ខេត្តបន្ទាយមានជ័យ ៖ សត្វគោ ចំនួន៣ក្បាល ដែលត្រូវបានប្រជាពលរដ្ឋយកទៅចងឱ្យស៊ីស្មៅនៅកណ្តាលវាលស្រែ ត្រូវបានរន្ទះបាញ់ បណ្តាលឱ្យងាប់រដូករណែលពេញវាលស្រែ ក្រោយមានភ្លៀងធ្លាក់១មេ លាយឡំដោយផ្គររន្ទះ។
ករណីរន្ទះបាញ់សត្វគោងាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក។

តាមប្រភពពីសមត្ថកិច្ចឃុំស្ពានស្រែង បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រឃុំស្ពានស្រែង មានធ្លាក់ភ្លៀង១មេធំ លាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំង ស្រាប់តែបន្តិច ក្រោយមក កើតមានបាតុភូតគ្រោះធម្មជាតិ រន្ទះបាញ់សត្វគោដែលកំពុងដើរស៊ីស្មៅនៅវាលស្រែ បណ្តាលឱ្យងាប់សត្វគោ អស់ចំនួន៣ក្បាលភ្លាមៗនៅនឹងកន្លែងតែម្តង។

ប្រភពដដែល បន្តថា សត្វគោអ្នកស្រុក ទាំង៣ក្បាល មានម្ចាស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ក្នុងនោះទី១-មានម្ចាស់ឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ៥៧ឆ្នាំ។ ទី២-ឈ្មោះព្រំ ឌីណា ភេទស្រី អាយុ៥៩ឆ្នាំ និងទី៣-ឈ្មោះរិត សាង ភេទប្រុស អាយុ៤១ឆ្នាំ៕