ខេត្តឈៀងរ៉ៃ (ថៃ) ៖ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលទាំងកណ្តាលអធ្រាត្រ នៅតំបន់ផ្សារនួនចន្ទ ស្រុកម៉ែចន្ទ ខេត្តឈៀងរ៉ៃ បណ្តាលឲ្យខូចខាតតូប ចំនួនជាង ២០ខ្នង គិតជាទឹកប្រាក់ ជាង ៥០លានបាត ដែលគេជឿថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី នៅវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ។

តាមប្រភពសមត្ថកិច្ចនគរបាលស្រុកម៉ែចន្ទ បានឲ្យដឹងថា អគ្គិភ័យវបានឆេះតូបលក់ដូរ នៅកណ្តាលផ្សារនួនចន្ទ ដែលជាតូបឈើ ចំនួនជាង ២០តូប ដែលភាគច្រើនជាតូបលក់សម្លៀកបំពាក់កុមារ ប្រដាប់ក្មេងលេង អាហារសម្រន់ អាហារស្ងួត និងសម្ភារៈផ្ទះបាយប្លាស្ទិក ដែលធ្វើឱ្យភ្លើងឆេះយ៉ាងឆាប់រហ័សនិងសាហាវ។

ករណីនេះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ សរុបជាង ២០គ្រឿង មកជួយបាញ់ទឹកពន្លត់ ដោយបែងចែកជា ៣ចំណុច នៅមាត់ទន្លេម៉ែចន្ទ១ ចំណុចនៅលើផ្លូវ១ និងចំណុចក្នុង ផ្សារ១ រហូតដល់ជាង៥ម៉ោង ទើបភ្លើងរលត់ទាំងស្រុង។

ចំពោះការខូចខាត ដំបូងត្រូវបានប៉ាន់ស្មានថា មានយ៉ាងហោច ៥០លានបាត ដែលនេះជាឧបទ្ទវហេតុអគ្គិភ័យដ៏ធំថ្មីមួយ ដែលបណ្តាលឲ្យមានការខូចខាតច្រើនជាងគេ នៅស្រុកម៉ែចន្ទ ខេត្តឈៀងរ៉ៃ ៕
