Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ជូនខ្លួនស្រីបន្លំជាកូនចៅស្នងការ បោកលុយរាប់ម៉ឺនដុល្លារ ទៅតុលាការ

បញ្ជូនខ្លួនស្រីបន្លំជាកូនចៅស្នងការ បោកលុយរាប់ម៉ឺនដុល្លារ ទៅតុលាការ

ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសក្លែងបន្លំជានគរបាលជាតិ និងបន្លំជាកូនចៅលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបោកប្រាស់លុយប្រជាពលរដ្ឋ។ជនសង្ស័យខាងលើ មានឈ្មោះឃុត ដាវី មានលំនៅ ផ្ទះលេខ១១បេ ផ្លូវ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ស្ត្រីខាងលើ បានចូលខ្លួនសារភាពនៅចំពោះមុខសមត្ថកិច្ច កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ជុំវិញការចោទប្រកាន់បោកប្រាស់លុយពីប្រជាពលរដ្ឋ អស់ជាច្រើន និងគ្រងឯកសណ្ឋាននគរបាលជាតិក្លែងបន្លំ ដើម្បីឆបោកប្រជាពលរដ្ឋដែលមានការផ្សព្វ ផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី ៖

១-ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា (ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិ ថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) កាលពីឆ្នាំ២០១៩ ។

២-ឆបោកប្រាក់ចំនួន ២១ ២០០ដុល្លារ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ ដោយយករូបថតលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ  ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង។

៣-រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤៣៥០ដុល្លារ កាលពីឆ្នាំ២០២២ ។

៤- បន្លំ (ទិញទុរេន មិនឱ្យប្រាក់ចំនួន ២៣១ ២០០រៀល) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

 ការឃាត់ខ្លួនស្ត្រីសង្ស័យ សមត្ថកិច្ចអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះក្នុងអំពើឆបោកដែលបានប្រព្រឹត្តដោយស្ត្រីសង្ស័យ និងផ្អែកតាមចម្លើយសារភាពចំពោះមុខសមត្ថកិច្ច របស់ស្ត្រីសង្ស័យ៕

RELATED ARTICLES