Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម តុលាការឃុំខ្លួនឧក្រិដ្ឋជន៤នាក់  ជួញគ្រឿង ញៀនជិត២០០គីឡូ

 តុលាការឃុំខ្លួនឧក្រិដ្ឋជន៤នាក់  ជួញគ្រឿង ញៀនជិត២០០គីឡូ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន លើជនត្រូវចោទ ចំនួន៤នាក់ រួមមាន ១-ឈ្មោះលី ប៊ុនមីន ភេទប្រុស ២-ឈ្មោះស៊ុយ ឆេងឡាង ភេទស្រី ៣-ឈ្មោះកេះ ស្រីពេញ ភេទស្រី និង៤-ឈ្មោះប៊ុន ម៉ាលិស ភេទស្រី ពីបទ ល្មើសខាងលើ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ មាត្រា៤៨ នៃច្បាប់ស្តី ពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌ លេខ២៧៥៥ ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ មានជនត្រូវចោទឈ្មោះលី ប៊ុនមីន ភេទប្រុស ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ឈ្មោះកេះ ស្រីពេញ ភេទស្រី ឈ្មោះប៊ុន ម៉ាលិស ភេទស្រី និងជនត្រូវចោទចំនួន១៦នាក់ទៀតកំពុងគេចខ្លួន ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទល្មើសសមគំនិតក្នុងអំពើរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ តំណាងអយ្យការ ដកហូតបានវត្ថុតាង គ្រឿងញៀន ទម្ងន់ប្រមាណ១៨៨គីឡូក្រាម។

គួររំលឹកថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិង សម្របសម្រួលពីលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានស្រាវជ្រាវស៊ើបអង្កេតជាង៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ៥ទីតាំងផ្សេងៗគ្នា ជាបន្តបន្ទាប់ ទី១-នៅចំណុចទល់មុខស្ថានីយទឹកស្អាត សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ទី២-ក្នុងបន្ទប់ លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា។ ទី៤-ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺភ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង និងទី៥-ផ្ទះលេខ៣២អ៊ី (16E) ផ្លូវជាតិលេខ៦អា ក្រុម១០ ភូមិក្រោលគោ សង្កាត់-ខណ្ឌឫស្សីកែវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ខាងលើនេះ។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញចាប់យកវត្ថុតាង គ្រឿងញៀន ១-មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨គីឡូក្រាម និង២៤ក្រាម។ ២-កេតាមីន (Ketamine) ទម្ងន់២២គីឡូក្រាម និង៦៨៤ក្រាម។ ៣-ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧គីឡូក្រាម និង៤៣៤ក្រាម។ សរុបគ្រឿងញៀនទម្ងន់ ១៨៨គីឡូក្រាម។ ព្រមទាំងចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យជាផលកើតចេញពីបទល្មើសគ្រឿងញៀន រួមមាន  សាច់ប្រាក់ ជាង៣០ម៉ឺនដុល្លារអាមេរិក អចលន ទ្រព្យ រថយន្ត គណនីធនាគារ ប្រមាណតម្លៃរាប់លានដុល្លារអាមេរិក៕

RELATED ARTICLES