ាងដិតដល់។
អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានទម្លាក់ប្រអប់ថ្ម នៅតាមបណ្តាតំបន់អភិរក្សនានា ដើម្បីបង្កើតជម្រកសិប្បនិម្មិត សម្រាប់ជីវៈចម្រុះនៅដែនសមុទ្ររបស់យើង។

ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០២៣ មក ការបង្កើតជម្រកសិប្បនិម្មិត បានជួយឱ្យធនធានជីវៈចម្រុះនៅតំបន់ទាំងនេះកើនឡើង និងជួយលើកស្ទួយនិរន្តរភាពនៃផលជលផល របស់ប្រជានេសាទ ក្នុងតំបន់ផងដែរ៕