Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានទៅលក់ បុករះឡានគេ២គ្រឿង

បើកឡានទៅលក់ បុករះឡានគេ២គ្រឿង

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តតូយ៉ូតា ព្រូស ១គ្រឿង (ឡានក្រដាសពន្ធ) បំណងយកទៅឱ្យភ្ញៀវមើល ស្រាប់តែដល់ពាក់កណ្តាលផ្លូវ រេចង្កូតរថយន្តទៅបុករះរថយន្ត ២គ្រឿងទៀត ដែលចតនៅខាងមុខយានដ្ឋានជួសជុលមួយកន្លែង បណ្តាលឱ្យរងការខូចខាតទាំង៣គ្រឿង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចយានដ្ឋាន វីភីអិន អូតូ តាមបណ្តោយផ្លូវ ១០៣ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមសម្តីបុរសម្ចាស់រថយន្តរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានចតរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-2922 នៅមុខយានដ្ឋាន ដោយកង់ក្រោយរថយន្តនៅលើចិញ្ចើមផ្លូវ។ ខណៈពេលនោះ ស្រាប់តែ មានរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ជាប្រភេទរថយន្តថ្មីក្រដាសពន្ធ បើកបរតាមបណ្តោយផ្លូវលេខ១០៣ ទិសដៅពីលិច ទៅកើត ដែលអ្នកបើកបរបើកក្នុងគោលបំណងយករថយន្តទៅឱ្យអតិថិជនមើល។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាង លើ បានរេចង្កូតមកបុករថយន្ត Ford Ranger របស់គាត់ ចំទ្វារក្រោយចំហៀងខាងស្តាំ ពេញទំហឹង រួចរុញទៅបុករថយន្ត ១គ្រឿង ម៉ាក Prado ពណ៌ស ពាក់ស្លាកលេខរដ្ឋ បណ្តាលឱ្យបែកស្តុបខាងឆ្វេង និងធ្លាក់កាង។ ចំណែករថយន្ត Ford Ranger ក្រពឹតទ្វារក្រោយខាងស្តាំ និងបែកស្តុបចំហៀងខាងឆ្វេង។ រីឯរថយន្តបង្កម៉ាកតូយ៉ូតា ព្រូស ខូចខាតមួយកំណាត់មុខយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាព តែយ៉ាងណានៅក្នុងហេតុការណ៍ខាងលើ មិនបង្កឱ្យមនុស្សរងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

RELATED ARTICLES