ភ្នំពេញ ៖ រូបភាពនៃរថយន្តតូយ៉ូតា ព្រូស ពណ៌ស ចំនួន២គ្រឿង ដែលមានស៊េរីឆ្នាំតែមួយ (២០១០) និងពាក់ ស្លាកលេខដូចគ្នាតែមួយនោះ ត្រូវបានបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គម កាលពីថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៤ រហូតមានការលើកឡើងថា “ឡានភ្លោះ” ដែលករណីនេះសមត្ថកិច្ច និងមន្ត្រីជំនាញ កំពុងតាមស្វែងរកម្ចាស់រថយន្តទាំង២គ្រឿង ដើម្បីមកធ្វើការសាកសួរ ព្រោះក្នុងនោះមានរថយន្ត ១គ្រឿង ពាក់ស្លាកលេខក្លែងក្លាយ។
លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ថា កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ មានការចែករំលែកតៗគ្នា នូវរូបភាពរថយន្តតូយ៉ូតា ព្រូស ពណ៌ស ២គ្រឿង មានស្លាកលេខដូចគ្នា គឺ ភ្នំពេញ 2BH-4497 តាមបណ្តាញតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដោយមិនមានបញ្ជាក់ប្រភពរូបថត ទីកន្លែង និងពេលវេលាឡើយ។
អ្នកនាំពាក្យក្រសួងសាធារណការ បានបន្តថា ពាក់ព័ន្ធករណីនេះ លោកសូមបញ្ជាក់ថា យោងតាមការពិនិត្យទិន្នន័យចុះបញ្ជីរបស់រថយន្តខាងលើ មានភិនភាគរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ស៊េរី ២០១០ បានចុះបញ្ជីក្នុងឆ្នាំ២០២០ ធ្លាប់ធ្វើទុតិយតាបណ្ណម្តង និងផ្ទេរកម្មសិទ្ធិ ២ដង។ មិនធ្លាប់មានធ្វើទុតិយតាស្លាកលេខទេ។ ត្រង់ចំណុចនេះ អាចសន្និដ្ឋានបឋមបានថា “រថយន្តទាំងពីរ មានមួយ ពាក់ផ្លាកលេខក្លែងក្លាយ”។
អ្នកនាំពាក្យ បន្តថា ដើម្បីផ្តល់ភាពត្រឹមត្រូវសម្រាប់ម្ចាស់រថយន្តពាក់ផ្លាកលេខស្របច្បាប់ លោកសូមអំពាវនាវដូចខាងក្រោម ៖
១-ក្នុងករណីសង្ស័យ (ដូចរូប) សូមអំពាវនាវសមត្ថកិច្ចចរាចរណ៍ផ្លូវគោក មេត្តាឃាត់ទុក ដើម្បីផ្ទៀងផ្ទាត់ឯកសារ រកភាពត្រឹមត្រូវ ។
២-ចំពោះម្ចាស់យានយន្ត ក៏ត្រូវចេញមុខដាក់ពាក្យបណ្តឹង ស្វែងរកភាពត្រឹមត្រូវសម្រាប់ខ្លួនឯងផងដែរ ។
តាមប្រភពព័ត៌មាន នៅថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចក្រោមឱវាទ ក្នុងភូមិសាស្ត្ររាជធានី តាមស្វែងរករថយន្តតូយ៉ូតា ព្រូស ពណ៌ស ដែលមានស្លាកលេខដូចគ្នានេះ តែរហូតមកដល់ល្ងាចថ្ងៃដដែល មិនទាន់មានព័ត៌មានទាក់ទិននឹងរថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BH-4497 នេះនៅឡើយ៕