Wednesday, December 25, 2024
Homeបរិយាយការ​​​សម្ងាត់ ហេតុ​អ្វី​បែក​ធ្លាយ?

ការ​​​សម្ងាត់ ហេតុ​អ្វី​បែក​ធ្លាយ?

នៅក្នុង​គម្ពីរ “មិលិន្ទ​ប្បញ្ហា” នៃ​ព្រះពុទ្ធ​សាសនា បានចារទុកពី “បុគ្គល៩ប្រភេទ រក្សាការសម្ងាត់មិនជាប់” បណ្តាលឱ្យ រងផលវិបាកដល់សង្គម។ ការសម្ងាត់ធម្មតាមិនអីទេ តែបើជាការសម្ងាត់ទាក់ទងដល់រឿងនយោបាយ ធ្វើឱ្យមនុស្សពាក់ព័ន្ធ ត្រូវប្រឈមនឹងច្បាប់ ឬការថ្កោលទោសពីមជ្ឈដ្ឋានមហាជន ហើយក៏មានសំណួរថា “ការសម្ងាត់ ហេតុអ្វីបែកធ្លាយ?” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ការសម្ងាត់” មានន័យថា ធ្វើឱ្យស្ងាត់ មិនឱ្យឮមាត់ ឬខ្ចរខ្ចាយចេញពីមាត់មួយទៅមួយទៀត។ ពាណិជ្ជករដែលចេះ ល្បិចរកស៊ី តែងលាក់ល្បិចនោះមិនឱ្យគេដឹង តែក៏មានសេដ្ឋីចិត្តធម៌ខ្លះ បានសរសេរចងក្រងជាសៀវភៅ ពន្យល់ប្រាប់ល្បិច នៃការរកស៊ីឱ្យគេដឹងជាសាធារណៈ។ នៅកម្ពុជា យើងឃើញមុខរបរខ្លះត្រូវបានលាក់ជិតឈឹង ដូចជាការសូកប៉ាន់, ការជួញ- គ្រឿងញៀន, ការបើកបនល្បែងស៊ីសងខុសច្បាប់, ការរត់ពន្ធទំនិញ, ការជួញឈើប្រណីត ត្រូវក្រុមឈ្មួញលាក់លៀម ព្រោះ បើបែកការ នឹងខាតបង់ផលចំណេញ។ ដោយឡែក រឿងស្រីដែលគេលេងតែពីរនាក់ក្នុងបន្ទប់បិទជិត, ការឆ្លើយឆ្លងតាមទូរស័ព្ទ ស្រាប់តែគេចាប់សំឡេងបាននោះ គឺមកពីការសម្ងាត់រក្សាមិនគង់នេះឯង។

នៅក្នុងគម្ពីរ “មិលិន្ទប្បញ្ហា” បានតំណាល ពី “ព្រះបាទមិលិន្ទាធិរាជ” ចោទប្រស្នាចំពោះ “ព្រះនាគសេនត្ថេរ” ជាព្រះ- អរហន្ត ពាក់ព័ន្ធដល់ “បុគ្គល៩ពួក រក្សាការសម្ងាត់មិនជាប់” ដែលរួមមាន ១.មនុស្សរាគចរិត ២.មនុស្សទោសចរិត ៣.មនុស្ស មោហចរិត ៤.មនុស្សភ័យខ្លាច ៥.មនុស្សដែលធ្ងន់ក្នុងលាភសក្ការៈ ៦.ស្ត្រីភេទ ៧.មនុស្សប្រមឹក ៨.មនុស្សខ្ទើយ ៩.កូន ក្មេង។ បុគ្គលទាំង៩ពួកនេះ កុំថាឡើយរឿងនយោបាយ សូម្បីតែការសម្ងាត់ធម្មតា ក៏រក្សាមិនគង់ដែរ ដែល “នគរធំ” សូម ពន្យល់លម្អិតពីបុគ្គលិកលក្ខណៈមនុស្សទាំង៩ប្រភេទនេះ តាមលំដាប់លំដោយដូចខាងក្រោម ៖

១.មនុស្សរាគចរិត ៖ “រាគ” មានន័យថា សេចក្តីរីករាយ ត្រេកត្រអាលចំពោះកាមតណ្ហា ដូច្នេះមនុស្សរាគចរិត គឺសំដៅ ដល់បុគ្គលដែលចូលចិត្តកាមគុណនេះឯង។ មិនថាប្រុសឬស្រីនោះទេ ឱ្យតែចូលចិត្តបរិិភោគកាម ជាព្រាននារី ឬជាជំពូក ស្រីចិត្តសាវ៉ាដូចនាងកាកី នោះ បើមនុស្សត្រឹមត្រូវ ឬអ្នកនយោបាយខ្សឹបប្រាប់ការសម្ងាត់អ្វីមួយ ច្បាស់ជាបុគ្គលនោះទម្លាយ ប្រាប់អ្នកដទៃឱ្យដឹងខ្ចរខ្ចាយមិនខានឡើយ។

២.មនុស្សទោសចរិត ៖ “ទោសៈ” មានន័យថា កំហឹង ការប្រទូស្ត សម្អប់ កំហុស ដូច្នេះមនុស្សទោសចរិត សំដៅដល់ បុគ្គលឆាប់ខឹង សាងតែកំហុសគ្រប់បែបយ៉ាង បើអ្នកជំនួញធំ ឬអ្នកនយោបាយខ្សឹបប្រាប់ការសម្ងាត់អ្វីមួយ ច្បាស់ជាធ្លាយ ចេញមិនខាន។

៣.មនុស្សមោហចរិត ៖ “មោហៈ” មានន័យថា អវិជ្ជា សេចក្តីវង្វេង ល្ងង់ខ្លៅ ភ័ន្តស្មារតីមិនស្គាល់ខុសត្រូវ។ មនុស្ស ប្រភេទនេះ មិនមែនឆ្កួតទេ តែមានប្រាជ្ញារាក់ មិនចេះពិចារណាវែងឆ្ងាយ ពុំអាចរក្សាការសម្ងាត់បានឡើយ។

៤.មនុស្សភ័យខ្លាច ៖ បុគ្គលប្រភេទនេះ គ្មានសេចក្តីក្លាហានក្នុងខ្លួនទេ បើជាពលទាហានចូលសមរភូមិ ច្បាស់ជារត់ចោល ជួរមិនខាន តែបើជាសហការីជំនិតរបស់អ្នកនយោបាយណាមួយ នៅពេលណាមានគេសម្លុតគំរាម នឹងមានការភ័យខ្លាច និយាយ រឿងសម្ងាត់ប្រាប់អ្នកគំរាមនេះខ្ទេច។

៥.មនុស្សដែលធ្ងន់ក្នុងលាភសក្ការៈ ៖ បុគ្គលប្រភេទនេះ លោភលន់ហួសប្រមាណ បានហើយចង់បានទៀត បើមាន គេអូសទាញដោយលាភសក្ការៈ នឹងចូលទៅបម្រើគេដោយងាយ ទោះជាកិច្ចការដែលគេប្រើនោះរងមហន្តរាយយ៉ាងណាក៏ មិនរួញរាឡើយ។

៦.ស្ត្រីភេទ ៖ សំដៅដល់ស្ត្រីសាមញ្ញ ឬស្ត្រីមេផ្ទះធម្មតា កុំថាឡើយរឿងនយោបាយ សូម្បីប្តីរបស់ខ្លួនខ្សឹបប្រាប់ការសម្ងាត់ អ្វីមួយ រក្សាមិនគង់ទេ នាងនឹងយករឿងនោះទៅនិយាយប្រាប់ឪពុកម្តាយ បងប្អូនតៗគ្នា ដូចរឿង “ក្អែក១ជាក្អែក១០” ក្នុង ប្រជុំរឿងព្រេងខ្មែរ។

៧.មនុស្សប្រមឹក ៖ ធម្មតាសុរាមេរ័យ គឺជាទឹកប្តូរនិស្ស័យ ឱ្យតែចូលពោះកាលណា ក៏បែកប្រាជ្ញាថ្លាគំនិត និយាយរឿង សម្ងាត់ចេញអស់ហើយ។ សម្រាប់អ្នកផឹកម្តងម្កាលមិនសូវអីទេ តែចំពោះអ្នកប្រមឹកជោក មិនគួរទៅខ្សឹបប្រាប់ការសម្ងាត់ ជាដាច់ខាត។

៨.មនុស្សខ្ទើយ ៖ ជាមនុស្សភេទទី៣ ស្ទើរប្រុស ស្ទើរស្រី វិន័យព្រះពុទ្ធសាសនាមិនអនុញ្ញាតឱ្យសាងផ្នួសទេ បើឱ្យរក្សា ការសម្ងាត់ ច្បាស់ជាធ្លោយប្រាប់គ្នីគ្នាមិនខានឡើយ។

៩.កូនក្មេង ៖ គិតពីអាយុ១០ឆ្នាំចុះ តែងនាំមកនូវភាពទៀងត្រង់ពីកំណើត ឬថា ក្មេងឃើញយ៉ាងណា ថាយ៉ាងហ្នឹង មិន ទាន់ចេះកុហកទេ បើឪពុកម្តាយ ឬសាច់ញាតិណាប្រព្រឹត្តកាមលោកិយឱ្យក្មេងឃើញ រួចហាមវាកុំឱ្យនិយាយនាំខ្មាសគេ ច្បាស់- ជាក្មេងរក្សាមិនគង់ វានឹងទៅនិយាយប្រាប់ក្មេងៗដូចគ្នាថា បានឃើញពូមីងនោះឱបថើបគ្នានៅគុម្ពចេកមិនខានឡើយ។

បុគ្គលទាំង៩ពួកនេះ ព្រះនាគសេនត្ថេរ បានឆ្លើយបំភ្លឺល្អិតល្អន់ណាស់ ខណៈដែលព្រះបាទមិលិន្ទាធិរាជ បានចោទសួរក្នុង គ្រាព្រះពុទ្ធសករាជកន្លងទៅបានជាង៥០០ឆ្នាំ។ បានជាព្រះចៅមិលិន្ទ ចោទសួរ ព្រោះព្រះអង្គជាអ្នកដឹកនាំប្រទេស ជាអ្នក- នយោបាយ តែងធ្វើនយោបាយដោយសម្ងាត់ ទើបព្រះអង្គចង់បញ្ចៀសបុគ្គលប្រភេទណា ដែលមិនត្រូវឱ្យដឹងនូវការសម្ងាត់ នោះ សូម្បីតែស្រីស្នំក្រមការ ក៏ព្រះអង្គមិនឱ្យដឹងដែរ បើសិនជាត្រូវបំពេញការងារអ្វីមួយជាសម្ងាត់ទាក់ទងដល់ប្រទេសជាតិ។

ក្រឡេកមើលកម្ពុជាវិញ កន្លងមក យើងឃើញមានការប្តឹងផ្តល់និងចោទប្រកាន់គ្នាពីរឿងស្រី រឿងពុករលួយ រឿងសូក- ប៉ាន់ រឿងសន្ទនាតាមទូរស័ព្ទជាដើម។ តាមពិត រឿងទាំងអស់នោះ គេធ្វើដោយសម្ងាត់ ដូចជារឿងស្រីស្នេហ៍ជាដើម គេណាត់ ជួបគ្នាក្នុងបន្ទប់ស្ងាត់ៗសោះ ហេតុអ្វីបែកធ្លាយ? រឿងសូកប៉ាន់ គេធ្វើតែពីរនាក់សោះ ហេតុអ្វីមានគេដឹង? សំណួរនេះអាច ថា មកពីអ្នកប្រព្រឹត្តទម្លាយការសម្ងាត់ប្រាប់ដល់បុគ្គល៩ពួក ដូចរៀបរាប់ខាងលើតែម្តង បានជាបែកសាយាមោយ៉ាងនេះ។

នៅក្នុងរឿង “ក្អែក១ ជាក្អែក១០” បានតំណាលពីបុរសម្នាក់ បានឃើញកំណប់មាសប្រាក់ ១រទេះ នៅក្នុងទឹកត្រពាំង គាត់មិនហ៊ានយកទៅផ្ទះភ្លាមទេ ព្រោះខ្លាចប្រពន្ធប្រាប់អ្នកជិតខាង នាំឱ្យមានទោស។ គាត់ក៏ពិសោធចិត្តប្រពន្ធ ដោយប្រាប់ ថា ពេលគាត់បន្ទោបង់លាមក ស្រាប់តែមាន​​​​​​​ក្អែក១ ហើរចេញពីគូទ ដោយហាមប្រពន្ធថា កុំប្រាប់អ្នកណាឱ្យសោះ។ នាង ប្រពន្ធនោះ រក្សាមិនជាប់ ក៏ធ្លោយប្រាប់ម្តាយថា ប្តីនាងជុះអាចម៍ចេញក្អែក១ ពីគូទ ឯម្តាយនោះ ក៏ប្រាប់ប្តីគាត់​ថា កូនប្រសា ប្រុសជុះចេញក្អែក២។ បុរសជាឪក្មេកក៏ទៅប្រាប់ក្លើថា ចេញក្អែក៣ ក្លើប្រាប់បន្ត​ថា ចេញក្អែក៤ រហូតឮតៗគ្នាដល់ព្រះ- មហាក្សត្រថា មានក្អែក១០ហើរចេញពីគូទបុរសនោះ។ ព្រះមហាក្សត្រក៏ត្រាស់បង្គាប់ឱ្យបុរសនោះចូលគាល់ ទើបគាត់ក្រាប បង្គំទូលពីរឿងបានឃើញកំណប់ ក៏ចង់ពិសោធចិត្តប្រពន្ធ ទើបស្តេចឱ្យយកកំណប់នោះមកដាក់ឃ្លាំង និងតែងតាំងបុរសកម្សត់ ជាមន្ត្រី និងក្លាយជាសេដ្ឋី។ ចំពោះរឿងនយោបាយ បើសិនជាធ្លោយឱ្យបុគ្គល៩ពួកនោះបានដឹង នឹងធ្វើឱ្យអ្នកនយោបាយ ដែលប្រាប់ការសម្ងាត់ដល់គេ ចាញ់ប្រៀបគូប្រជែងមិន​ខាន។​ ដូច្នេះករណីធ្លាយការសម្ងាត់រឿងកន្ទុយក្បិន រឿងសន្ទនាតាម ទូរស័ព្ទ រឿងសូកប៉ាន់នោះ មកពី “ស្ត្រីភេទ” ដូចការពន្យល់ក្នុងចំណុចទី៦ខាងលើ និង “មនុស្សដែលធ្ងន់ក្នុងលាភសក្ការៈ” ក្នុងចំណុចទី៥ តែម្តង។

សរុបទៅ “ការសម្ងាត់ ហេតុអ្វីបែកធ្លាយ?” គឺជាការដកស្រង់ចាកគម្ពីរ “មិលិន្ទប្បញ្ហា” សម្រាប់​ចែកជូនអ្នកនយោបាយ ដែលមិនសូវបានអានគម្ពីរធម៌អាថ៌ យកទៅអនុវត្ត ឬចេះប្រុងប្រយ័ត្ន កុំទម្លាយការសម្ងាត់ឱ្យបុគ្គលទាំង៩ពួកនេះបានដឹង។ សូម្បីតែកូនបង្កើតក៏អ្នកនយោបាយមិនគួរឱ្យដឹងការសម្ងាត់ដែរ ដូចច្បាប់បុរាណថា “ទុកចិត្តខ្ញុំមើលដាក់ ស្មើភ្នែកខ្វាក់ទាំង សងខាង ប្រើកូនគន់មើលតាង ស្មើភ្នែកម្ខាងពុំពេញពីរ”។ ដូច្នេះបើធ្លាយការសម្ងាត់ ចង់ធ្វើនយោបាយ មិនឈ្នះគេទេ សូម្បី ពីបុរាណ មេទ័ពដែលប្រើព្រាបនាំសារសម្ងាត់ បើបច្ចាមិត្របាញ់ព្រាបនោះបាន នឹងធ្លាយការសម្ងាត់ ចាញ់គេមិនខានឡើយ៕ ដោយ អាចារ្យថាំ

 

RELATED ARTICLES