ភ្នំពេញ៖បើទោះជាមានប្រវត្តិតស៊ូកម្សត់ កំព្រាឪពុកតាំងពីតូចមកពីខេត្តបាត់ដំបងចូលក្រុងតែម្នាក់ឯង និងពេលនេះឆ្លៀតធ្វើការក្រៅសិល្បៈត្រឹមជាមេការខារ៉ាអូខេនៅហាងមួយដោយមិនប្រកាន់ខ្លួនក្ដី ប៉ុន្ដែលោកចាន់ស៊ី ស៊ី ណាវ៉ាត់ត្រា បានលេចមុខក្នុងMV បទថ្មីៗរបស់ថោន ជាបន្ដបន្ទាប់ទើបគេសង្ស័យថាលោកមានខ្សែធំនៅទីនោះ។ប្រភពបានឲ្យដឹងថាលោកស៊ីណាវ៉ាត់ត្រា ចេញមុខសឹងតែគ្រប់បទរបស់តារាចម្រៀងលោកហង្ស សុវណ្ណារិទ្ធ និងមុននេះទើបថតបទរបស់លោកហាន រីខត ផងដែរ។
យ៉ាងណាទាក់ទងរឿងនេះលោកស៊ីណាវ៉ាត់ត្រា ថាលោកគ្មានខ្សែ ឬទុយោនោះទេ ប៉ុន្ដែដោយឃើញពីសម្ថ ភាពលោកនិងមានការស្រលាញ់ពីបងៗអ្នកដឹកនាំសម្ដែងផងទើបលោកមានឱកាសចេញថតបទថ្មីៗជាញឹកញាប់។លោកស៊ីណាវ៉ាត់ត្រា ថានៅថោនលោកនិងលោកហង្ស សុវណ្ណារិទ្ធ ជាមិត្តល្អរាប់គ្នាជាច្រើនឆ្នាំមកហើយ ខណៈដែលលោកក៍បានស្គាល់និងរាប់អានគ្នាជាមួយលោកយ៉ាត់ ជាតិ ដែលលោកមានស្រុកកំណើតនៅភូមិកោះស្នូក ឃុំឬស្សី ស្រុកកំពង់ត្រាច ខេត្តកំពត ផងដែរដែលលោកមានស្នាដៃដឹកនាំសម្ដែងបទល្បីៗជាច្រើននៅថោនដូចជាបទ”ស្រលាញ់រាល់ថ្ងៃមិនបានជួបរាល់ថ្ងៃ”,”សាមញ្ញដូចបង”,”សាមញ្ញដូចអូន”,”ម៉ោងធ្វើការ” និងបទជាច្រើនទៀត។លោកថាជាធម្មតាដែលតារាសម្ដែងត្រូវគោរពពេលវេលា និងស្ដាប់តាមកាណែនាំអ្នកដឹកនាំសម្ដែងចង់បាន ហេតុនេះលោកមានការគោរពដល់Director និងរៀមច្បងក្នុងសិល្បៈដូចៗគ្នា ព្រោះបើគ្មានពួកគាត់ណែនាំ និងជួយប្រាប់ពីរបៀបសម្ដែងឲ្យបានល្អយើងមិនអាចធ្វើការនេះដោយរលូនបានទេ ។
ក្រៅពីលេចមុខនៅផលិតកម្មថោន បទថ្មីៗជាញឹកញាប់នោះលោកណាវ៉ាត្រា ថាថ្មីៗនេះលោកទើបតែបានថតMV បទថ្មីនៅផលិតកម្មភី បាន២បទ ខណៈដែលមុននេះលោកក៍បានថតរឿងអប់រំខ្លី និងស្ពតមួយផងដែរ ។លោកថាអាជីពសិល្បៈគឺជាផ្នែកមួយដែលលោកស្រលាញ់បំផុត ប៉ុន្ដែក្រៅពីសិល្បៈលោកនៅតែធ្វើជាមេការខារ៉ាអូខេនៅពេលរាត្រីនៅហាងមួយដដែល ព្រោះសម័យនេះមនុស្សភាគច្រើន មានបញ្ហាពិបាករឿងលុយកាក់ ហេតុនេះហើយបើយើងអាចធ្វើការងារណាដែលរកលុយបានដោយសុចរិទ្ធ លោកថាគួរតែឆ្លៀតធ្វើទាន់ខ្លួននៅក្មេង នៅមានឱកាស ។
លោកស៊ីណាវ៉ាត់ត្រា ក៍បានសរសើរពីស្នាដៃរបស់អ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅថោន លោកយ៉ាត់ ជាតិ ថាជាមនុស្សចេះផ្ដល់ឱកាសឲ្យតារាថ្មីៗ ធ្វើការងារច្បាស់លាស់និងមានបទពិសោធន៍យ៉ាងជោគជាំក្នុងវិស័យMV ៕