Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកគ្រឿងក្នុងជ្រូកបង្កក កន្លះតោន ភ័យអ្នកកាសែតដេញ ទម្លាក់ចោល

ដឹកគ្រឿងក្នុងជ្រូកបង្កក កន្លះតោន ភ័យអ្នកកាសែតដេញ ទម្លាក់ចោល

ខេត្តបន្ទាយមានជ័យ ៖ គ្រឿងក្នុងជ្រូកបង្កក ទម្ងន់ជាងកន្លះតោន ត្រូវបានរថយន្ត ១គ្រឿង ដឹកទៅទម្លាក់ចោល ក្រោយអ្នកសារព័ត៌មានតាមប្រមាញ់ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចដីឡូត៍ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកាមរីច្នៃកាត់ទ្រុង ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2B-8463 បានដឹកគ្រឿងក្នុងជ្រូកបង្កក មកផ្ទេរដាក់រថយន្តម៉ាកស៊ីណា ពាក់ស្លាកលេខ ភ្នំពេញ 2AU -7981 ក្នុងភូមិសាស្គ្រភូមិបាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយអ្នកសារព័ត៌មានប្រមាណ ៤ទៅ៥អង្គភាព បានឃើញ ក៏តាមប្រមាញ់ ហើយរាយការណ៍ជូនមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយ មានជ័យ ភ្លាមៗ។

នៅពេលដែលអ្នកសារព័ត៌មានតាមប្រមាញ់ អ្នកបើករថយន្តស៊ីណា បានដឹកគ្រឿងក្នុងជ្រូកបង្កក ចំនួន៥កេស ស្មើនឹងជាង៥០០គីឡូក្រាម (ជាងកន្លះតោន) ទៅទម្លាក់ចោលនៅចំណុចដីឡូត៍មួយកន្លែង ស្ថិតភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្រោយរថយន្តស៊ីណា ដឹកទម្លាក់ចោលហើយ ឃើញមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ មកដល់ ពិនិត្យរួច បញ្ជាក់ថា គ្រឿងក្នុងជ្រូកទាំងនេះ ទំនងត្រូវឈ្មួញនាំចូលពីប្រទេសថៃ មកចែកចាយលក់ក្នុងស្រុក និងនាំចេញទៅបណ្តាខេត្ត។

ក្រោយមន្ត្រីពេទ្យសត្វមកដល់ បានលើកកេសគ្រឿងក្នុងជ្រូកបង្កក ចំនួន៥កេស ស្មើនឹងជាងកន្លះតោន យកទៅដុតកម្ទេចចោលនៅក្បែរខាងក្រោយស្នាក់ការផលិតកម្មនិងបសុព្យាបាលក្រុងប៉ោយប៉ែត ។ មន្ត្រីជំនាញ បានកោតសរសើរចំពោះអ្នកសារព័ត៌មានដែលបានសហការល្អជាមួយមន្ត្រីពេទ្យសត្វ ចាប់គ្រឿងក្នុងជ្រូកបង្កក ជាងកន្លះតោនបាន យកមកដុតកម្ទេចចោល។

ប្រជាពលរដ្ឋលើកឡើងថា តាមពិត រថយន្តកាមរីច្នៃកាត់ទ្រុង ពាក់ស្លាកលេខ ភ្នំពេញ 2B-8463 រកស៊ីដឹក សាច់បង្កក ដែលឈ្មួញនាំចូលពីប្រទេសថៃ សាងលក់នាំចេញតាមរថយន្តម៉ាក់ស៊ីណា ពាក់ស្លាកលេខ ភ្នំពេញ 2AU-7981 រកស៊ីជាយូរមកហើយ ទើបពេលនេះ អ្នកសារ ព័ត៌មាននៅក្រុងប៉ោយប៉ែត តាមប្រមាញ់ ក៏ដឹកគ្រឿងក្នុងជ្រូក ទៅទម្លាក់ចោលតែម្តង៕

RELATED ARTICLES