Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូពួកម៉ាកជិះ លក់ចាយអស់ ជាប់ខ្នោះ

ខ្ចីម៉ូតូពួកម៉ាកជិះ លក់ចាយអស់ ជាប់ខ្នោះ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ បានខ្ចីម៉ូតូមិត្តភក្តិជិះ ដោយប្រាប់ថា មានការមួយភ្លែត រួចក៏បែកគំនិតយកទៅលក់ បានប្រាក់ ១៥០ដុល្លារ ដើរស៊ីចាយអស់ ព្យាយាមគេចខ្លួនមកសម្ងំនៅស្រុកកំណើត លុះមិត្តភក្តិដែលជាម្ចាស់ម៉ូតូ ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភោគ វណ្ឌី ហៅវ៉ិត ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ ភូមិថ្នល់កែង ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះគៀត វណ្ណា មានលំនៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯម៉ូតូដែលជនសង្ស័យស៊ីដាច់នោះ ម៉ាកស៊ុយស៊ូគី និច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ឧត្តរមានជ័យ 1C-6048។

លោកវរសេនីយ៍ឯក ឌឹម វណ្ណឌី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ខួវ លី ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ។

ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូពីឈ្មោះគៀត វណ្ណា ត្រូវជាមិត្តភក្តិប្រាកដមែន ដោយខ្ចីពីផ្ទះរបស់ជនរងគ្រោះនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីខ្ចីបានហើយ ខ្លួនបានយកម៉ូតូរបស់ជនរងគ្រោះ ទៅលក់នៅឯច្បារអំពៅ រាជធានីភ្នំពេញ ជាមួយនិងបក្ខពួកម្នាក់ទៀត ដោយខ្លួនទទួលបានប្រាក់ចំនួន ១៥០ដុល្លារ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES