Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួលឡានគេជិះ បើកក្រឡាប់ធ្លាក់ទឹក អត់សងការខូចខាត ជាប់ខ្នោះ

ជួលឡានគេជិះ បើកក្រឡាប់ធ្លាក់ទឹក អត់សងការខូចខាត ជាប់ខ្នោះ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានចាប់ខ្លួនបុរសម្នាក់ អតីតជាថៅកែលាងរថយន្ត “ពេញចិត្ត” នៅក្រុងព្រះសីហនុ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ ព័ន្ធករណីជួលរថយន្តអ្នកដទៃយកទៅប្រើប្រាស់ បើកបរធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យខូចខាត និងគេចវេះមិនព្រមចូលខ្លួនដោះស្រាយចំពោះការខូចខាត។

ជនជាប់ចោទដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ជ រដ្ឋា ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាអតីតថៅកែលាងរថយន្ត «ពេញចិត្ត» នៅក្រុងព្រះសីហនុ ស្នាក់នៅផ្ទះលេខ៦៦០ ផ្លូវជាតិលេខ៥ ភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ការចាប់បញ្ជូនខ្លួនអតីតថៅកែលាងរថយន្តខាងលើនេះ គឺសមត្ថកិច្ចបានអនុ វត្ថតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះតេង ចាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាដើមបណ្តឹងរដ្ឋប្បវេណី។

តាមពាក្យបណ្តឹង បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ជ រដ្ឋា បានជួលរថយន្ត ១គ្រឿង ម៉ាក TOYOTA LANDCRUISER ពីដើមបណ្តឹង រួចហើយជនសង្ស័យបានជួលបន្តឱ្យទៅជនជាតិចិត ម្នាក់ឈ្មោះ YU RENREN ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ។

តាមកិច្ចសន្យាជួលនោះ បានកំណត់រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ និងបានព្រមព្រៀងគ្នាអំពីតម្លៃឈ្នួល ចំនួន១៥០០ដុល្លារ ក្នុង១ខែ ។ បន្ទាប់ពីធ្វើកិច្ចសន្យាជួលរួចហើយ ឈ្មោះ YU RENREN ដែលជាជាតិចិន បានយករថយន្តនោះទៅប្រើប្រាស់ជារៀងរាល់ថ្ងៃ ។

ក្រោយមកទៀត ជនជាតិចិននោះ បានបើកបររថយន្តបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយក្រឡាប់ធ្លាក់ចូលប្រឡាយទឹក ធ្វើឱ្យខូចខាតរថយន្តយ៉ាងធ្ងន់។ ពេលរថយន្តជួបគ្រោះថ្នាក់ក្រឡាប់ធ្លាក់ចូលប្រឡាយទឹកបែបនោះ ឈ្មោះ ជ រដ្ឋា និងឈ្មោះ YU RENREN មិនបានជូន ដំណឹងឱ្យម្ចាស់រថយន្តដឹងទេ ដែលបុគ្គលទាំងពីរនាក់នេះបានសមគំនិតគ្នាព្យាយាមលាក់បាំងពីការពិត ហើយបានយករថយន្តនោះទៅធ្វើការជួសជុលនៅយានដ្ឋានមួយកន្លែង មិនឱ្យម្ចាស់ដើមបានដឹងទៀតផង។

ពាក្យបណ្តឹង បានបញ្ជាក់ទៀតថា ក្រោយពីរថយន្តជួសជុលរួចហើយ ឈ្មោះ ជ រដ្ឋា បានយករថយន្តនេះទៅប្រគល់ឱ្យម្ចាស់ដើមវិញ ដោយមិនបានប្រាប់ថា រថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយទឹកនោះទេ ប៉ុន្តែដោយសារជាជនរងគ្រោះស្ទាត់ជំនាញខាងមើលទឹកថ្នាំ និងភិនភាគ រថយន្ត ខុសរូបរាងពីធម្មតា ក៏ចាប់ផ្តើមសង្ស័យ និងបានស្រាវជ្រាវរហូតទាក់ទងដល់កន្លែងជួសជុលរថយន្ត ទើបត្រូវបានក្រុមជាងប្រាប់ពីការពិត និងបង្ហាញរូបភាពពេលរថយន្តក្រឡាប់ទៀតផង។

តាមរយៈសាក្សីជាងជួលជុលរថយន្តបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ ជ រដ្ឋា និងឈ្មោះ YU RENREN ជាជនជាតិចិន ពិតជាបានធ្វើឱ្យខូចខាតដោយចេតនា និងសមគំនិតគ្នាលួចលាក់យករថយន្តទៅជួសជុល ដើម្បីបំភាន់ការពិត ដើមបណ្តឹងបានព្យាយាមទាក់ទងទៅភាគីទាំង២ នាក់ឱ្យចូលខ្លួនមកដោះស្រាយសំណងរដ្ឋប្បវេណី ក្រៅប្រព័ន្ធច្បាប់ ប៉ុន្តែជនសង្ស័យមិនព្រមចូលខ្លួនទេ ថែមទាំងគេចវេះទៀតផង ដូច្នេះបានជាដើមបណ្តឹងប្តឹងសមត្តកិច្ច ពីបទរំលោភលើទំនុកចិត្ត និងធ្វើឱ្យខូចខាតដោយចេតនា ឱ្យជួយចាត់ការតាមផ្លូវច្បាប់តែម្តង។

ពាក្យបណ្តឹងរបស់ជនរងគ្រោះ បានទាមទារប្រាក់ក្នុងការខូចខាតរថយន្តមួយគ្រឿង តម្លៃ ៥៥ ០០០ដុល្លារ និងជំងឺចិត្ត បូកទាំងសេវាកម្មមេធាវីការពារក្តី ចំនួន២០០លានរៀល៕

RELATED ARTICLES