Wednesday, February 26, 2025
Homeព័ត៌មានអន្តរជាតិ យន្តហោះ Qatar Airways កើតមានបញ្ហាដូចយន្តហោះសិង្ហបុរី

 យន្តហោះ Qatar Airways កើតមានបញ្ហាដូចយន្តហោះសិង្ហបុរី

កាតារ ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានកើតមានបញ្ហាច្របូកច្របល់ ពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ បណ្តាលឲ្យមនុស្ស ១២នាក់ បានរងរបួស ដែលស្ទើរតែកើតឡើងម្តងទៀតនូវឧប្បត្តិហេតុដូចគ្នានឹងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី កាលពីប៉ុន្មានថ្ងៃមុន។

នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ អាកាសយានដ្ឋាន ឌុប្លីន (Dublin) ក្នុងប្រទេសអៀរឡង់ បានបង្ហាញថា យន្តហោះដឹកអ្នកដំណើរ Qatar Airways កំពុងហោះហើរពីទីក្រុងដូហា (Doha) ទៅកាន់ប្រទេសអៀរឡង់ បានកើតមានបញ្ហាច្របូកច្របល់ពេលកំពុងហោះហើរលើប្រទេសតួកគី ធ្វើឲ្យអ្នកដំណើរ និងសមាជិក យានិក ១២នាក់ បានរងរបួស។

តាមសេចក្តីថ្លែងការណ៍ពីអាកាសយានដ្ឋាន Dublin បាននិយាយថា យន្តហោះ Boeing 787 Dreamliner ជើងហោះហើរ QR017 បានចុះចតដោយសុវត្ថិភាព និងតាមកាលវិភាគ មុនម៉ោង 1:00 ម៉ោងក្នុងស្រុក។ មានបុគ្គលិកសង្គ្រោះបន្ទាន់ ប៉ូលិសអាកាសយានដ្ឋាន និងអ្នកសង្គ្រោះ កំពុងរង់ចាំជួយអ្នករបួស ដែលមានអ្នកដំណើរ ៦នាក់ និងសមាជិកយានិក ៦នាក់។

ស្ថានីយវិទ្យុ RTE របស់ប្រទេសអៀរឡង់ បានដកស្រង់សម្តីអ្នកដំណើរដែលមកដល់អាកាសយានដ្ឋាន Dublin ថា យន្តហោះបានបុកកើតមានភាពច្របូកច្របល់ក្នុងរយៈពេលតិចជាង ២០វិនាទី ប៉ុន្តែវាបានកើតឡើងខណៈ ពេលដែលអាហារនិងភេសជ្ជៈ កំពុងត្រូវបានបម្រើ។

ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានចេញសេចក្តីថ្លែងការណ៍មួយ ដោយមិនបាននិយាយដោយផ្ទាល់ពីភាពចលាចល់នេះ ប៉ុន្តែបាននិយាយថា មានអ្នកដំណើរ និងយានិកមួយចំនួនតូចដែលពាក់ព័ន្ធ បានទទួលរងរបួសស្រាល ក្នុងអំឡុងពេលធ្វើដំណើរ ហើយពួកគេកំពុងទទួលការព្យាបាល ហើយថាពួកគេកំពុងស៊ើបអង្កេតហេតុការណ៍ផ្ទៃក្នុង។

ឧបទ្ទវហេតុនេះ កើតឡើងតែ ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានកើតមានបញ្ហាបែបនេះខណៈពេលកំពុងធ្វើដំណើរពីទីក្រុងឡុងដ៍ទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ធ្វើឲ្យអ្នកបើកយន្តហោះសម្រេចត្រូវចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ប្រទេសថៃ។

ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ជាបុរសជនជាតិអង់គ្លេស អាយុ ៧៣ឆ្នាំ ខណៈពេលដែលមនុស្សសរុបចំនួន ១០៤នាក់ បានរងរបួស ដែលក្នុងនោះ ២០នាក់ ត្រូវការការព្យាបាលយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងរបួសឆ្អឹងខ្នង។ ប៉ុន្តែយ៉ាងណា ក្រោយមក យន្តហោះនោះ បានបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយសុវត្ថិភាព៕

RELATED ARTICLES