ខេត្តស្វាយរៀង ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនក្មេងទំនើង ជាសិស្សសាលា ចំនួន៧នាក់ ដែលបានបង្ហោះរូបភាពនិងវីដេអូ កាន់កាំបិតឌឺដងគ្នាលើបណ្តាញសង្គម។
ការឃាត់ខ្លួនក្មេងទំនើង ជាសិស្សសាលាទាំង៧នាក់ ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨និង១៦នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ស្វាយរៀង បានបញ្ជាឱ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិត ស្រាវជ្រាវនិងឃាត់ខ្លួនក្រុមក្មេងទំនើង ៧នាក់ ដែលបានបង្ហោះរូបភាពនិងវីដេអូ កាន់កាំបិតឌឺដងគ្នា លើបណ្តាញសង្គម។

ដោយក្មេងទំនើងទាំងអស់នោះ សុទ្ធសឹងតែអនីតិជន និងជាសិស្សសាលា ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត មិនឱ្យប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើមបន្តទៀត៕


