ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ កំពុងដើររើសអេតចាយតាមដងផ្លូវ ស្រាប់តែត្រូវបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ជ្រុលមកបុកទាំងកំរោល បណ្តាលឱ្យរងរបួសធ្ងន់ បាក់ដៃម្ខាង និងជើងម្ខាង និងត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ចុះអន្តរាគមន៍ ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល។
ស្ត្រីរងគ្រោះដែលត្រូវម៉ូតូបុក បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះផុន ឡាង ភេទស្រី អាយុ៧៣ឆ្នាំ មុខរបរដើររើសអេតចាយ (រងរបួសបាក់ដៃ និងជើង)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកយាយជាជនរងគ្រោះ កំពុងដើរតាមដងផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើង ទៅត្បូង បំណងដើររើសអេតចាយ ដូចសព្វដង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក let’s ពណ៌សលាយក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1CB-8706 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើង ទៅត្បូង (ស្របទិសគ្នា) ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកលោកយាយរងគ្រោះ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យលោកយាយរងគ្រោះ ដួលបោកទៅនឹងថ្នល់ រងរបួសបាក់ដៃ និងជើងតែម្តង។

ក្រោយកើតហេតុ ស្ត្រីចំណាស់រងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះ។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលកន្ទោក រង់ចាំដោះស្រាយនាពេលក្រោយ៕