Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនមន្ត្រី៣នាក់ រត់ការចូលក្របខ័ណ្ឌ

ឃាត់ខ្លួនមន្ត្រី៣នាក់ រត់ការចូលក្របខ័ណ្ឌ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមាន គ្រូបង្រៀន ២នាក់ និងមន្ត្រីក្រសួងផែនការម្នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ក្រោយអ្នកទាំង៣ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរត់ការចូលក្របខ័ណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀតផងដែរ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួនរួមមាន ទី១-ឈ្មោះនង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអាន ព្រៃសណ្តែក។ ទី២-ឈ្មោះស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋម សិក្សាធន់មន្ត និងទី៣-ឈ្មោះហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ។

យោងតាមរបាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ខាងលើ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា បានសហការគ្នារត់ការបញ្ចូលចូលក្របខ័ណ្ឌ ដោយខុសច្បាប់ តាំងពីឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ ក្នុងនោះមានសកម្មភាពដូចជា ការរត់ការចូលក្របខ័ណ្ឌរដ្ឋ ការរត់ការចូលក្របខ័ណ្ឌគ្រូបង្រៀន និងក្របខ័ណ្ឌក្រសួងផ្សេងៗទៀត។

របាយការណ៍ដដែល បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ បានសហការគ្នាទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ ដូចជា សញ្ញាបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារ ដល់ ១៥០០ដុល្លារ។ ចំពោះការរត់ការចូលក្របខ័ណ្ឌរដ្ឋ យកតម្លៃចាប់ពី ១១០០០ដុល្លារ រហូត ដល់ ១៦០០០ដុល្លារ តាមប្រភេទក្របខ័ណ្ឌផ្សេងៗគ្នា៕

RELATED ARTICLES