Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់បំបែកកង់ឡាន ចាប់ឧក្រិដ្ឋជន៤នាក់ ដឹកថ្នាំញៀនជាង២៥០គីឡូ

បាញ់បំបែកកង់ឡាន ចាប់ឧក្រិដ្ឋជន៤នាក់ ដឹកថ្នាំញៀនជាង២៥០គីឡូ

ខេត្តស្ទឹងត្រែង ៖ កងកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បានបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយមានការផ្ទុះអាវុធ (បាញ់បំបែកកង់រថយន្តទំនើប របស់ជនសង្ស័យ) ទើបឈានដល់ការឃាត់ខ្លួនជន សង្ស័យជាជនជាតិថៃ ចំនួន៣នាក់ និងខ្មែរម្នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ប្រមាណជាង២៥០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនសារធាតុញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចវាលព្រីង ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនឈានដល់ការបើកប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានកំណត់ មុខសញ្ញាច្បាស់លាស់ និងបានដាក់ពង្រាយកម្លាំងតាមដងផ្លូវ ដើម្បីស្ទាក់ឃាត់រថយន្តរបស់ជនសង្ស័យដែលមានរថយន្តស៊េរីទំនើបៗ ចំនួន៤គ្រឿង។ ក្នុងប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ចបានផ្ទុះអាវុធ បាញ់បំបែកបង់រថយន្តរបស់ក្រុមជនសង្ស័យ ទើបអាចឃាត់ខ្លួនក្រុមជនសង្ស័យបាន។ ហើយភ្លាមៗនោះ ជនសង្ស័យមួយ ចំនួន បានរត់គេចខ្លួន តែត្រូវបានកងកម្លាំងនគរបាលដេញតាមចាប់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយការឃាត់ខ្លួនក្រុមជនសង្ស័យ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យលើរថយន្តទំនើបទាំងនោះ បានប្រទះ ឃើញគ្រឿងញៀន ជាច្រើនសន្ធឹកសន្ធាប់ និងមានវិទ្យុសម្រាប់ទំនាក់ទំនង៣គ្រឿង និងគ្រាប់បែកដៃ ចំនួន២គ្រាប់ទៀតផង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិថៃ ចំនួន៣នាក់ និងខ្មែរម្នាក់ ព្រមទាំងចាប់យកវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន២២៥ដុំ ស្មើនឹង២២៥គីឡូក្រាម និង២៥៣ក្រាម។ ថ្នាំញៀនប្រភេទកេតាមីន ចំនួន ៣២ដុំ ស្មើនឹង ៣១គីឡូក្រាម និង៩២៣,២ក្រាម។ សរុបថ្នាំញៀនទម្ងន់ ២៥៧គីឡូក្រាម និង១៧៦,២ក្រាម។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី។ ជាមួយនេះ សមត្ថកិច្ចជំនាញក៏បន្តសហការស្រាវជ្រាវបង្ក្រាបមេខ្លោង និងបក្ខពួក ព្រមទាំងសហការស្រាវជ្រាវបង្ក្រាបបទល្មើសសម្អាតប្រាក់ផងដែរ៕

RELATED ARTICLES