Friday, March 29, 2024
Homeខ្សឹបឲ្យឮខ្សឹបឲ្យឮ ៖ តំណែងប្លង់រឹង

ខ្សឹបឲ្យឮ ៖ តំណែងប្លង់រឹង

ក្រុមមន្ត្រីដែលបម្រើការ នៅប្រៃសណីយ៍កម្ពុជា បានខ្សឹបឱ្យឮតាម “នគរធំ” ថា លោកអោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ដែលបានកាន់តំណែងឡើងដុះស្លែ ឬអាចនិយាយបានថា ទទួលបានបុព្វសិទ្ធិពិសេស ឬតំណែងមានប្លង់រឹង តែងបង្កព្យុះភ្លៀងតាមតែអំពើចិត្ត ហើយភាពអសកម្ម និងអំពើពុករលួយ នៅតែកើតមានជាបន្តបន្ទាប់ គ្មានស្រាកស្រាន្តសោះ។

មន្ត្រីតូចតាចនៅប្រៃសណីយ៍កម្ពុជា បានខ្សឹបថា នៅក្នុងក្រសួងប្រៃសណីយ៍នឹងទូរគមនាគមន៍ នរណាមិនដឹងថា រដ្ឋលេខាធិការទទួលផែនមួយរូបមានអំណាចខ្លាំង តែងបង្កព្យុះភ្លៀង តែងតាំងមន្ត្រី ឬអន្តរាគមន៍ការពារមុខតំណែងមន្ត្រីណាម្នាក់ ខ្លាំងជាងរដ្ឋមន្ត្រីទៅទៀត ដូច្នេះហើយ​ បានជាមន្ត្រីដុះស្លែមួយចំនួន ពួកគេនៅអាចបង្កព្យុះភ្លៀង ដោយសារតែពួកគេមានបង្អែកជួយការពារ។ ជាក់ស្តែង លោកអោក បូរ៉ា កាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ច្រើនឆ្នាំមកហើយ អត់មានការផ្លាស់ប្តូរទៅណាឡើយ បើទោះបីជាក្នុងអង្គភាពនេះ មានភាពអសកម្មមិនប្រក្រតី អំពើពុករលួយ កិបកេង ចំណូលថវិកាជាតិ កើតឡើងតាមគ្រប់រូបភាពក៏ដោយ តែមិនដឹងជាលោកអោក បូរ៉ា មានបារមីអ្វី ពិសេសទេ បានជាអាចតោងតំណែងនេះឡើង ដុះស្នឹម គ្មាននរណាអាចប្រជែងបានទេ។

ប្រភពដដែល ខ្សឹបបន្តថា តាមពិតទៅ លោកអោក បូរ៉ា គឺជាមនុស្សជំនិត និងធ្លាប់ជាអ្នករកលុយទៅផ្គត់ផ្គង់លោកសូរ ឃុន ចុះមូលដ្ឋានពង្រឹងបក្ស នៅឯខេត្តតាកែវ ទើបគាត់អាចមានគុណសម្បត្តិ ក្រាញតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា គ្មាននរណាហ៊ានប៉ះពាល់  ទោះជារដ្ឋមន្ត្រីផ្លាស់ប្តូរជាបន្តបន្ទាប់យ៉ាងណា ក៏សិទ្ធិអំណាចលោកអោក បូរ៉ា នៅតែរឹងមាំ មិនខ្វល់ពីកំណែទម្រង់ស៊ីជម្រៅអ្វីទាំងអស់។ អំណាចរបស់លោកអោក បូរ៉ា គឺអាចចាត់តាំង មន្ត្រីឱ្យកាន់ការងារតាមអំពើចិត្ត ប្រសិនបើមន្ត្រីថ្នាក់ក្រោម គ្មានជាប់ខ្សែទុយោរបស់គាត់ទេ ច្បាស់ជាត្រូវគេបញ្ជូនឱ្យទៅកាន់ការិយាល័យ ដែលគ្មានការងារធ្វើ ឬមានតែការងារអត់មានប្រាក់ចំណូល។ មិនតែប៉ុេណ្ណោះ លោកអោក បូរ៉ា ក៏បានប្រើអំណាចរបស់ខ្លួន ក្នុងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឬការជ្រើសរើសមន្ត្រីពេញសិទ្ធី ដែលជាខ្សែទុយោ ឬសាច់ញាតិរបស់ពួក គាត់ឱ្យស៊ីប្រាក់ខែរដ្ឋ យ៉ាងប្រសេចប្រសាច  បើទោះបីជាពេលខ្លះ មន្ត្រីទាំងនោះគ្មានការងារធ្វើ ឬក្នុងប៊ុយរ៉ូនីមួយៗគរជើងគ្នាក៏ដោយ ក៏លោកអោក បូរ៉ា រៀបចំឱ្យមានការជ្រើសរើសមន្ត្រីធំៗ ឱ្យចូលបម្រើការងារដេកស៊ីតែប្រាក់ខែ បំផ្លាញចំណូលថវិកាជាតិមិនស្វាង។

ប្រភពខាងលើ បានខ្សឹបឱ្យឮទៀតថា ក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា ដែលមានភាពអសកម្ម និងរឿងអាស្រូវពុករលួយ ប្រហាក់ប្រហែលអង្គភាពប្រៃសណីយ៍កម្ពុជា ដែលសុទ្ធសឹងជាអង្គភាពស្វយ័ត មានភាពម្ចាស់ការលើចំណូល និងចំណាយ ចំណុះឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា មានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ចំនួន៣លើករួចមកហើយ ផ្ទុយទៅវិញ អង្គភាពប្រៃសណីយ៍កម្ពុជា មិនមានការផ្លាស់ប្តូរតំណែង លោកអោក បូរ៉ា នោះទេ មិនដឹងជាមានអាថ៌កំបាំងអ្វី សង្ស័យតំណែងរបស់លោក មានប្លង់រឹង ក៏មិនដឹង។

ទោះជាយ៉ាងណា ទាក់ទងទៅនឹងការខ្សឹប ចោទប្រកាន់របស់មន្ត្រី ក្រោមឱវាទខាងលើ នេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោកអោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES