ប្រទេសអ៊ីរ៉ង់ ៖ មេដឹកនាំជុំវិញពិភពលោក បានសម្តែងការចូលរួមរំលែកទុក្ខ និងកាន់ទុក្ខចំពោះមរណភាពភ្លាមៗ របស់ប្រធានាធិបតីអ៊ីរ៉ង់ លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី (Ibrahim Raisi) ពីការធ្លាក់ឧទ្ធម្ភាគចក្រ Bell 212 នៅជ្រ លងភ្នំមួយ ក្នុងសង្កាត់វ៉ារហ្សាខាន (Varzakan) ខេត្តអាហ្សេបៃហ្សង់ខាងកើត នៃប្រទេសអ៊ីរ៉ង់ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអភិបាលខេត្ត រួមទាំងមនុស្សសរុប ៩នាក់នៅឧទ្ធម្ភាគចក្រ ទំនងជាដោយសារបញ្ហាអា កាសធាតុអាក្រក់ មានអ័ព្ទយ៉ាងក្រាស់ គ្របដណ្តប់លើតំបន់ទាំងមូល។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ប្រកាសកាន់ទុក្ខ ៥ថ្ងៃ និងអនុញ្ញាតឱ្យអនុប្រធានាធិបតី មហាម៉ាដម៉ុខបឺរ (Mohammad Mokhber) គ្រប់គ្រងប្រទេសជាបណ្តោះអាសន្ន និងរៀបចំការបោះឆ្នោតសម្រាប់ប្រធានាធិបតីអ៊ីរ៉ង់ថ្មី ក្នុងរយៈពេល ៥០ថ្ងៃ។

ពិភពលោកមានការភ្ញាក់ផ្អើលនឹងឧទ្ធម្ភាគចក្រដឹកមេដឹកនាំអ៊ីរ៉ង់ ធ្លាក់នៅកណ្តាលជ្រលងភ្នំមួយ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ហើយក្រោយមក នៅថ្ងៃទី២០ ឧសភា ទីភ្នាក់ងារព័ត៌មាន IRNA និង Mehr របស់អ៊ីរ៉ង់ បានរាយការណ៍ថា លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី (Ibrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ អាយុ ៦៣ឆ្នាំ បានទទួលមរណភាព បន្ទាប់ពីឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ ដោយសារអាកាសធាតុមិនល្អ ហើយអ័ព្ទក្រាស់បានគ្របដណ្តប់លើតំបន់ភ្នំ ក្នុងស្រុក វ៉ារហ្សាខាន ខេត្តអាហ្សេបៃហ្សង់ខាងកើត ភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ ខណៈត្រឡប់មកវិញពីចូលរួមក្នុងពិធីបើកសម្ពោធទំនប់វារីអគ្គិសនី Galasi និង Koda Afarin Dam នៅព្រំដែនជាមួយអាហ្សេបៃហ្សង់។

នៅក្នុងឧទ្ធម្ភាគចក្រនោះ មនុស្សសរុប ៩នាក់ បានស្លាប់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ និងមន្ត្រីអ៊ីរ៉ង់ រួមទាំងលោក Hossein Amir-Abdullahian ផងដែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Malek Rahmati អភិបាលខេត្តអាហ្សេបៃហ្សង់ខាងកើត លោក Mohammad Ali al-e-Hashem តំណាងមេដឹកនាំកំពូលនៃខេត្តនេះ។

លោកមេហ៍ឌី មូសាវី (Mehdi Mousavi) ប្រធានផ្នែកការពារប្រធានាធិបតី បាននិយាយថា លោកភៀរ ហូសសេន គូលីវ៉ានដ៍ (Pir-Hossein Koulivand) ប្រធានក្រុមប្រឹក្សាអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បាននិយាយថា សពអ្នកស្លាប់ ត្រូវដឹកយកទៅក្រុងតាប៊្រីស (Tabriz) ខេត្តអាហ្សេបៃហ្សង់ខាងកើត ។

បុគ្គលិកជួយសង្គ្រោះ និងក្រុមស្វែងរកជាច្រើន បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយភ្លាមៗ បន្ទាប់ពីត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុ ដោយរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោកបាហ៍រ៉ាម អេណូឡាហ៊ី (Bahram Enolahi) រួមទាំងរថយន្តសង្គ្រោះ ចេញទៅកាន់ចំណុចខាងលើ ។ ជាមួយគ្នានេះ លោកភៀរ ហូសសេន គូលីវ៉ានដ៍ (Pir-Hossein Koulivand) ប្រធានក្រុមប្រឹក្សាអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បាននិយាយថា ក្រុមសង្គ្រោះ ត្រូវបានបង្កើនពី ២០នាក់ ទៅ ៤០នាក់ ក្នុងប្រតិបត្តិការជួយសង្គ្រោះ។ Drones ជាច្រើន ក៏ត្រូវបានប្រើដើម្បីជួយកំណត់ទីតាំងឧទ្ធម្ភាគចក្រ និងជនរងគ្រោះ។

យ៉ាងណាក៏ដោយ លោក អាហ៍ម៉ាដ វ៉ាហ៊ីឌី (Ahmad Vahidi) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ ត្រូវបានសារព័ត៌ មានក្នុងស្រុក ដកស្រង់សម្តីថា ការអនុវត្តបេសកកម្មស្វែងរក និងជួយជនរងគ្រោះ មានការលំបាក និងយឺតយ៉ាវ ដោយសារអាកាសធាតុអាក្រក់ មានអ័ព្ទយ៉ាងក្រាស់គ្របដណ្តប់លើតំបន់កើតហេតុ។
ទីភ្នាក់ងារត៌មានអង់គ្លេស Reuters បានរាយការណ៍ដោយដកស្រង់ប្រភពផ្លូវការរបស់អ៊ីរ៉ង់ ថា ឧទ្ធម្ភាគចក្រដែលលោកអ៊ីប្រាហ៊ីម រ៉ៃស៊ី កំពុងធ្វើដំណើរ បានឆេះ អ្នកដំណើរទាំងអស់អាចស្លាប់។

លោក គូលីវ៉ានដ៍ ក្រោយមកបានប្រកាសនៅព្រឹកព្រលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមជួយសង្គ្រោះអឌ្ឍចន្ទក្រហម បានមកដល់កន្លែងកើតហេតុ និងបានចល័តកម្លាំងដើម្បីបំពេញបេសកកម្មស្វែងរកឧទ្ធម្ភា គចក្រដែលដឹកមេដឹកនាំអ៊ីរ៉ង់ ដោយបញ្ជាក់ថា ស្ថានភាពមិនល្អទេ បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយយន្តហោះគ្មានមនុស្សបើកតួកគី ត្រូវបានរកឃើញបំណែកឧទ្ធម្ភាគចក្រ ដែលត្រូវភ្លើងឆេះ។ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបញ្ជាក់ថា ភ្លើងងបានមកពីអណ្តាតភ្លើងដែលឆាបឆេះកម្ទេចកម្ទីពីឧទ្ធ ម្ភាគចក្រ។

នៅចំពោះមុខទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ របាយការណ៍សម្ភាសន៍លោក គូលីវ៉ានដ៍ នៅព្រឹកព្រលឹមនោះ បានបញ្ជាក់ថា គ្មានដាននៃអ្នកនៅរស់ត្រូវបានរកឃើញ។ បន្ទាប់ពីក្រុមសង្គ្រោះ បានទៅដល់ចំណុចដែលឧទ្ធម្ភាគចក្របានធ្លាក់ វាក៏បង្ហាញរូបភាពពី Drone ថតនៅកន្លែងកើតហេតុផងដែរ។ ចង្អុលទៅបំណែកនៃឧទ្ធ ម្ភាគចក្រ ហើយជុំវិញនោះមានភ្លើងឆេះនៅកណ្តាលព្រៃ ក្នុងជ្រលងភ្នំ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ក្នុងស្រុក បង្ហាញរូបភាពនៃកន្លែងកើតហេតុនោះ និងបំណែកនៃឧទ្ធម្ភាគចក្រ Bell 212 ដែលត្រូវបានគេគិតថា បានធ្លាក់លើកំពូលភ្នំ។ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់នេះ មិនអាចបញ្ជាក់បានច្បាស់ទេ ខណៈទីភ្នាក់ងារព័ត៌មានអាមេរិក CNN ធ្វើការវិភាគដោយ Col. Cedric Lyton អតីតទាហានទ័ពអាកាសអាមេរិក បាននិយាយថា ឧទ្ធម្ភាគចក្រដែលប្រើប្រាស់ដោយលោកអ៊ីប្រាហ៊ីម រ៉ៃស៊ី អាចជាគំរូ Bell 212 ដែលត្រូវបានណែនាំនៅចុង ទសវត្សរ៍ឆ្នាំ១៩៦០ ដែលគំរូឧទ្ធម្ភាគចក្រ ត្រូវបានផលិតដំបូងនៅសហរដ្ឋអាមេរិក។

នៅថ្ងៃដដែល លោកមហាមម៉ាដ ម៉ុខបឺរ (Mohammad Mokhber) អនុប្រធានាធិបតីអ៊ីរ៉ង់ បានរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជាបន្ទាន់ភ្លាមៗ មុនពេលរដ្ឋាភិបាលអ៊ីរ៉ង់ ចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការរំលែកទុក្ខចំពោះការបាត់បង់លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ លោកហូសសេន អាមៀរ អាប់ឌុលឡាហ៊ីយ៉ាន (Hossein Amir-Abdullahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ រួមទាំងការស្លាប់មនុស្ស ៧នាក់ផ្សេងទៀត ត្រូវបានបញ្ជាក់ថា លោកប្រធានាធិបតី រ៉ៃស៊ី បានបំពេញកាតព្វកិច្ចបម្រើប្រជាជនអ៊ីរ៉ង់ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិដោយលំបាក និងមិនចេះនឿយហត់។ លោករ៉ៃស៊ី បានធ្វើការលះបង់យ៉ាងធំធេងដើម្បីជាតិ និងមានការបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់ នឹងមិនរង្គោះរង្គើចំពោះការបាត់បង់នេះទេ។ ទន្ទឹមនឹងនេះ គណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ បានតែងតាំងលោកអាលី បាហ្គេរី ខានី (Ali Bagheri Khani) ជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ជំនួសលោកហូសសេន អាមៀរ អាប់ឌុលឡាហ៊ីយ៉ាន។
មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូលឡា អាលី ខាមេនេ (Ayatollah Ali Khamenei) បានប្រកាសកាន់ទុក្ខ រយៈពេលប្រាំថ្ងៃ ហើយបានបញ្ជាក់ថា លោកម៉ុខបឺរ នឹងគ្រប់គ្រងរដ្ឋបាលប្រទេស ជាបណ្ដោះអាសន្ន ហើយត្រូវរៀបចំការបោះឆ្នោតសម្រាប់ប្រធានាធិបតីអ៊ីរ៉ង់ថ្មី ក្នុងរយៈពេល ៥០ថ្ងៃ នេះបើតាមរដ្ឋធម្មនុញ្ញអ៊ីរ៉ង់ ដែលចែង អនុប្រធានាធិបតីទីមួយ នៃប្រទេសអ៊ីរ៉ង់ ត្រូវតែទទួលបន្ទុកប្រទេស ប្រសិនបើប្រធានាធិបតីស្លាប់ ក្នុងពេលកាន់តំណែង។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Al Jazeera របស់ប្រទេសកាតារ បានរាយការណ៍ស្តីពីប្រតិ កម្មរបស់មេដឹកនាំអន្តរជាតិ ចំពោះសោកនាដកម្មនេះ។ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស់ (Hamas) បានសម្តែងការសោកស្តាយយ៉ាងខ្លាំង រួមទាំងការបង្ហាញពីសាមគ្គីភាពជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ យ៉ាតូលឡា អាលី ខាមេនេ រដ្ឋាភិបាលអ៊ីរ៉ង់ រួមទាំងប្រជាជនអ៊ីរ៉ង់ ចំពោះការបាត់បង់ដ៏ធំរបស់ពួកគេ។ ពួកគេបានសរសើរលោកអ៊ីប្រាហ៊ីម រ៉ៃស៊ី និងលោកអាមៀរ អាប់ឌុលឡាហ៊ីយ៉ាន ដែលគាំទ្រប៉ាឡេស្ទីន ក្នុងការទប់ទល់នឹងអ៊ីស្រាអែល ដោយគេជឿជាក់ថា អ៊ីរ៉ង់ នឹងអាចជម្នះស្ថានការណ៍នៃការបាត់បង់នេះបាន។

បន្ថែមពីលើនេះ លោកមូហាមម៉ាដ ស៊ីយ៉ា អាល់-ស៊ូដានី (Muhammad Shiyya al-Sudani) នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អេមៀរ សេក តាមីម ប៊ីន ហាម៉ាដ អាល់ថានី (Emir Sheikh Tamim bin Hamad Al Thani) អ្នកគ្រប់គ្រងរដ្ឋកាតារ លោកសេហ៍បាស សារីហ្វ (Shehbaz Sharif) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់បេដឹកនាំអ៊ីរ៉ង់។ ចំណែកលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានសម្តែងការចូលរួមរំលែកទុក្ខ និងបាននិយាយថា អ៊ីរ៉ង់ ជាមិត្តពិតរបស់រុស្ស៊ី។
ទីភ្នាក់ងារព័ត៌មាន BBC របស់អង់គ្លេស បានរាយការណ៍ថា លោកឈុក ស្កាំមឺរ (Chuck Schumer) សមា ជិកសភាប្រជាធិបតេយ្យ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបង្ហើបថា លោកបានពិភាក្សាជាមួយមន្ត្រីចារកិច្ចអាមេរិក បន្ទាប់ពីការស្លាប់របស់មេដឹកនាំអ៊ីរ៉ង់ គ្មានសាវតារត្រូវបានរកឃើញនៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនោះទេ ដោយសារតែអ័ព្ទក្រាស់នៅក្នុងតំបន់ដែលឧទ្ធម្ភាគចក្រធ្លាក់ ដូច្នេះវាអាចថាជាឧបទ្ទវហេតុ។ ខណៈដែលសេតវិមានសហរដ្ឋអាមេរិក បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) ត្រូវបានគេជូនដំណឹងអំពីហេតុការណ៍នេះ។
ចំណែកលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបង្ហោះសារតាមបណ្តាញសង្គម X ថា“ខ្ញុំមានការសោក ស្ដាយយ៉ាងខ្លាំងដែលបានដឹងពីមរណភាពដ៏សោកនាដកម្មរបស់លោកបណ្ឌិត អ៊ីប្រាហ៊ីម រ៉ៃស៊ី ប្រធា នាធិបតីនៃសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ និងគណៈប្រតិភូរបស់គាត់។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសាររបស់គាត់ និងប្រជាជនអ៊ីរ៉ង់ ក្នុងគ្រាដ៏លំបាកនេះ”។

គួរបញ្ជាក់ថា លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី (Ibrahim Raisi) កើតនៅឆ្នាំ១៩៦០ នៅទីក្រុងម៉ា សាដ (Mashhad ) នៅភាគឦសាននៃប្រទេសអ៊ីរ៉ង់ គាត់ធ្លាប់ធ្វើជាប្រធានចៅក្រម និងត្រូវបានជ្រើសរើសជាសមាជិកនៃសភាអ្នកជំ នាញអ៊ីរ៉ង់ មុននឹងជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់ នៅឆ្នាំ២០២១៕