Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្លន់គេ៣ឆ្នាំ ប៉ូលិសអត់ចាប់ ចូលសារភាព

ប្លន់គេ៣ឆ្នាំ ប៉ូលិសអត់ចាប់ ចូលសារភាព

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ បានចូលខ្លួនសារភាពកំហុសដែលខ្លួនធ្លាប់បានចូលទៅបាញ់ប្លន់ផ្ទះអាជីវករប្តូរប្រាក់ ១កន្លែង នៅចំណុចក្រុមហ៊ុន 7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

ជនសង្ស័យមានគ្នា៣នាក់ ទី១-ឈ្មោះឈឿន ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានលំនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ចូលខ្លួនសារភាពនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤)។ ចំណែកបក្ខពួកទី២ទៀត នៅមិនស្គាល់អត្តសញ្ញាណ។

ចំណែកជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បុរសជាប្តីមានឈ្មោះស៊ឹម វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ និងបើកវីងវេរលុយ មានលំនៅ ភូមិបឹងឈូក សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ (របួស២កន្លែង)។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះសន ចន្ធូ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ និងបើកវីងវេរលុយ មានលំនៅ ភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានមកជួលផ្ទះ នៅក្រុមហ៊ុន 7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ប្រកបមុខរបរលក់ខោអាវ ស្បែកជើងនិងបើកវីងវេរលុយ។ លុះដល់វេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះ បានបើកទ្វារផ្ទះលក់ដូរដូចសព្វដង រហូតដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ មានពាក់ម៉ាស់ និងមានពាក់មួកសុវត្ថិភាព បានយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ និងបាញ់ឡើងលើ ចំនួន២គ្រាប់ ខណៈនោះជនរងគ្រោះជាប្តី បានប្រតាយប្រតប់ជាមួយជនសង្ស័យម្នាក់ទៀត ក៏ត្រូវជនសង្ស័យចាក់ ១កាំបិតចុងស្រួច បណ្តាលឱ្យមុតប្រអប់ដៃខាងឆ្វេង ១កន្លែង និងកញ្ចឹងក ១កន្លែង។ បន្ទាប់មក ជនសង្ស័យបានបាញ់ឡើងលើ១គ្រាប់ទៀត ហើយនាំជនរងគ្រោះទៅបើកថតតុ យកប្រាក់បាន២ពាន់ដុល្លារ និងប្រាក់រៀលមួយចំនួនទៀត ទូរស័ព្ទ ចំនួន២គ្រឿង មកឱ្យជនសង្ស័យ ហើយនាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់អស់។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍វិហារសួគ៌ បានចុះអន្តរាគមន៍ទីកន្លែងកើតហេតុ ស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញា តែមិនទាន់អាចឃាត់ខ្លួនជនសង្ស័យបាននៅឡើយ។

ស្រាប់តែមកដល់វេលាម៉ោង ២រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ទើបជនសង្ស័យឈ្មោះឈឿន ភក្តី បានចូលខ្លួនសារភាពនៅចំពោះមុខសមត្ថកិច្ច ហើយកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឈឿន ភក្តី បានសារភាពថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានទិញកាំភ្លើងខ្លី មិនចាំម៉ាក ពណ៌ខ្មៅ មានគ្រាប់កាំភ្លើងពិត ចំនួន២គ្រាប់ និងគ្រាប់កាំភ្លើងក្បាលខ្ជឹប ពណ៌ខៀវ ចំនួន៦គ្រាប់ តម្លៃ៤៣០ដុល្លារ ទិញតាមអនឡាញ។ លុះដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខ្លួនជិះម៉ូតូម៉ាក Zoomer មិនចាំស៊េរី តែម្នាក់ឯងចេញពីរាជធានីភ្នំពេញ មកផឹកស្រានៅខ្យូសម្តុំតំបន់ភ្នំ ក្នុងក្រុមហ៊ុន 7NG តែម្នាក់ឯង ហើយក៏បានហៅមនុស្សប្រុស២នាក់ មិនស្គាល់អត្តសញ្ញាណ មកផឹកជាមួយ ផឹកបណ្តើរ ក៏និយាយរៀបគម្រោងប្លន់បណ្តើរ។

រហូតដល់វេលាម៉ោង ២និង១៣នាទីរសៀលថ្ងៃដដែល ពួកគេទាំង៣នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាសំដៅទៅផ្ទះជនរងគ្រោះ ដោយខ្លួនកាន់កាំភ្លើងខ្លី ជាអ្នកដឹកនាំធ្វើសកម្មភាពប្លន់ បានប្រាក់និងទូរស័ព្ទ ២គ្រឿង តែដោយខ្លាចមាន GPS ទើបនាំគ្នាគប់ចោលក្នុងប្រឡាយទឹក រួចជិះ ម៉ូតូ យកកាំភ្លើងទៅកប់ក្នុងភក់ប្រឡាយទឹក នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានចែកប្រាក់ទៅឱ្យមនុស្សប្រុស២នាក់នោះ ម្នាក់ ៥០០ដុល្លារ រួចខ្លួនក៏ជិះម៉ូតូទៅផ្ទះប្រពន្ធខ្លួន នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល។ ឯជនសង្ស័យ ២នាក់ មិនដឹងទៅទីណាទេ។ ចំពោះមូលហេតុដែលខ្លួនចូលសារភាពជូនសមត្ថកិច្ច ព្រោះខ្លួនមានការស្តាយក្រោយដែលខ្លួនបានប្លន់យកទ្រព្យសម្បត្តិគេ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES