Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានក្រឡាប់ ធ្លាយស្រាបៀរពេញផ្លូវ

បើកឡានក្រឡាប់ ធ្លាយស្រាបៀរពេញផ្លូវ

ខេត្តកំពត ៖ រថយន្តកូនរ៉េ (ឃ្លុប) ១គ្រឿង បើកបរក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោង ព្យាយាមបួងចង្កូតគេចរថយន្ត ១គ្រឿងទៀត ដែលកំពុងបើកថយក្រោយ ចេញពីកន្លែងជួសជុល ធ្វើឱ្យរថយន្តឃ្លុបក្រឡាប់ផ្ងាជើង  ធ្លាយចេញសុទ្ធតែស្រាបៀរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី១១ ឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតនៅចំណុចផ្លូវកោងក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបកូរ៉េ ១គ្រឿង បានធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង មកដល់ផ្លូវកោង ស្រាប់តែមានរថយន្ត ១គ្រឿងទៀត បើកថយចេញពីកន្លែងជួសជុល ពីលិច មកកើត ធ្វើឱ្យរថយន្តឃ្លុបព្យាយាមបួងចង្កូតគេច តែដោយសាររថយន្តដឹកស្រាបៀរនិងភេសជ្ជៈធ្ងន់ផង និងបើកបរក្នុងល្បឿនលឿនទៀត ទើបធ្វើឱ្យក្រឡាប់ផ្ងាជើង ធ្លាយចេញស្រាបៀរនិងភេសជ្ជៈជាច្រើនមុខ ពេញផ្លូវតែម្តង។

ប្រភពដដែល បន្តថា  គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយខ្លួនឯង បណ្តាលឱ្យអ្នកបើកបររងរបួស ធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកស្រុកកំពង់ត្រាច។ ដោយឡែកស្រាបៀរ និងភេសជ្ជៈ ត្រូវបានសមត្ថកិច្ចយាមកាម មិនឱ្យមានការបាត់បង់ឡើយ៕

RELATED ARTICLES