Wednesday, February 26, 2025
Homeព័ត៌មានអន្តរជាតិពលការិនីខ្មែរម្នាក់ ត្រូវឆ្នោតជាតិថៃ ១២លានបាត

ពលការិនីខ្មែរម្នាក់ ត្រូវឆ្នោតជាតិថៃ ១២លានបាត

ប្រទេសថៃ ៖ ពលការិនីខ្មែរម្នាក់ ធ្វើការនិងស្នាក់នៅប្រទេសថៃ បានត្រូវឆ្នោតជាតិរបស់ថៃ ឈ្នះឆ្នោតរង្វាន់ទី១ ចំនួន២សន្លឹក តម្លៃ ១២លានបាត នៅភូមិលេខ៤ ឃុំសុខប៉ៃប៊ុន ស្រុកសេងសាង ខេត្តនគររាជសីមា ។

ពលការិនីដែលត្រូវឆ្នោតនោះ មានឈ្មោះ ណាត អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃស្នាក់នៅធ្វើការនៅប្រទេសថៃ ។

តាមប្រភពបណ្តាញសព័ត៌មានថៃ បានផ្សាយថា ពលការិនីខ្មែរ រូបនេះ បានទៅធ្វើការនៅប្រទេសថៃ ដោយស្របច្បាប់ រយៈពេល ៨ឆ្នាំមកហើយ ដោយធ្វើការជាអ្នកកាច់ពោត ធ្វើរោងចក្រពោត ហើយបច្ចុប្បន្នធ្វើការជាអ្នកថែសួន នៅភូមិខាងលើ។

ប្រភពដដែល បន្តថា កញ្ញា ណាត បាននិយាយថា ៤ថ្ងៃមុនថ្ងៃត្រូវឆ្នោតនេះ នាងបានទៅផ្សារឃើញគេលក់ឆ្នោត ក៏រកទិញ ដោយរើសយកលេខចុងក្រោយ ៩០ ព្រោះនាងចូលចិត្តលេខនេះ។ ដូច្នេះនាងបានទិញឆ្នោត ចំនួន២សន្លឹកហើយ ហើយបានទៅបន់ស្រន់ទៅទីសក្ការៈ ពូម៉ុង ដែលជាទីសក្ការៈរបស់ភូមិខាងលើ ដែលគេជឿថាពូកែស័ក្តិសិទ្ធិសម្រាប់ប្រជាជនក្នុងតំបន់ តែងមកបន់សុំពរជ័យ។

កញ្ញា ណាត បាននិយាយថា នាងបានបន់ថា បើឈ្នះរង្វាន់ទី១ នឹងយកក្រុមតន្រ្តី Electone មកលេងថ្វាយ លុះយប់ឡើង នាងគេងយល់សប្តិឃើញអ្នកតា ម៉ុង មកផ្ទះ ហើយឈរមើលនាងកំពុងដេក រួចញញឹម មុននឹងចាកចេញទៅ។ ពេលភ្ញាក់ពីគេងព្រលឹមឡើង នាងមិនបានគិតអ្វីពីរឿងសុបិននេះទេ។ រហូតមកដល់រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លទ្ធផលឆ្នោត ត្រូវបានប្រកាស គឺសន្លឹកឆ្នោតរបស់នាងទាំងពីរ ពិតជាបានឈ្នះ រង្វាន់ទី១ លេខ 205690។ នាងរំភើបត្រកអរណាស់ ស្ទើរតែមិនជឿថាឈ្នះរង្វាន់ទី១ ចំនួន ១២លានបាត វាដូចជាសុបិនក្លាយជាការពិត។

កញ្ញា ណាត បន្តថា ចាប់ពីពេលនេះតទៅ នាងនឹងយកប្រាក់រង្វាន់នេះ មកបើកហាងធ្វើអាជីវកម្មលក់ទំនិញនៅស្រុកកំណើត ឯខេត្តកំពង់ធំ ប្រទេសកម្ពុជា ដោយនឹងមិនត្រឡប់ទៅធ្វើការជាពលការិនីនៅប្រទេសថៃ វិញទេ ៕

RELATED ARTICLES