Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែទៅផ្សារ ភ្លើងឆេះផ្ទះ កូនពន្លត់ម្នាក់ឯង ឆេះហ្មត់

ម៉ែទៅផ្សារ ភ្លើងឆេះផ្ទះ កូនពន្លត់ម្នាក់ឯង ឆេះហ្មត់

ខេត្តបាត់ដំបង ៖ ក្រុមគ្រួសារមួយ បានចាក់សោទ្វារផ្ទះ ចេញទៅប្រកបការងាររៀងៗខ្លួន លុះពេលកូនចេញពីរៀន ត្រឡប់មកផ្ទះវិញ ប្រទះឃើញភ្លើងកំពុងឆាបឆេះផ្ទះ មិនព្រមហៅអ្នកជិតខាងជួយ ព្យាយាមពន្លត់ម្នាក់ឯង បង្កឱ្យអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិដូនឥន្ទ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៧ម៉ែត្រ គុណនឹង ៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានម្ចាស់ផ្ទះឈ្មោះ លក រុន ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះខាវ ភីរម្យ មុខរបរលក់បន្លែ មានលំនៅ ក្នុងក្រុម៤ ភូមិដូនឥន្ទ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុផ្ទះខាងលើ គឺត្រូវបានម្ចាស់ចាក់សោចោល (មិនមានមនុស្សនៅទេ) ដោយឪពុកម្តាយចេញ ទៅលក់បន្លែ ចំណែកកូនៗចេញទៅរៀន។ លុះនៅវេលាម៉ោង ១២កន្លះថ្ងៃត្រង់ ថ្ងៃដដែល កូនប្រុសម្ចាស់ផ្ទះ មកពីសាលារៀនវិញ ឃើញភ្លើង កំពុងឆេះផ្ទះ តែមិនបានប្រាប់នរណាទេ គឺព្យាយាមយកទឹកពន្លត់ម្នាក់ឯង ហើយទម្រាំអ្នកជិតខាងដឹង គឺហួសពេលទៅហើយ។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ រួមមាន ផ្ទះ១ខ្នងទាំងស្រុង ធុងបាស់ ១គូ ស្ពីកឃឺរ១ និងសម្ភារៈប្រើប្រាស់ទាំងស្រុង។

ជុំវិញហេតុការណ៍ខាងលើ សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដែលផ្តើមឱ្យឆេះឡើងនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES