Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនិស្សិតជើងល្អ ម៉ែឲ្យមករៀនវិស្វករ...  ជាប់ខ្នោះ

និស្សិតជើងល្អ ម៉ែឲ្យមករៀនវិស្វករ…  ជាប់ខ្នោះ

ភ្នំពេញ ៖ យុវតីម្នាក់ អាងតែស្នាក់នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ទើបមានការធ្វេសប្រហែស ងូតទឹករួច ដើរចេញ ពីបន្ទប់ទឹក ដោយលែងខ្លួនទទេ (អាក្រាតកាយ) ស្រាប់តែត្រូវប្រុសជើងល្អ ជានិស្សិតវិស្វករម្នាក់ ស្នាក់នៅបន្ទប់ ជួលក្បែរខាង លួចថតរូបអាក្រាតកាយរបស់នាងតាមប្រឡោះជញ្ជាំង និងត្រូវនារីរងគ្រោះចោលភ្នែកឃើញដែរ តែមិនទាន់ឆោឡោភ្លាមទេ។ លុះក្រោយមកក៏ពឹងឱ្យមិត្តភក្តិប្រុសម្នាក់ ប្រើល្បិចធ្វើជាខ្ចីទូរស័ព្ទរបស់ជនសង្ស័យ មកកុម្មង់អីវ៉ាន់អនឡាញ រួចក៏ឆ្លៀតឆែកមើលក្នុងទូរស័ព្ទ ស្រាប់តែប្រទះឃើញរូបអាក្រាតរបស់ខ្លួនក្នុងទូរស័ព្ទជនសង្ស័យ ក៏ប្តឹងសមត្ថកិច្ច ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់តែម្តង។

ករណីលួចថតរូបស្រីស្រាតនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតនៅផ្ទះជួលគ្មានលេខ តាមបណ្តោយផ្លូវលំ ក្នុងខណ្ឌដង្កោ។ រហូតមកដល់វេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ទើបនារីរងគ្រោះ បានប្តឹងសមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យ បន្ទាប់ពីបានឆែកឃើញរូបអាក្រាតកាយរបស់ខ្លួន ក្នុងទូរស័ព្ទរបស់ជនសង្ស័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ័ត លេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិតវិស្វ កម្មសំណង់ស៊ីវិល ស្នាក់នៅបន្ទប់ជាន់ទី២ ផ្ទះជួលកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានអាយុ២០ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅបន្ទប់ជាន់ទី១ ផ្ទះជួលខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នារីរងគ្រោះបានចូលងូតទឹក នៅក្នុងបន្ទប់ទឹករបស់ខ្លួន លុះក្រោយពេលងូតទឹករួច ដោយអាងថាស្នាក់នៅបន្ទប់ជួលតែម្នាក់ង ទើបនារីរងគ្រោះធ្វេសប្រហែសដើរចេញពីក្នុង បន្ទប់ទឹក ទាំងលែងខ្លួនទទេ (អាក្រាតកាយ) ដើម្បីទៅយកសម្លៀកបំពាក់មកស្លៀកពាក់ ដោយមិនដឹងថា មានមនុស្សប្រុសកំហូច កំពុងលួចថតរូបភាពអាក្រាតរបស់នាងនោះឡើយ។ ចំណែកជនសង្ស័យ  ដែលជាអ្នកស្នាក់នៅបន្ទប់ជួលជាន់ទី២ ក្នុងផ្ទះជួលជា មួយគ្នា បានប្រើទូរស័ព្ទលួចថតរូបអាក្រាតកាយរបស់នារីរងគ្រោះ តាមប្រហោងចម្រឹងដែក លើកាំជណ្តើរ ហើយភ្លាមនោះ ត្រូវបាននារីរងគ្រោះក្រឡេកឃើញដែរ តែនាងពុំទាន់ច្បាស់ថា ជនសង្ស័យបានលួចថតនាង ១០០ភាគរយនៅឡើយ គ្រាន់តែមានការសង្ស័យប៉ុណ្ណោះ ទើបមិនទាន់ឆោឡោរករឿងអ្វី ព្រោះខ្លាចនាំឱ្យ “វាយស្មៅបង្អើលពស់”។

ប្រភពដដែល បន្តថា រហូតមកដល់វេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នារីរងគ្រោះ បានពឹងមិត្តភក្តិម្នាក់ ឈ្មោះឆេន ឈិត ភេទប្រុស អាយុ២២ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា ឱ្យប្រើល្បិចធ្វើជាខ្ចីទូរស័ព្ទដៃរបស់ជនសង្ស័យ ដើម្បីទូរស័ព្ទកុម៉្មង់ទិញអីវ៉ាន់តាមអនឡាញ។ ចំណែកជនសង្ស័យ ក៏មិនបានចាប់អារម្មណ៍ដែរ ដោយបានយល់ព្រមឱ្យគេខ្ចីទូរស័ព្ទ លុះខ្ចីបានទូរស័ព្ទពីដៃរបស់ជនសង្ស័យហើយ មិត្តភក្តិរូបនោះ ក៏យកទូរស័ព្ទរបស់ជនសង្ស័យ មកឱ្យនារីរងគ្រោះឆែកមើល ស្រាប់តែប្រទះឃើញឃើញវីដេអូអាក្រាតកាយរបស់នាង គ្រាដែលនាងដើរអាក្រាតកាយចេញពីបន្ទប់ទឹក នៅក្នុងទូរស័ព្ទដៃជនសង្ស័យ ទើបប្រញាប់រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ដង្កោ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ ព្រមទាំងដកហូតបានវត្ថុតាង ទូរស័ព្ទដៃ ពណ៌ខ្មៅ ១គ្រឿង ជារបស់ជនសង្ស័យ ដែលមានរូបភាព វីដេអូអាក្រាតកាយរបស់នារីរងគ្រោះ នៅក្នុងនោះជាក់ស្តែងស្រាប់ផង។

នៅចំពោះមុខសមត្ថកិច្ច និងដោយមានភ័ស្តុតាងជាក់ស្តែងស្រាប់ផង ចង់ប្រកែកក៏មិនរួច ទើបជនសង្ស័យបានឆ្លើយបានសារថា ខ្លួនពិតជាបានយកទូរស័ព្ទដៃ លួចថតវីដេអូអាក្រាតកាយរបស់នារីរងគ្រោះប្រាកដមែន ខណៈដែលខ្លួនឃើញនាងដើរចេញពីបន្ទប់ទឹក ទាំងខ្លួន អាក្រាតកាយ គ្មានសម្លៀកបំពាក់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES