Wednesday, February 26, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ចុះចតបន្ទាន់ មានអ្នកដំណើរម្នាក់ស្លាប់លើយន្តហោះ

យន្តហោះក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ចុះចតបន្ទាន់ មានអ្នកដំណើរម្នាក់ស្លាប់លើយន្តហោះ

បាងកក (ថៃ) ៖ យន្តហោះដឹកអ្នកដំណើរ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) ជើងហោះហើរ SQ321 ធ្វើដំណើរពីទីក្រុងឡុងដ៍-សិង្ហបុរី ជួបជាអាកាសធាតុអាក្រក់ បានរាយការណ៍បន្ទាន់ ផ្លាស់ប្តូរផ្លូវសម្រាប់ការចុះចតបន្ទាន់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ដោយអ្នកដំណើរម្នាក់បានស្លាប់នៅលើយន្តហោះ និងជាង២០នាក់ទៀត រងរបួស បញ្ជូនទៅមន្ទីរពេទ្យ។

តាមប្រភពបណ្តាញព័ត៌មានថៃ ឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ អ្នកសារព័ត៌មាន បានរាយការណ៍ថា មានយន្តហោះដឹកអ្នកដំណើរ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នៅម៉ោង ៣និង៤៥នាទីរសៀល ជើងហោះហើរ SQ321 មានអ្នកដំណើរចំនួន ២១១នាក់ និងសមាជិកយានិក ១៨នាក់។ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានបំភ្លឺអំពីឧប្បត្តិហេតុជើងហោះហើរ SQ321 បានធ្វើការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក ប្រទេសថៃ ដោយសារការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់នៅលើយន្តហោះ ហើយក្រុមហ៊ុនបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។

យោងតាមទំព័រហ្វេសប៊ុក “Singapore Airlines” បានបង្ហោះសារថា “Singapore Airlines flight SQ321 ប្រតិបត្តិការពីទីក្រុងឡុងដ៍ (Heathrow) ទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានជួបប្រទះនឹងស្ថានភាពអាកាសធាតុអាក្រក់ធ្ងន់ធ្ងរនៅពេលកំពុងធ្វើដំណើរ។ យន្តហោះនេះបានបង្វែរទៅទីក្រុងបាងកក ហើយបានចុះចតនៅវេលាម៉ោង ៣និង៤៥នាទីរសៀលថ្ងៃទី២១ ឧសភា ឆ្នាំ២០២៤ ។ យើងអាចបញ្ជាក់បានថា មានអ្នកស្លាប់ និងរបួសម្នាក់នៅលើយន្តហោះូអ៊ីង ៧៧៧-៣០០ER ដែលមានអ្នកដំណើរ ២១១នាក់ និងសមាជិកយានិក ១៨នាក់ នៅលើនោះ។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសព។ អាទិភាពរបស់យើង គឺផ្តល់ជំនួយដែលអាចធ្វើទៅបានដល់អ្នកដំណើរនិងយានិកទាំងអស់នៅលើយន្តហោះ។ យើងកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋានក្នុងប្រទេសថៃ ដើម្បីផ្តល់ជំនួយវេជ្ជសាស្រ្តចាំបាច់ ហើយបញ្ជូនក្រុមកាងារទៅបាងកក ដើម្បីផ្តល់ជំនួយបន្ថែមណាមួយដែលត្រូវការ»៕

RELATED ARTICLES