Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្ទាវជិះម៉ូតូបុកអ្នកគ្រូបង្រៀន បា...ក់...ដៃ

ក្មេងស្ទាវជិះម៉ូតូបុកអ្នកគ្រូបង្រៀន បា…ក់…ដៃ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ជាគ្រូបង្រៀន រងរបួសធ្ងន់ បាក់ដៃឆ្វេងសន្លប់ស្តូកស្តឹង ចំណែកសិស្សសាលាម្នាក់ បានរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវម៉ូតូធុនធំ ១គ្រឿង ជិះដោយក្មេងស្ទាវ បើកលឿន វ៉ាជែងជ្រុលទៅបុកម៉ូតូអ្នកគ្រូបង្រៀន ដែលកំពុងជិះបញ្ច្រាសទិសគ្នា នៅចំណុចមុខសាលារៀន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងមុខសាលាគោកបញ្ជាន់ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវក្មេងស្ទាវជិះម៉ូតូបុក បណ្តាលឱ្យបាក់ដៃ មានឈ្មោះរុន សុផាត ភេទស្រី អាយុ៤៣ឆ្នាំ មុខ របរគ្រូបង្រៀន ស្នាក់នៅក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិជីរោទ៍២ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញមានម៉ូតូធុនធំ ១គ្រឿង មិនស្គាល់ម៉ាកនិងស្លាកលេខ ជិះដោយក្មេងស្ទាវ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន បោះពួយក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ត្រង់ចំណុចដល់មុខសាលារៀនគោកបញ្ជាន់ ខណៈដែលសិស្សកំពុងបត់កង់ម៉ូតូចូលសាលា ស្រាប់តែម៉ូតូក្មេងស្ទាវនោះ មិនបង្អង់ល្បឿន ព្យាយាមវ៉ាជែងគេច ជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-0861 ជិះដោយអ្នកគ្រូបង្រៀនឈ្មោះរុន សុផាត ដែលកំពុងធ្វើដំណើរក្នុង ទិស ដៅពីត្បូង ទៅជើង បញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកគ្រូបង្រៀន រងរបួសធ្ងន់ បាក់ដៃ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង។ ចំណែកម៉ូតូក្មេងស្ទាវ បានបន្តទៅប៉ះម៉ូតូស្កុបពី ពណ៌ស ១គ្រឿងទៀត ជិះដោយសិស្សសាលាម្នាក់ បណ្តាលឱ្យដួលរបួសស្រាល ហើយម៉ូតូបង្កហេតុ បានបន្ថែមល្បឿនរត់គេច បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ លើកដាក់រ៉ឺម៉កម៉ូតូផ្ទាល់ខ្លួន យកទៅពេទ្យ តែត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ លើកដាក់រថយន្តវិញ រួចប្រញាប់ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗ។

ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវបានក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ខណៈដែលម៉ូតូបង្កហេតុ បើករត់គេចបាត់៕

RELATED ARTICLES