Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់ បាក់អគារសំណង់ របួស៧នាក់

ខ្យល់កន្ត្រាក់ បាក់អគារសំណង់ របួស៧នាក់

ខេត្តស្វាយរៀង ៖ ភ្លៀងមួយមេធំ លាយខ្យល់កន្ត្រាក់ បង្កឱ្យរលំអគាររោងចក្រកំពុងសាងសង់ចំនួន២ខ្នង បាក់ រាបដល់ដី និងបណ្តាលឱ្យកម្មករសំណង់ ចំនួន៤នាក់ រងរបួសធ្ងន់ បែកក្បាល បាក់ធ្មេញ បាក់ដៃ ចំណែក៣ នាក់ផ្សេងទៀត រងរបួសស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត៣ ក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា។

 តាមប្រភពពីអាជ្ញាធរស្រុកចន្ទ្រា បានឱ្យដឹងថា មានភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឱ្យគ្រោងដែកសាងសង់អគាររោងចក្រ ២ខ្នង មានទំហំ ទទឹង៨១ម៉ែត្រ បណ្តោយ១៦២ម៉ែត្រ កំពុងតែសាងសង់ថ្មី ដួលរលំខូចខាតទាំងស្រុង ដែលបង្កឱ្យកម្មករសំណង់ រងរបួសចំនួន៧នាក់ ក្នុងនោះរបួសធ្ងន់ ៤នាក់ (បាក់ដៃ ២នាក់ របួសបែកក្បាល២នាក់) និងរបួសស្រាល ៣នាក់។ ក្រោយកើតហេតុ អ្នករបួសធ្ងន់ទាំង៤នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង អ្នករងរបួសស្រាល ៣នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។ ចំណែកអគាររោងចក្រដែលកំពុងសាងសង់ថ្មី ខូចខាតទាំងស្រុង។ ជាមួយនេះក៏បណ្តាលឱ្យខូចខាតរថយន្ត ក្រឡុកស៊ីម៉ងត៍ ៣គ្រឿង ខូចខាតរថយន្តបាញ់បេតុង ១គ្រឿង ខូចខាតរថយន្តម៉ាកតាកូម៉ា ១គ្រឿង និងរ៉ូឡូកិនដី ១គ្រឿង តែពុំមានអ្នកណាម្នាក់រងគ្រោះដល់ជីវិតឡើយ៕

RELATED ARTICLES