Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះម៉ែកូន២នាក់ ឆបោកផ្ញើវត្ថុមានតម្លៃពីបរទេស

វ៉ៃខ្នោះម៉ែកូន២នាក់ ឆបោកផ្ញើវត្ថុមានតម្លៃពីបរទេស

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននាំខ្លួនជនសង្ស័យ២នាក់ ភេទស្រី ជាម្តាយនិងកូន តបតាមបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីឆបោកតាមបណ្តាញសង្គម ក្រោមរូបភាពផ្ញើវត្ថុមានតម្លៃពីបរទេស មកឱ្យជនរងគ្រោះ និងធ្វើការឆបោក ដែលតម្រូវឲ្យជនរងគ្រោះបង់ថ្លៃសេវាផ្សេងៗ ដើម្បីបានទទួលវត្ថុមានតម្លៃនោះ។

ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាយ៉ាងសកម្មក្នុងការកៀងគរប្រជាពលរដ្ឋក្រីក្រ មានការយល់ដឹងតិចតួច ឱ្យទៅបើកគណនីធនាគារ និងលក់ឱ្យខ្លួន ដើម្បីយកមកគ្រប់គ្រង និងប្រើប្រាស់ជាមធ្យោបាយក្នុងការឆបោកជនរងគ្រោះជាច្រើនរូប។

បច្ចុប្បន្ននាយកដ្ឋានជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង២នាក់ម្តាយកូនខាងលើ ទៅកាន់សាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជា ពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ដែលសន្យាផ្ញើប្រាក់ឬវត្ថុមានតម្លៃ មកពីក្រៅប្រទេស។ បន្ថែមពីនេះ នាយកដ្ឋាន សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាកុំលក់ ឬប្រគល់ការគ្រប់គ្រងគណនីធនាគាររបស់ខ្លួន ទៅឱ្យអ្នកដទៃ ព្រោះអាចប្រឈមមុខពាក់ព័ន្ធនឹងបទផ្សំគំនិត ឬផ្តល់មធ្យោបាយឱ្យជនល្មើសប្រព្រឹត្តបទល្មើសបាន៕

RELATED ARTICLES