ហាណូយ (វៀតណាម) ៖ គ្រោះអគ្គិភ័យមួយ បានឆេះផ្ទះល្វែងកម្ពស់ ៥ជាន់ នៅកណ្តាលទីក្រុងហាណូយ ប្រទេសវៀតណាម បណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច ១៤នាក់ និងរបួស ៦នាក់។

តាមប្រភពសារព័ត៌មានវៀតណាម បានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះកាលពីវេលាម៉ោង១២និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយមានសំឡេងផ្ទុះផងដែរ។ ក្រោយពីទទួលបានដំណឹងពីហេតុការណ៍នោះ ប៉ូលិសហាណូយ បានបញ្ជូនមន្ត្រី និងទាហាន៥០នាក់ មកពីកម្លាំងប៉ូលិសបង្ការនិងពន្លត់អគ្គិភ័យ និងកម្លាំងប៉ូលិសហាណូយ និងប៉ូលិសស្រុកកាវកៃ ចុះមកកន្លែងកើតហេតុជាបន្ទាន់ សម្របសម្រួលជាមួយកង កម្លាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីគ្រប់គ្រងពន្លត់អគ្គិភ័យ។
អគារដែលត្រូវបានឆេះ ស្ថិតនៅក្នុងផ្លូវតូចចង្អៀតមួយ ដែលមានទទឹងតែ ២ម៉ែត្រ ក្នុងសង្កាត់ កាវកៃ នៃទីក្រុងហាណូយ ចម្ងាយពីផ្លូវធំ ប្រហែល ២០០-៣០០ម៉ែត្រ ធ្វើឱ្យរថយន្តពន្លត់អគ្គិភ័យ មិនអាចចូលបាន។ មន្ត្រីពន្លត់អគ្គិភ័យ ត្រូវអូសបំពង់ពន្លត់អគ្គិភ័យ យ៉ាងលំបាក ហើយសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បាន នៅវេលាម៉ោង១និង២៥នាទីទៀបភ្លឺ។
តាមការស្រាវជ្រាវបឋម មានមនុស្សចំនួន ១៤នាក់ ត្រូវបានរកឃើញថាបានស្លាប់ និងរបួស ៦នាក់ ។ រហូតមកដល់ពេលនេះ មន្ត្រីបានយកសាកសពជនរងគ្រោះទាំងអស់ ចេញពីកន្លែងកើតហេតុ ហើយបានបិទតំបន់នោះជាបណ្តោះអាស្ន ព្រោះនៅកន្លែងកើតហេតុ មានសម្ភារជាច្រើនត្រូវភ្លើងឆេះ ។
ប្រជាពលរដ្ឋរស់នៅក្បែរអគារដែលត្រូវភ្លើងឆេះខាងលើ បាននិយាយថា ជាន់ទីមួយ ត្រូវបានប្រើសម្រាប់បើកហាងជួសជុលម៉ូតូ និងកង់អគ្គិសនី។ ជាន់ដែលនៅសេសសល់ ត្រូវបានជួលសម្រាប់សិស្សស្នាក់នៅ។
អ្នកភូមិម្នាក់ បាននិយាយ នៅម៉ោងប្រហែល ១២និង៣០នាទីព្រឹក ឮសំឡេងផ្ទុះជាច្រើន ចេញពីអគារកើតហេតុខាងលើ គាត់បានរត់ចេញមកស្រែកឲ្យគេជួយ ចំណែកអ្នកខ្លះទៀត បានប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់។ ទោះយ៉ាងណា ភ្លើងបានឆាបឆេះយ៉ាងឆាប់រហ័ស បណ្តាលឱ្យមនុស្សរត់គេចខ្លួនប្រញាយ។ មួយសន្ទុះក្រោយមក សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ។ នៅម៉ោងប្រហែល៣ទៀបភ្លឺ ជនរងគ្រោះជាច្រើននាក់ ត្រូវបានយកចេញតាមរទេះរុញ រួមទាំងអ្នកស្លាប់១៤នាក់ ។ ចំណែកជនរងគ្រោះដោយភ្លើងឆេះ ចំនួន៦នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នករងរបួសចុងក្រោយ ៥នាក់ បានរួចផុតពីគ្រោះថ្នាក់ ។ អ្នករងរបួសធ្ងន់ ជាស្ត្រីអាយុ៨៤ឆ្នាំ កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ (ICU)។
ចំពោះមូលហេតុនៃអគ្គិភ័យនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕