Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចគ្រាប់ចន្ទីរាប់តោន ម្ចាស់គេទាន់ ជាប់ខ្នោះ៤

លួចគ្រាប់ចន្ទីរាប់តោន ម្ចាស់គេទាន់ ជាប់ខ្នោះ៤

ខេត្តប៉ៃលិន ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចបេះគ្រាប់ស្វាយចន្ទី នៅក្នុងចម្ការរបស់គេ អស់រយៈ ពេលជាង២ខែមកហើយ គិតជាគីឡូ លួចបានរាប់តោនឯណោះ លុះក្រោយមក ត្រូវម្ចាស់ចម្ការតាមទាន់ ក៏ប្តឹងសមត្ថកិច្ចចាប់ក្របួចជាប់ ជាបន្តបន្ទាប់សរុប ៤នាក់ នាំយក ទៅចាត់ការតាមច្បាប់។

ករណីចោរលួចគ្រាប់ស្វាយចន្ទីនេះ បានកើតឡើង កាលពីវែលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចម្ការចន្ទី មួយកន្លែង ជិតភ្នំដំបង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះញ៉ សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង (មានសារធាតុញៀន) ជាអ្នកលួច។ ទី២-ឈ្មោះយឹម រ៉ាត់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង (មានសារធាតុញៀន) ជាអ្នកលួច។ ទី៣-ឈ្មោះអំ ពេជ្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង (មានសារ ធាតុ ញៀន) ជាអ្នកលួច និងទី៤-ឈ្មោះភឿន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិក្រចាប់ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន (មានសារធាតុញៀន) ជាអ្នកយកគ្រាប់ស្វាយចន្ទី ទៅលក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋថា មានករណីលួចគ្រាប់ ស្វាយចន្ទី ក្នុងចម្ការរបស់ខ្លួន នៅចំណុចជិតភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ហើយត្រូវម្ចាស់ចម្ការឃាត់បានជនសង្ស័យនៅនឹងកន្លែងម្នាក់រួចមក សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ ខ្លួនជនសង្ស័យម្នាក់ ឈ្មោះញ៉ សារឿន នាំយកមកសាកសួរ។ ក្រោយសាកសួរជនសង្ស័យខាងលើ និងស្រាវ ជ្រាវបន្តតាមនីតីវិធីរួចមក សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាបក្ខពួក ចំនួន៣នាក់បន្ថែមទៀត (១-ឈ្មោះ យឹម រ៉ាត់ ២-ឈ្មោះអំ ពេជ្រ ៣-ឈ្មោះភឿន វុទ្ធី)។ ចំណែកវត្ថុតាងដកហូត រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ប៉ៃលិន 1D-4008។ ២-គ្រាប់ស្វាយចន្ទី ទម្ងន់ប្រហែល៣០គីឡូក្រាម។

ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះមុំ ធ្លក់ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន (បាត់គ្រាប់ស្វាយចន្ទី ចាប់ពីខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃកើតហេតុ ប្រហែល៣តោន)។ ទី២-ឈ្មោះជា ភារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន (បាត់គ្រាប់ស្វាយចន្ទី ចាប់ពីខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃកើតហេតុ អស់ប្រហែល១តោន) ។

តាមការរៀបរាប់ពីម្ចាស់ចម្ការ បានឱ្យដឹងថា មុនកើតហេតុ វេលាម៉ោងប្រហែល ១០និង៣០នាទីព្រឹក គាត់បានធ្វើដំណើរទៅមើលចម្ការស្វាយចន្ទីរបស់គាត់ នៅចំណុចកើតហេតុខាងលើ ឃើញថាផ្លែស្វាយចន្ទី ត្រូវបានគេលួចរើសអស់។ ដោយមានការសង្ស័យ គាត់បានជិះម៉ូតូឆ្វែលជុំវិញចម្ការ ក៏ប្រទះឃើញបាវដាក់គ្រាប់ស្វាយចន្ទី ១បាវ ទម្ងន់ប្រហែល៣០គីឡូក្រាម ហើយគាត់ដើរមើលជុំវិញចម្ការ ក៏ប្រទះឃើញជនសង្ស័យកំពុងលួចបេះ គ្រាប់ស្វាយចន្ទីគាត់ បានទម្ងន់ប្រហែល១០គីឡូក្រាម ឃើញដូច្នេះរូបគាត់ក៏បានឃាត់ខ្លួនជនសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចយកគ្រាប់ស្វាយចន្ទី ទៅលក់ប្រាកដមែន។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES